កម្ពុជា

ព្រះបរមរាជវាំង​ទទួល​ញត្តិ​ស្នើ​អន្តរាគមន៍​ពី​អ្នក​បឹកកក់​ និង​បូរី​កីឡា​

អ្នក​ភូមិ​បឹងកក់​និង​អ្នកបុរី​កីឡា​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​បន្ត​ទៀត​នៅថ្ងៃចន្ទ១១មិថុនានេះ
អ្នក​ភូមិ​បឹងកក់​និង​អ្នកបុរី​កីឡា​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​បន្ត​ទៀត​នៅថ្ងៃចន្ទ១១មិថុនានេះ RFI/Siv Channa

អ្នក​​​ភូមិ​​បឹងកក់​​និង​​អ្នក​​បុរី​​កីឡា​​បាន​​ស្វែង​រក​​អន្តរាគមន៍​​ពី​​ព្រះមហាក្សត្រ​​បន្ត​​ទៀត​​នៅ​​ថ្ងៃ​​ចន្ទ​​នេះ។​ លើក​​នេះ ​តំណាង​​អ្នក​​ភូមិ​​បឹងកក់​​និង​​បុរី​​កីឡា​​២​​នាក់​​ត្រូវ​​បាន​​អនុញ្ញាត​​អោយ​​ចូល​​ព្រះបរម​​រាជវាំង​​ដើម្បី​​ដាក់​​ញត្តិ។​ រី​ឯ​​ស្ត្រី​​អ្នក​​ភូមិ​​បឹងកក់​​ដែល​​ជាប់​​ក្នុង​​ពន្ធនាគារ​​នោះ​​ ​បាន​​ចាប់​​ផ្តើម​​ធ្វើ​​កូដកម្ម​​អត់​​អាហារ​​ហើយ​​ចាប់​​តាំង​​ពី​​ថ្ងៃ​​អាទិត្យ​​ម្សិលមិញ។​

ផ្សាយពាណិជ្ជកម្ម

ក្រោយ​​ពី​​បាន​​ដើរ​​ក្បួន​​ដង្ហែ​​ញត្តិ​​ទៅ​​ដល់​​មុខ​​ព្រះ​បរម​រាជវាំង ​អ្នក​​តវ៉ា​​ប្រុស​ស្រី​​ក្មេង​​ចាស់​​មាន​​កាន់​​បដា​​ពាក្យ​​ស្លោក​​អំពាវនាវ​​រក​​ជំនួយ​​ពី​​ព្រះ​មហាក្សត្រ​​ផង​​នោះ ​តំណាង​​​២​​នាក់​​​ត្រូវ​​បាន​​អនុញ្ញាត​​​អោយ​​ចូល​​​ព្រះ​បរម​រាជវាំង​​ដើម្បី​​ដាក់​​ញត្តិ។​​​ អ្នក​ស្រី​​ចោម​ បុប្ផា​​ តំណាង​​អ្នក​ភូមិ​​បឹងកក់​​បាន​​មាន​ប្រសាសន៍​​ក្រោយ​​ពេល​​ចេញពី​​ព្រះ​បរមរាជវាំង​​វិញ​​ថា​ មន្ត្រី​​ខុទ្ទកាល័យ​​ព្រះមហាក្សត្រ​​បាន​​ចុះ​​ហត្ថលេខា​​ទទួល​​យក​​ញត្តិ​​នោះ​ហើយ​ដោយ ​សន្យា​ថា​នឹង​ជួយ​អន្តរាគមន៍។ ការ​សន្យា​ដែល​បាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​រងគ្រោះ​ដោយ​សារ​ការ​បណ្តេញ​ចេញ។

ដូច​រាល់​ដង​ដែរ អ្នកភូមិ​បុរី​កីឡា​ស្នើ​ព្រះ​មហាក្សត្រ​អន្តរាគមន៍​ដើម្បី​អោយ​ក្រុមហ៊ុន​សាងសង់​អគារ​គេហដ្ឋាន​២​ទៀត​អោយ​ពួកគេ។ រី​ឯ​អ្នក​ភូមិ​បឹងកក់​វិញ ពួកគេ​ទាមទារ​អោយ​អាជ្ញាធរ​ដោះ​លែង​ស្ត្រី​ទាំង​១៣​នាក់និង​មនុស្ស​ប្រុសស្រី​២​នាក់​ទៀត​ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស​ពី​ពន្ធនាគារ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ផ្សាយ​អោយ​ដឹង​ថា ស្ត្រី​៤​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​១៥​នាក់​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ហើយ។ ស្ត្រី​ទាំង​៤​នាក់​នោះ​រួម​មាន​ឈ្មោះ ទេព វន្នី
ឆេង លាភ​ គង់ ចន្ថា និង​ ស៊ុន ស្រី​លាភ។

សំណុំ​រឿង​ក្តីក្តាំ​ស្ត្រី​អ្នកភូមិ​បឹងកក់​ទំនង​ជា​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ផ្នែក​នីតិវិធី​ផ្លូវ​ច្បាប់។ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​តវ៉ា​យ៉ាង​ខ្លាំង​រហូត​ដល់​ពេល​នេះ។ កន្លង​មក​មាន​អង្គការ​ជាតិ​និង​តំបន់​ដែល​ធ្វើ​ការ​ងារ​លើ​សិទ្ធិស្ត្រី។

នៅ​ថ្ងៃ​នេះ​ទៀត មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​បង្ហាញ​ការ​វិភាគ​ទម្រង់​ច្បាប់​ដែល​បញ្ជាក់​ថា ការ​ឃុំ​ខ្លួន​ស្ត្រី​អ្នកភូមិ​បឹងកក់​គឺ​ជា​បរាជ័យមួយ​នៃ​ប្រព័ន្ធ​យុត្តិធម៌។ មជ្ឈមណ្ឌល​នេះ​បន្ត​ថា សេចក្តីសម្រេច​របស់​តុលាការ​នេះ គឺ​ជា​ការ​​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI