ចិនឆ្លៀតទាញប្រយោជន៍ប្រេង ពេលប្រេស៊ីល ងរដាក់អាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទ ទី ២១តុលានេះ រដ្ឋាភិបាលប្រេស៊ីលបើកការដេញថ្លៃលើអាជីវកម្មបូមប្រេង Libra។ ក្រុមហ៊ុនយក្សប្រេងរបស់ចិនចំនួនបីចូលរួម ដេញថ្លៃ ជាមួយក្រុមហ៊ុនបរទេស១១ ផ្សេងទៀត។ តាំងពីថ្ងៃព្រហស្បតិ៍ ចុងសប្តាហ៍មុន បុគ្គលិក និងកម្មករសហជីព ធ្វើការនៅស្ថានីយ៍បូមប្រេងក្នុងប្រទេសប្រេស៊ីល បាននាំគ្នាធ្វើបាតុកម្ម នៅមុខក្រុមហ៊ុនប្រេងជាតិ Petrobras ដើម្បីប្រឆាំងនឹងមិនឲ្យក្រុមហ៊ុនបរទេសទាញយកប្រយោជន៍ពីក្រុមហ៊ុនប្រេងជាតិ។
បុគ្គលិកប្រមាណ ៤ម៉ឺននាក់របស់ក្រុមហ៊ុនប្រេងដ៏ធំ Petrobras របស់ប្រទេសប្រេស៊ីលបានសន្យាធ្វើបាតុកម្ម ក្នុងរយៈពេលគ្មានកំណត់ ពោល គឺ រហូតដល់ពេលពួកគេបានទទួលការយល់ព្រមពីរដ្ឋាភិបាល គឺផ្អាកឈប់ឲ្យក្រុមហ៊ុនបរទេសដេញថ្លៃយកអាជីវកម្មប្រេងរបស់ជាតិបាន។ ការទាមទាររបស់បុគ្គលិកប្រេស៊ីល នឹងមិនអាចសម្រេចទៅបានទេ។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចប្រេស៊ីលបានបញ្ជាក់រួចហើយពីសារៈសំខាន់នៃការវិនិយោគលើកនេះ។ អាងប្រេងកាតក្រោមសមុទ្រ Libraនឹងនាំមកឲ្យប្រេស៊ីលនូវទឹកប្រាក់វិនិយោគ១៨០ពាន់លានដុល្លារ ក្នុងរយៈពេល ៣៥ឆ្នាំទៅមុខ។
អាងប្រេងក្រោមសមុទ្រLibra ដែលស្ថិតនៅប្រមាណ ១៨០គីឡូម៉ែត្រពីទីក្រុង Rio de jeneiro ត្រូវបានគេរកឃើញ នៅឆ្នាំ ២០០៧។ ជាដំណឹងល្អមួយសម្រាប់សេដ្ឋកិច្ចប្រេស៊ីល ដែលពេលនេះកំពុងត្រូវគេចាត់ចូលក្នុងចំណោមប្រទេសទើបមានសេដ្ឋកិច្ចរីកលូតលាស់ថ្មី ជាមួយចិន រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ គេបានប៉ាន់ប្រមាណថា អាងប្រេង Libraនឹងអាចផ្តល់ប្រេងឆៅពី៨ ទៅ ១២ពាន់លានធុង។ ពោលគឺអាងប្រេង Libra តែមួយកន្លែងនឹងផ្តល់ប្រេងប្រមាណ១លានធុង ក្នុងមួយថ្ងៃៗ ក្នុងពេលដែលសព្វថ្ងៃនេះ អាជីវកម្មផលិតប្រេងនៅទូទាំងប្រេស៊ីលផ្តល់ប្រេងសរុប២លានធុង ក្នុងមួយថ្ងៃ។
ដោយមើលឃើញ សារៈសំខាន់ និងទឹកប្រាក់មហាសាលបានមក ពី គម្រោងនេះ ទើប រដ្ឋមន្រ្តីការពារជាតិប្រេស៊ីលបានបញ្ជាក់ហើយថា ទាហាន និងប៉ូលិសរាប់រយនាក់នឹងត្រូវពង្រាយ យាមជុំវិញ កន្លែងដែលការដាក់ដេញថ្លៃនឹងប្រព្រឹត្តធ្វើឡើង។ រដ្ឋាភិបាលប្រេស៊ីលចង់ណាស់បំពេញចិត្តប្រជាជនប្រេស៊ីល ជាពិសេស នៅក្នុងពេលការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយ កាន់តែខិតចូលមកដល់។ ប៉ុន្តែ លោកស្រីប្រធានាធិបតី Dilma Rousseff ដែលធ្លាក់ប្រជាប្រិយភាព គ្មានជម្រើសទេ នៅពេលបច្ចុប្បន្ននេះ។
ប្រេងក្រោមសមុទ្រប្រេស៊ីលនឹងមានតម្លៃមហាសាល ក៏ពិតមែនហើយ ប៉ុន្តែ ដើម្បីបូមយកវាបាន គេត្រូវការចំណាយខ្ពស់ និងប្រថុយគ្រោះថ្នាក់ភូមិសាស្ត្រច្រើន។ អាងប្រេងLibra ស្ថិតនៅជម្រៅ៧ពាន់ម៉ែត្រ ក្រោមផ្ទាំងថ្ម និងស្រទាប់អំបិល នៅបាតសមុទ្រ។ ក្រុមហ៊ុនប្រេងដ៏ធំរបស់ប្រេស៊ីល គឺ Petrobras តែម្នាក់ឯង មិនអាចគ្រប់គ្រង និងធ្វើបានទេ។ ជារួម រដ្ឋាភិបាលត្រូវការការសហការពីក្រុមហ៊ុន វិនិយោគបរទេស ព្រោះការជីកយកប្រេងនៅLibraជាប្រតិបត្តិការដ៏លំបាកស្មុគស្មាញ។
នៅក្នុងការដេញថ្លៃ រដ្ឋាភិបាលប្រេស៊ីលកំពុងស្វែងរកក្រុមហ៊ុនដៃគូណាដែលនឹងហ៊ានផ្តល់ប្រេងច្រើនដល់រដ្ឋាភិបាល។ លើសពីនោះ ក្រុមហ៊ុនប្រេងជាតិ Petrobras នៅតែជាម្ចាស់កម្មសិទ្ធិផ្តាច់មុខក្នុងអាជីវកម្ម គឺមានម្ចាស់ភាគហ៊ុនប្រមាណ៤៦ភាគរយ ចំណែក ក្រុមហ៊ុនបរទេសគ្រាន់តែ ជាអ្នកជីក បូម និងចែកប្រយោជន៍ប្រេងជាមួយរដ្ឋាភិបាល។ ឧបសគ្គច្រើន និងមិនបានទទួលប្រយោជន៍ច្រើនធ្វើឲ្យក្រុមហ៊ុនប្រេងធំៗរបស់អាមេរិក និងអង់គ្លេស ជាដើម មិនចូលរួម នៅក្នុងការដាក់ដេញថ្លៃលើកនេះ។ ការមើលមុខគ្នាមិនចំរវាងរដ្ឋាភិបាលប្រេស៊ីល និងអាមេរិក បន្ទាប់ពីបែកលេចធ្លាយរឿងស្តាប់លួចការណ៍សម្ងាត់របស់អាមេរិកលើក្រុមហ៊ុនប្រេង Petrobras ក៏អាចជាមូលហេតុមួយដែលធ្វើឲ្យក្រុមហ៊ុនប្រេងអាមេរិកអវត្តមាននៅក្នុងការដេញថ្លៃ នៅថ្ងៃចន្ទនេះ។
ប្រេស៊ីលបែរខ្នងដាក់អាមេរិក។ គឺចិនដែលនៅតែស្រក់ទឹកមាត់ចំពោះសម្បត្តិធម្មជាតិសម្បូរបែបរបស់ប្រេស៊ីល កំពុងចាំត្រងយកប្រយោជន៍។ ចិនដែលទើបជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចូលប្រេងច្រើនជាងគេ នៅលើពិភពលោក បានបញ្ជូនក្រុមហ៊ុនប្រេងជាតិរបស់ខ្លួនធំៗពីរ និងក្រុមហ៊ុនឯកជនមួយទៅចូលរួមក្នុងការដេញថ្លៃអាងប្រេងរបស់ប្រេស៊ីល។ តាមការសិក្សារបស់ស្ថាប័នស្រាវជ្រាវErnst &Young ក្រុមហ៊ុនចិនអាចផ្តល់ប្រេងច្រើនជាង ៥០ភាគរយដែលផលិតបាន ទៅឲ្យរដ្ឋាភិបាលប្រេស៊ីល។
ចិនហ៊ានឲ្យថ្លៃ ដើម្បីបានទទួលសិទ្ធិទាញប្រយោជន៍ពីប្រេងប្រេស៊ីល។ ចិនសំឡឹងឃើញប្រយោជន៍ធនធានធម្មជាតិប្រេស៊ីល។ នេះមិនមែនជារឿងថ្មីទេ។ សមាជិកទាំងពីររបស់ក្រុមប្រទេសទើបមានសេដ្ឋកិច្ចរីកលូតលាស់ថ្មី BRICS បានសហការគ្នា តាំងពីយូរហើយ។ រហូតមកចិនជាអតិថិជនផ្តាច់មុខ ទិញរ៉ែក្រោមដីរបស់ប្រទេសប្រេស៊ីល ក្នុងពេលប្រេស៊ីលក្លាយជាទីផ្សារនៃផលិតផលសម្រេចរបស់ប្រទេសចិន។ ជញ្ជីងពាណិជ្ជកម្មមិនស្មើគ្នានេះបានធ្វើឲ្យប្រេស៊ីលរអ៊ូដាក់ចិនច្រើនដងមកហើយ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រេស៊ីលនៅតែមិនខឹង និងបោះបង់ចោលដៃគូដូចជាចិន ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលសេដ្ឋកិច្ច របស់ប្រេស៊ីល នៅមិនទាន់អាចប្រកួតប្រជែងជាមួយ ចិន។ ប្រេស៊ីលនៅខ្សត់ខ្សោយខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសំបូរដោយអំពើពុករលួយ ក្នុងរដ្ឋាភិបាល។ ប៉ុន្តែ ប្រេស៊ីលដែលទើបរកឃើញអាងប្រេងមហាសាល សង្ឃឹមទាញប្រយោជន៍ពីប្រេង ដើម្បីកែលម្អ កសាងផ្លូវថ្នល់ កំពង់ផែ ការអប់រំ និងវិស័យសេវាសាធារណៈ។ ទៅថ្ងៃមុខ ជាមួយនឹងសេដ្ឋកិច្ចបោះជំហានយ៉ាងលឿន ប្រេស៊ីល មិនត្រឹមតែក្លាយជាដៃគូមិនអាចខ្វះបានរបស់ចិន ប៉ុន្តែ ក៏នឹងក្លាយជាគូប្រកួតប្រជែងស្មើមុខមាត់មួយជាមួយចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ