អានតួអត្ថបទ
ចិន

លោក Bo Xilai អ្នកម៉ៅនិយមចិន​បែប​ថ្មី ខ្ទាត​ចេញ​ពី​អំណាច

Bo Xilai, l'Ex N°1 de Chongqing, Chine
Bo Xilai, l'Ex N°1 de Chongqing, Chine © Reuters
ដោយ៖ អៀង សុខម៉ិញ
១៧ នាទី

​អន្តរកាល​នយោបាយ​ ​ ជា​ឱកាស​មួយ​ដែល​ឥស្សរជន​នយោបាយ​ ​ នាំ​គ្នា​​​ បញ្ចេញ​ឆ្មុង​រៀងៗ​ខ្លួន​ដើម្បី​ដណ្តើម​យក​តួនាទី​​កំពូលៗ និង​សំខាន់ៗ ប៉ុន្តែ​ នៅ​ប្រទេស​ចិន​អ្វីៗ​ហាក់​ត្រូវ​បាន​គេ​រៀប​ចំ​រួច​ស្រេច​ហើយ និង​​​​ជា​ពេល​វេលា​ដ៏​គ្រោះ​ថ្នាក់​បំផុត​ ​! នេះ​ជា​ករណី​លោក​​អភិបាល​ក្រុង ចុងឈីង Bo Xilai។ ជា​មនុស្ស​មាន​ស្នាដៃ មាន​សមត្ថភាព​ ជា​កូន​របស់​មេ​បដិវត្ត​ម្នាក់ សម័យ​ ម៉ៅសេទុង ចង់​ធ្វើ​ជា​​គូ​ប្រជែង​ដណ្តើម​តួនាទី​ប្រធានាធិបតី​ចិន​ អណត្តិ​ក្រោយ ប៉ុន្តែ​​ ​ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល​ ជីវិត​នយោបាយ​របស់​ត្រូវ​បញ្ចប់​ ឈឹង​ តែ​ត្រឹម​ថ្ងៃ​នេះ ពោល​គឺ​៦​ខែ​ មុន​ថ្ងៃ​បើក​សមាជបក្ស​លើក​ទី​១៨​ទៅទៀត​ ! បក្ស​កុម្មុយនិស្តចិន​​ បាន​ប្រកាស​ដក​លោក​ចេញ​ពី​តំណែង ដូច​គេ​ដកស្មៅ !

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​ដក លោក Bo Xilai ដោយ​ទី​ភ្នាក់ងារ​​ចិន​ថ្មី ​នៅ​វេលា​ម៉ោង​១០​ព្រឹក ម៉ោង​នៅ​ប្រទេស​ចិន គឺ​ដូច​សំឡេង​រន្ទះ​ ពុះបំបែក​​ជីវិត​​នយោបាយ​ចិន ! ឥស្សរជន​ម្នាក់ ដែល​ អ្នក​វិភាគ​នយោបាយ​​យល់​ថា​កំពុង​ប្រកួត​ប្រជែង​ យក​តួនាទី​​ប្រធានាធិបតីចិន នៅ​ឆ្នាំ​ក្រោយ​ ស្រាប់​តែ​ត្រូវខ្ទាត​ចេញ​ពី​តំណែង​​ជា​លេខាបក្ស​ក្រុង​ចុងឈីង (Chongqing) ដែល​មាន​ប្រជាជន​រស់​នៅ​ប្រមាណ​៣០​លាន​នាក់ ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។ តំណែង​អភិបាល​ក្រុង​នេះ ត្រូវ​ជំនួស​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ដែល​ជា​មនុស្សស្និទ្ធ​ នឹង​លោក​ហ៊ូជិនតាវ ប្រធានាធិបតី​បច្ចុប្បន្ន​ ។

គ្រាន់​តែ​លេច​ឮ​ដំណឹង​នេះ​​ភ្លាម ប្រតិកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណែត Twitter ... បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ស្ទើរ​គាំង​ស្ទះ​ប្រព័ន្ធ។ បណ្តាជនចិន​​ជា​ច្រើន​ ជាពិសេស​អ្នក​ចុងឈីង យល់​ថា​​ លោក ប៉ូ ស៊ីឡៃ ​សក្តិសម​ជា​ប្រមុខ​ដឹកនាំ​ប្រទេស ព្រោះ​មាន​អំណោយ​ទាន​ពី​កំណើត មាន​សមត្ថភាព ​មាន​ស្នាដៃច្រើន ធ្លាប់​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​បាន​បម្រើ​ក្នុង​ជួរ​បក្ស​​ជា​ផ្លូវការ​ តាំង​ពី១៩៨០​មក​។

មាន​អាយុ​៦២​ឆ្នាំ ជា​កូន​​អ្នក​បដិវត្ត​ដំបូង​ម្នាក់​របស់​ចិន លោក ប៉ូស៊ីឡៃ ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ នៅ​ចុងឈីង និង​ដែល​ជួន​កាល​ក្រអើត​ក្រទម​បន្តិច​ផង បាន​បង្ហាញ​មហិច្ឆតា ចង់​ក្តោប​អំណាចថ្នាក់​​ជាតិ​ និង​ចង់​ចូល​ជា​សមាជិក​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​​ការិយាល័យ​នយោបាយ​​ របស់​បក្ស​កុម្មុយនិស្ត​ចិន​ ដែលជា​ “​បេះដូង​នៃ​អំណាចចិន”ជ្រុល​ហួស​​ពេក។ ម្យ៉ាង​ទៀត កាលពី​មួយ​ឆ្នាំ​មុន លោក​បាន​លាត​ត្រដាង​និន្នាការ​នយោបាយ​ ជា​អ្នក​ "ម៉ៅនិយម​” ដោយ​ចំហ​ពេក។ ជា​ហេតុ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សព្វ​ថ្ងៃ ដែល​ជា​អ្នក​កំណែទម្រង់​និយម​ មិន​សប្បាយ​ចិត្ត។ អ្នក​កំណែទម្រង់​និយម ក្រុម​របស់​លោក ហ៊ូជិនតាវ ប្រធានាធិបតី​បច្ចុប្បន្ន ដែល​ប្រុង​ប្រយ័ត្ន​ខ្លាំង​នឹង​ការ​ស្ទុះ​ឡើង​នៃ​ក្រុម​ម៉ៅនិយម​បែប​ថ្មី​នេះ (ក្រុម​កូន​ចៅ​មេ​បដិវត្ត​មុនៗ)។

ដូច្នេះ ការ​ដក​តំណែង​លោក​ ប៉ូស៊ីឡៃ មិន​មែន​ជា​រឿងដែល​​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ពេក​ទេ។ កាលពី​ដើម​ ​កុម្ភៈ​ លោក​Wang Lijun ​ដៃ​ស្តាំ​របស់​លោក ​Bo Xilai ត្រូវ​បាន​ក្រុង​ប៉េកាំង​ដក​ចេញ​ពី តំណែង​ បន្ទាប់​ពី​បាន​បាត់​ខ្លួន និង​ក្រោយ​មក​បាន​ភៀស​ខ្លួន​ទៅ​ជ្រក​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អាមេរិកាំង​ គឺ​ជា​ការ​ព្រមាន​លោក​ ប៉ូស៊ីឡៃ​ កុំ​ឱ្យ​ស្រមើ​ស្រម៉ៃ​ ចង់​ទៅ​កាន់​កាប់​មុន​តំណែង​កំពូល​រួច​ស្រេច​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ