អានតួអត្ថបទ
កម្ពុជា

ទឹក​ជំនន់​រំខាន​ដល់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​

ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ឆ្នាំ​នេះ​បាន​រំខាន​ពុទ្ធបរិស័ទ​មួយ​ចំនួន​មិន​អោយ​ទៅ​វត្ត។​
ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ឆ្នាំ​នេះ​បាន​រំខាន​ពុទ្ធបរិស័ទ​មួយ​ចំនួន​មិន​អោយ​ទៅ​វត្ត។​ RFI/Chheang Bopha
ដោយ៖ គី សុខលីម
១៨ នាទី

មន្រ្តី​​ជាន់​​ខ្ពស់​នៃ​​ក្រសួង​​ធម្មការ​​និង​​សាសនា​​បាន​​និយាយ​ថា ​ទឹក​​ជំនន់​​ទឹក​ភ្លៀង​​នៅ​ឆ្នាំ​​នេះ​​បាន​​រំខាន​​ពុទ្ធ​បរិស័ទ​​មួយ​​ចំនួន​​មិន​​អោយ​​ ទៅ​​វត្ត។បុគ្គលិក​​ធ្វើការ​​នៅ​​ទីក្រុង​​មួយ​​ចំនួន​​បាន​​និយាយ​​ថា ​ពួក​គេ​​មិន​​អាច​​ទៅ​​ស្រុក​​កំណើ​​ត​បាន​​ទេ​​ដោយ​សារ​​​ទឹក​ជំនន់​​បាន​​កាត់​​ ផ្តាច់​ផ្លូវ​​មួយ​ចំនួន​​ហើយ។​ ប៉ុន្តែ​​​អ្នក​ខ្លះ​​ទៀត​​បាន​​និយាយ​​ថា ​ពួក​គេ​​ត្រូវ​តែ​​ទៅ​​បើ​ទោះ​បី​​ជិះ​​ទូក​​ក៏​​ដោយ។​

ផ្សាយពាណិជ្ជកម្ម

 

លោក ដោក ណារិន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា​​បាន​និយាយ​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ទឹក​ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​យាយី​ពិធី​បុណ្យ​ប្រពៃណី​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​២០១១​នេះ។

មន្រ្តី​ជាន់​ខ្ពស់​រូប​នេះ​បាន​បន្ត​ទៀត​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ទឹកជំនន់​បាន​វាយ​ប្រហា​មក​លើ​​ប្រទេស​កម្ពុជា​ចំ​ថ្ងៃ​ភ្ជុំ​បិណ្ឌ។ ប្រពលរដ្ឋ​នៅតាម​ខេត្ត​មួយ​ចំនួន​ពិបាក​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​វត្ត​អារាម​ណាស់​ពីព្រោះ​ផ្លូវ​និង​វត្ត​មួយ​ចំនួន​ត្រួវ​បាន​លិចលង់។

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​ទន្លេមេគង្គ​និង​ទឹកជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ខេត្តក្រុងចំនួន​១៥​​ក្នុង​ចំណោម​២៤​ខេត្តក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ទឹកជំនន់​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៤០ នាក់​គិត​ចាប់តាំង​​ពីចុង​ខែ​សីហា​រហូត​មកដល់​ពេល​នេះ​។

ខេត្ត​កំពង់ធំ មាន​មនុស្ស​ស្លាប់ ១៥ នាក់ និង​ខេត្ត​កំពង់ចាម មាន​ជាង ១០ នាក់។ គេ​ពុំទាន់​មាន​តួលេខ​ពិតប្រាកដ​អំពី​ចំនួន​វត្ត​លិចលង់​ដោយសារ​ទឹក​ជំនន់​នោះ​ទេ​ប៉ុន្តែ​​ប្រជាជន​នៅ​ក្នុងខេត្ត​សៀមរាប​មួយ​ចំនួន​បាន​បញ្ជាក់​ប្រាប់​ថា វត្ត​នៅ​ក្បែរស្ទឹង​សៀម​រាប​មួយ​ចំនួន​ដែល​ទឹកលិច​មិនសូវ​មាន​មនុស្ស​ទៅ​ទេ។

អ្នកស្រី ចាន់ ថា ប្រជាជន​នៅ​ខេត្ត​សៀមរាប​ដែល​បាន​ទៅ​ដាក់​បិណ្ឌ​ចំនួន​៩​វត្ត​ហើយ​នោះ​ បាន​សារភាព​ប្រាប់ថា អ្នកនាង​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់វត្ត​លិចទឹកទេ​ពីព្រោះ​​ការធ្វើ​ដំណើរ​មានការលំបាក។

ងាក​មក​និយាយ​ពី​ខេត្ត​កំពង់ធំ​វិញ ប្រជាជន​នៅ​ក្នុង​ស្រុក​សន្ធុក​បាន​នាំ​គ្នា​ជួលទូក​ដើម្បី​ធ្វើ​ដំណើរ​កាត់​ទឹកភ្លៀង​ទៅ​កាន់វត្ត​នានាដែលកំពុង​លិចទឹក​។ ដូច​គ្នា​អ៊ីចឹងដែរ​នៅ​ក្នុងខេត្ត​កំពង់ចាម ប្រ​ជាជន​នៅ​ក្នុងស្រុក​ស្រីសន្ធរ​បាន​ថ្លែង​ប្រាប់​តាម​ទូរស័ព្ទមកថា ប្រជាជន​នាំគ្នា​ជិះទូកទៅធ្វើបុណ្យ​នៅតាមវត្ត។ ប្រជាជនមាន​ការលំបាកមែន​​ប៉ុន្តែ​ពួកគេ​ត្រូវតែ​ព្យាយាម​​​ធ្វើ​បុណ្យ​។ បុណ្យភ្ជុំបិណ្ឌ​មួយឆ្នាំ​មានតែ​ម្តង។

ដោយសារតែ​ទឹកជំនន់ទឹកភ្លៀង​និង​ទឹកជំនន់ទន្លេមេគង្គ អ្នកធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ​មួយ​ចំនួន​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើតទេ​ពីព្រោះ​ផ្លូវ​មួយចំនួន​ត្រូវ​បាន​កាត់ផ្តាច់​ដោយសារ​ទឹកជំនន់។ កញ្ញា សុភា​ ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​បាន​និយាយ​ប្រាប់នៅថ្ងៃសៅរ៍នេះថា ខ្លួនគេ​មិនបាន​ត្រលប់​ទៅស្រុកកំណើត​នៅ​កំពង់ចាមវិញ​ទេនៅ​ឆ្នាំ​នេះ​​ពីព្រោះ​ឪពុក​ម្តាយ​បាន​ទូរស័ព្ទប្រាប់ថា ផ្លូវ​ចូល​ទៅ​កាន់ភូមិ​នៅ​ក្នុងស្រុកស្រីសន្ធរ​ខេត្ត​កំពុង​ចាម​ត្រូវ​បាន​ទឹកជំនន់​ហូរកាត់។

កញ្ញា សុភា បាន​សម្តែង​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ទាល់​តែសោះ។ មិន​សប្បាយ​ចិត្ត​ពីព្រោះ​ថា​​កញ្ញា​មិន​បាន​ចូលរួម​​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ស្រុក​កំណើត​នៅឆ្នាំ​នេះ៕

សូមបញ្ជាក់ថា បើ​ទោះ​បីជា​ប្រទេស​ជាតិ​កំពុង​រង​ការ​វាយ​ប្រហា​ពី​ទឹកជំនន់​ក៏​ដោយ​ក៏​ពុទ្ធបរិស័ទ​​នៅ​តែ​ព្យាយាម​ទៅ​វត្ត​ធ្វើ​បុណ្យ​ដាក់​ទាន​​ប៉ុន្តែ​គ្រាន់តែ​ចំនួន​អ្នកចូល​រួម​នៅឆ្នាំ​នេះ​អាច​មាន​ចំនួន​តិចជាង​ឆ្នាំមុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ