ប្រេស៊ីលក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី ៦ នាំមុខអង់គ្លេស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រេស៊ីលត្រូវបានគេចាត់ចូលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៦ សម្រាប់ឆ្នាំ ២០១១ គឺជំនួសប្រទេសអង់គ្លេស ដែលត្រូវធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ៧វិញ។ ចំណាត់ថ្នាក់នេះធ្វើឡើងដោយមជ្ឈមណ្ឌលដើម្បី ស្រាវជ្រាវ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានទីតាំង ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងបានចុះផ្សាយដោយវិទ្យុអង់គ្លេស BBC កាលពីថ្ងៃចន្ទ ទី ២៦ ធ្នូ ២០១១។
មជ្ឈមណ្ឌលដើម្បីស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហៅកាត់ថា CEBR បានធ្វើការវាយតម្លៃស្រដៀងគ្នាទៅនឹងការព្យាករណ៍ទុកមុនរបស់មូលនិធិរូបិយវត្ថុអន្តរជាតិFMI កាលពីដើមឆ្នាំនេះ ដែលថា ប្រេស៊ីលនឹងឡើងចំណាត់ថ្នាក់របស់ខ្លួន គឺវ៉ាដាច់អង់គ្លេស ក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១១។
នៅឆ្នាំ ២០១១នេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រេស៊ីលបានកើនដល់ ២៤៤ម៉ឺន លានដុល្លារ ចំណែកអង់គ្លេសមានត្រឹមតែ២៤១ម៉ឺនលានដុល្លារតែប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចរបស់ប្រេស៊ីលមានយ៉ាងតិច ត្រឹម ៣ភាគរយ ចំណែកអង់គ្លេស ជួបបញ្ហាប្រាក់បំណុលច្រើន និងមានកំណើនសេដ្ឋកិច្ចមិនដល់មួយភាគរយផង គឺ ប្រមាណ ០,៩ភាគរយនៅឆ្នាំ ២០១១នេះ។
ចំនួនប្រជាជនវិញ ប្រេស៊ីលមានដល់ទៅ ២០០លាននាក់ គឺច្រើនជាងប្រជាជនអង់គ្លេស៤ដង។ គឺកត្តាទាំងអស់នេះ ធ្វើឲ្យប្រេស៊ីលឡើងចំណាត់ថ្នាក់ ពីលេខ៨ មកលេខ៦។
ប្រេស៊ីលដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ គឺដល់ ទៅ ៧,៥ភាគរយ នៅឆ្នាំ ២០១០ គឺតួលេខឯតទគ្គកម្មក្នុងប្រវត្តិសេដ្ឋកិច្ចប្រេស៊ីល និងបានធ្វើឲ្យប្រេស៊ីល ដែលនាំមុខគេ នៅអាមេរិកខាងត្បូងរួចទៅហើយនោះ។ សេដ្ឋកិច្ចប្រេស៊ីលពឹងផ្អែកទៅលើការនាំចេញវត្ថុធាតុដើម កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ការនាំចេញរបស់ប្រេស៊ីលមានច្រើនជាងការនាំចូល។ ការនាំចេញមានតម្លៃ ២០០ពាន់លានដុល្លារ ច្រើនជាងការនាំចូលដែលមានតម្លៃ ជាង ១៨០ពាន់លានដុល្លារ។ ប្រេស៊ីលនាំចេញច្រើនជាងគេ គឺវត្ថុធាតុដើម ដូចជាង ប្រេងកាត រ៉ែដែក ច្រើនជាងការនាំចូល។
សេដ្ឋកិច្ចរបស់ប្រេស៊ីលចាប់ផ្តើមកម្រើក រីកលូតលាស់ខ្លាំង ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ ដោយមកពីមានកំណែទម្រង់នយោបាយដឹកនាំធ្វើដោយអតីតប្រធានាធិបតីប្រេស៊ីល លោកលុយឡា។ ក្រោមការដឹកនាំរបស់លោកលុយឡា នយោបាយសេដ្ឋកិច្ចនាំចេញ និងការកាត់បន្ថយប្រាក់បំណុលបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រេស៊ីលរឹងមាំ។
ការមានដៃគូពាណិជ្ជកម្មច្រើនធ្វើឲ្យប្រេស៊ីលជៀសផុតពីការប៉ះពាល់ដោយផ្ទាល់ពីវិបត្តិប្រាក់បំណុលអឺរ៉ុប និងវិបត្តិអាមេរិក។ ប្រេស៊ីល មានដៃគូពាណិជ្ជកម្មជាមួយគ្រប់ប្រទេស ដូចជាចិន អាមេរិក និងអាហ្សង់ទីន។ បើចំនួនបញ្ជាទិញ របស់អាមេរិក ធ្លាក់ចុះ ប្រេស៊ីលនៅសល់ទីផ្សារអាហ្រិ្វក ចិន ឬប្រទេសនៅអាស៊ីផ្សេងទៀត ដែលនៅត្រូវការទិញវត្ថុធាតុដើមពីប្រេស៊ីល ដើម្បីពង្រីកឧស្សាហកម្មរបស់ពួកគេ។
មួយវិញទៀត តម្លៃវិនិយោគ នៅប្រេស៊ីលបានកើនគួរឲ្យកត់សំគាល់ គឺក្នុងរយៈពេលតែមួយឆ្នាំ តម្លៃវិនិយោគរបស់បរទេស នៅក្នុងប្រទេសប្រេស៊ីលកើន ពី៤៨ពាន់លានដុល្លារ នៅឆ្នាំ ២០១០ ទៅដល់ ៦០ពាន់លាន នៅឆ្នាំ ២០១១។
នៅឆ្នាំ២០១០នេះ ប្រេស៊ីលរបស់លុយឡាបង្កើតបានការងារចំនួន២លានកន្លែង។ នយោបាយបង្កើតការងារធ្វើ និងការដំឡើងប្រាក់ខែអប្បបរមា បានសង្រ្គោះប្រជាជនប្រេស៊ីលជាង ២៤លាននាក់ឲ្យរួចផុតពីភាពក្រីក្រ និងជួយមនុស្ស៣៤លាននាក់ផ្សេងទៀត ឲ្យមានកម្រិតជីវភាពមធ្យម។
ប្រាក់ខែជាមធ្យមរបស់ប្រជាជនប្រេស៊ីល មានប្រមាណ ជាង៩ពាន់ដុល្លារ ក្នុងមួយឆ្នាំ។ អំណាចទិញរបស់ប្រជាជនប្រេស៊ីលបានកើនជាលំដាប់។ ការជំរុញឲ្យមានការផលិត ក្នុងស្រុក និងការប្រើប្រាស់របស់ប្រជាជនទៅលើផលិតផលក្នុងស្រុក ធ្វើឲ្យប្រេស៊ីលមិនសូវពឹងផ្អែកទៅលើជំហររបស់សេដ្ឋកិច្ចប្រទេសក្រៅច្រើន។
វិទ្យាស្ថានអង់គ្លេសបានបង្ហាញចំណាត់ថ្នាក់ប្រទេសមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំង១០ប្រចាំឆ្នាំ នេះ និងបានព្យាករទុកសម្រាប់ឆ្នាំ ២០២០។
អាស៊ីដណ្តើមតំណែងរបស់អឺរ៉ុប
នៅក្នុងការវាយតម្លៃរបស់វិទ្យាសា្ថន អាមេរិកនៅតែរក្សាចំណាត់ថ្នាក់មហាអំណាចសេដ្ឋកិច្ចពិភពលោក ទីមួយរបស់ខ្លួន បន្ទាប់មក គឺចិន ទី២ ជប៉ុនទី៣ អាល្លឺម៉ង់ទី៤ បារាំងទី ៥ ប្រេស៊ីលទទួលចំណាត់ថ្នាក់ទី ៦ ជំនួសអង់គ្លេស ដែលធ្លាក់មកនៅទី ៧។ បន្ទាប់មកគឺអ៊ីតាលី លេខ ៨។ លេខ៩ គឺរុស្ស៊ី ចំណែកឥណ្ឌាដែលស្ថិតនៅលេខ១១ឆ្នាំ ២០១០ បានចូលជាប់ចំណាត់ថ្នាក់លេខ ១០។ រុស្ស៊ី និងឥណ្ឌាដែលជាប្រទេសរីកលូតលាស់ថ្មី ឡើងចំណាត់ថ្នាក់ បន្ទាប់ ពីកាណាដាត្រូវខ្ទាតចេញពីតារាងរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង ១០។
ក្នុងតារាង របស់វិទ្យាស្ថានអង់គ្លេស គឺនៅឆ្នាំ ២០២០ ខាងមុខ ក្រុមប្រទេសនៅអាស៊ី និងប្រទេសរីកលូតលាស់ថ្មី នឹងវ៉ាដាច់ប្រទេសនៅអឺរ៉ុប។ បារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី នឹងធ្លាក់ចំណាត់ថ្នាក់ មកស្ថិតនៅក្រោយរុស្ស៊ី ឥណ្ឌា និងប្រេស៊ីលទៅទៀត។ នៅឆ្នាំ ២០២០ អាមេរិក ចិន និងជប៉ុន នៅរក្សាតំណែងមហាអំណាចសេដ្ឋកិច្ចពិភពលោក លេខ១ លេខ២ និងលេខ៣របស់ខ្លួនដដែល ប៉ុន្តែ ចំណាត់ថ្នាក់លេខ ៤ នឹងបានទៅរុស្ស៊ី បន្ទាប់មកគឺឥណ្ឌាដែលនឹងផ្លោះរំលងប្រេស៊ីល ទៅនៅលេខ ៥ ចំណែកប្រេស៊ីលនឹងនៅស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦ដដែល។ អាល្លឺម៉ង់ជាប់លេខ ៧ អង់គ្លេស ជាប់លេខ៨ ដោយនាំមុខបារាំងដែលជាប់លេខ ៩ ចំណែកប្រទេសលេខ១០ គឺអ៊ីតាលី។
បើតាមប្រធានរបស់វិទ្យាស្ថាន អង់គ្លេស CEBR ការដាក់ចំណាត់ថ្នាក់ទៅតាមសក្តានុពលសេដ្ឋកិច្ច បានបង្ហាញថា ប្រទេសនៅអាស៊ីកំពុងបោះជំហាននាំមុខ សេដ្ឋកិច្ចពិភពលោក គឺវ៉ាប្រទេសលោកខាងលិច។ ចំណាត់ថ្នាក់នេះក៏បង្ហាញដែរថា ប្រទេសដែលមានសេដ្ឋកិច្ចរុងរឿង រឹងមាំ ដើរទៅមុខ មិនងាយរងនឹងវិបត្តិសេដ្ឋកិច្ច ពិភពលោក ភាគច្រើន គឺជាប្រទេសដែលមានសមត្ថភាពផលិត និងនាំចេញផលិតប្រើប្រាស់ចាំបាច់ ដូចជាអាហារ និងថាមពល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ