អានតួអត្ថបទ
ចិន-នយោបាយ

លោក Bo Xilai ​មេដឹកនាំ​​នៃទីក្រុង​​ Chongqing ​​ពន្យល់​​ពីរឿង​​អាស្រូវ​​

លោក​ Bo Xilai ​ ​ លេខាធិការ​នៃ​បក្ស​កុម្មុយនិស្តចិន​ដ៏​ខ្លាំងក្លា​នៃ​ទីក្រុងChongqing (ខាងឆ្វេង)
លោក​ Bo Xilai ​ ​ លេខាធិការ​នៃ​បក្ស​កុម្មុយនិស្តចិន​ដ៏​ខ្លាំងក្លា​នៃ​ទីក្រុងChongqing (ខាងឆ្វេង) REUTERS/Jason Lee
ដោយ៖ សៀក សារិន
១៧ នាទី

លោក​ Bo Xilai ​មេដឹកនាំ​នៃ​ទីក្រុង​ស្វយ័ត​ Chongqing​ ឋិតនៅ​ប៉ែកនិរតី​នៃ​ប្រទេស​ចិន​ ​ ដែលគេ​យល់ថា​ជាអ្នក​អាចមាន​អនាគត​ខ្ពង់ខ្ពស់​នៅក្នុង​រង្វង់​អ្នកដឹកនាំ​ចិន​ ​ បាន​ថ្លែង​ពន្យល់​ពីរឿង​អាស្រូវ​នៅ​ថ្ងៃសុក្រនេះ​នៅទីក្រុង​ប៉េកាំង។​ ក៏ប៉ុន្តែ​ពុំបាន​បំភ្លឺ​ឲ្យដឹង​ពី​អនាគត​របស់​ខ្លួនឡើយ។

ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល​មួយខែ​មកហើយ​ដែល​បញ្ហា​ជោគ​វាសនា​របស់​ លោក​ Bo Xilai ​ ​ លេខាធិការ​នៃ​បក្ស​កុម្មុយនិស្តចិន​ដ៏​ខ្លាំងក្លា​នៃ​ទីក្រុង​ស្វយ័ត​ Chongqing​ ឋិតនៅ​ប៉ែកនិរតី​នៃ​ប្រទេស​ចិន​ ​ ដែលជា​ទីក្រុង​ពិសោធន៍​ដ៏ធំ​ហើយដែល​បាន​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេសចិន​ ​ បាន​ត្រូវ​គេ​តាម​ដាន​យ៉ាង​ល្អិតល្អន់។

 
អ្នកវិភាគ​ជាច្រើន​យល់ថា​រឿងអាស្រូវ​ទាក់ទិន​នឹង​ការ​បាត់ខ្លួន​របស់​អ្នកជំនិត​ដៃស្តាំ​របស់​លោក​ Bo Xilai ​ ​ពោលគឺ​លោក​ Wang Lijun ​ កាលពី​ដើមខែ​កុម្ភៈ​កន្លងទៅ​ ​ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​អនាគត​របស់​លោក​ Bo Xilai ​។​ គួរបញ្ជាក់ថា​ ​ លោក​ Wang Lijun ​ជា​“មេប៉ូលិស”​និយម​ប្រើ​កម្លាំង​សាច់ដុំ​ដើម្បី​បោស​សម្អាត​ពួកជន​ទុច្ចរិត​ចេញពី​ទីក្រុង​ស្វយ័ត​ Chongqing​ ។

ប៉ុន្តែ​ ក្រោយពី​បាត់​សំឡេង​ឈឹង​អស់​មួយ​រយៈពេល​ធំ​ ​ ស្រាប់តែ​ លោក​ Bo Xilai ​បាន​ចេញមក​ថ្លែង​ពន្យល់​នៅថ្ងៃ​សុក្រនេះ​ថា​ ​ រូបលោក​ផ្ទាល់​ពុំបាន​ឋិតនៅ​ក្រោមការ​អង្កេត​អ្វីឡើយ។​ ហើយ​ទាក់ទិន​នឹង​ “ពាក្យចចាមអារ៉ាម”​ថា​លោក​បាន​ត្រូវ​គេ​កៀកចេញ​ពី​រង្វង់​អ្នកដឹកនាំ​កំពូល​ចិន​ក៏​គ្មានអ្វី​ជា​ការពិតដែរ។

នាឱកាស​សន្និសីទ​កាសែត​នៅថ្ងៃ​សុក្រនេះ​ ​ លោក​ Bo Xilai ​បាន​ថ្លែងប្រាប់​ថា​ ​ “ការចាប់ខ្លួន​ លោក​ Wang Lijun ​បាន​ធ្វើឲ្យ​លោក​មាន​ការ​ភ្ញាក់ផ្អើល”។​ ក៏​ប៉ុន្តែ​ លោក​ Bo Xilai ​បាន​បញ្ជាក់ថា​ ​ “​លោកបាន​សហការ​ជាមួយ​ការស៊ើប​អង្កេត​ទៅលើ​រូប​លោក​ Wang Lijun ​ ​ មុន​នឹងមាន​ការកោះហៅ​ទៅទៀត”​។​ លោក​ Wang Lijun ​ដែលបាន​រត់ទៅ​សុំ​ជំនួយ​នៅ​ស្ថាន​កុងស៊ុល​អាមេរិក​ឋិត​នៅជិត​ ទីក្រុង​ Chongqing​ ។

គួរកត់​សម្គាល់ថា​ ​ នាឱកាស​ជំនួប​ប្រជុំ​ពេញអង្គ​នៃ​សភា​ប្រជាមានិតចិន​នៅ​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍នេះ​រហូត​ដល់​ថ្ងៃពុធ​ខាងមុខនេះ​ ​ អ្នក​សង្កេតការណ៍​នឹង​តាម​ដាន​យ៉ាងល្អិតល្អន់​ទៅលើ​រាល់​ទង្វើ​និង​ឥរិយាបថ​របស់​​ លោក​ Bo Xilai ​។​ ​ លោក​ Bo Xilai ​ ដែលមាន​មហិច្ឆតា​ចង់ចូលជា​សមាជិក​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ដែលជា​ “​បេះដូង​នៃ​រដ្ឋអំណាច”​។

សូមបញ្ជាក់ថា​ លោក​ Bo Xilai ​ដែលជា​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ គ្មាន​វត្តមាន​ឡើយ​ នាឱកាស​ជំនួប​ប្រជុំ​នៃ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ ដោយ​លោក​ Bo Xilai ​បាន​ថ្លែង​ពន្យល់ថា​ ​ បណ្តាល​មកពី​លោក​មាន​ជម្ងឺ​គ្រុនផ្តាសាយ។

ជំនួប​ប្រជុំ​ពេញអង្គ​នៃ​សភា​ប្រជាមានិតចិន​នៅ​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍នេះ​គឺជា​ជំនួប​ប្រជុំ​ចុងក្រោយ​បំផុត​ ​ មុននឹង​មាន​ការ​រុះរើ​សមាសភាព​នៃ​ក្រុម​អ្នកដឹកនាំ​កំពូល​ចិន​នៅ​សរទរដូវ​ខាងមុខ។

សម្រាប់​អ្នកវិភាគ​ជាច្រើន​ ​ ការទម្លាក់​លោក​ Wang Lijun ​ដែលជា​អ្នក​ជំនិត​ដៃស្តាំ​របស់​លោក​ Bo Xilai ​ ​ គឺ​អាច​កើតចេញ​ពី​ទីក្រុង​ប៉េកាំង​ដែលចង់​ខាឃាំង​ពុំឲ្យ​ លោក​ Bo Xilai ​អាចឈាន​ទៅ​កាន់កាប់​មុខតំណែង​កំពូល​នៃ​ប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ