កម្ពុជា

គណៈ​កម្មការ​ចម្រុះ​ព្រំដែន​នឹង​ស្វែងរក​បង្គោល​ព្រំដែន​ក្រៅ​តំបន់​ប្រាសាទ​ព្រះវិហារ​

លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រំដែន​
លោក ​វ៉ា ​គឹមហុង​ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ព្រំដែន​ RFI/Siv Channa

គណៈកម្មការ​​ចម្រុះ​​ខណ្ឌ​​សីមា​​ព្រំដែន​​គោក​​កម្ពុជា​​ថៃ​​នឹង​​បើក​​កិច្ច​​ប្រជុំ​​នៅ​ថ្ងៃ​​ទី​​១៣​​និង​​១៤​​កុម្ភៈ។​ កិច្ច​​ប្រជុំ​​នេះ​​នឹង​​ត្រូវ​​ប្រព្រឹត្តទៅ​​នៅ​ក្នុង​​ប្រទេស​​ថៃ។​ ប្រតិភូ​​កម្ពុជា​​ដែល​ចូល​រួម​​ក្នុង​​កិច្ច​​ប្រជុំ​​ដ៏​​សំខាន់​​នេះ​នឹង​​ត្រូវ​​ដឹកនាំ​​ដោយ​​លោក ​​វ៉ា ​គឹម​ហុង​ទេស​រដ្ឋ​មន្ត្រី​​ទទួល​​បន្ទុក​​ព្រំដែន។​​ ភាគី​​ជំនាញ​​ព្រំដែន​​កម្ពុជា​​ថៃ​​នឹង​​ជជែក​​អំពី​​ការ​​វាស់វែង​​ព្រំដែន​និង​​ការ​​ស្វែង​រក​​បង្គោល​​ព្រំដែន​​ចាស់​​នៅ​​ក្រៅ​​តំបន់​​ប្រាសាទ​​ព្រះវិហារ។​

ផ្សាយពាណិជ្ជកម្ម

កម្ពុជា​នឹង​បញ្ជូន​ប្រតិភូ​ជំនាញ​ព្រំដែន​របស់​ខ្លួន ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​រយៈ​ពេល​២​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ថៃ។ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ភាគី​ថៃ​កំណត់​រួចហើយ​សម្រាប់​ថ្ងៃ​ទី​១៣ និង​១៤​ខែ​កុម្ភៈ។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៨​មករា ប្រកាស​ថា​កម្ពុជា​យល់ព្រម​ចូលរួម​ប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​នេះ តាម​ការ​អញ្ជើញ​របស់​ភាគី​ថៃ។ ហើយ​ថា ប្រតិភូ​កម្ពុជា​នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក វ៉ា គីមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​នេះ និង​លោក​ ឡុង វីសាឡូ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ខ្មែរ កិច្ច​ប្រជុំ​២​ថ្ងៃ​នេះ នឹង​និយាយ​អំពី​ការ​វាស់វែង​ព្រំដែន ការ​ស្វែងរក​បង្គោល​ព្រំដែន​ដែល​នៅ​សល់ នៅ​តំបន់​ក្រៅ​ពី​តំបន់​ប្រាសាទ​​ព្រះវិហារ។

ក្រុម​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា​ថៃ​ទំនង​ជា​បាន​ព្រមព្រៀងគ្នា​បន្ត​ការងារ​វាស់វែង និង​ស្វែងរក​បង្គោល​ព្រំដែន​ចាស់​សល់​ពី​សម័យ​បារាំង ដោយ​មិន​ប៉ះពាល់​តំបន់​ប្រាសាទ​ព្រះវិហារ ដោយសារ​តែ​កម្ពុជា និង​ថៃ​ត្រូវ​នៅ​រង់ចាំ​ការ​បកស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ លើ​សាលក្រម​ឆ្នាំ​១៩៦២​ដែល​កម្ពុជា​បាន​ស្នើ។

គួរ​រម្លឹកថា ដោយសារ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​​កម្ពុជា​ថៃ បាន​ខកខាន​មិន​បាន​ជួបគ្នា​ជាង​២​ឆ្នាំ​មក​ហើយដើម្បី​និយាយ​អំពី​ការ​វាស់វែង​ព្រំដែន​នេះ។ មុន​នេះ គណៈកម្មការ​ចម្រុះ​មួយ​បាន​រកឃើញ​បង្គោល​ព្រំដែន​ចាស់​សម័យ​បារាំង​បាន​៤៣​បង្គោល​ហើយ ក្នុង​ចំណោម​បង្គោល​ចាស់​ទាំងអស់​ដែល​មាន​៧៣​បង្គោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI