ឥណ្ឌូណេស៊ី

ធនាគារ​អង់គ្លេស៖ ឥណ្ឌូណេស៊ី​នឹង​អាច​មាន​សេដ្ឋកិច្ច​លូតលាស់​ជាង​បារាំង និង​អាល្លឺម៉ង់នៅឆ្នាំ ២០៣០

កុមារ​ឥណ្ឌូណេស៊ី​លេង​លើ​ស្ពាន​ក្នុង​ទីក្រុង​ហ្សាការតា
កុមារ​ឥណ្ឌូណេស៊ី​លេង​លើ​ស្ពាន​ក្នុង​ទីក្រុង​ហ្សាការតា ©Reuters

ធនាគារ​អង់គ្លេស​Standard Chartered បាន​វាយតម្លៃ កាលពី​ពេលថ្មីៗនេះ​ថា ប្រទេស​ឥណ្ឌូណេស៊ី​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំងក្លា នឹង​អាច​ស្ថិតនៅ​ចំណោម​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​១០ នៅឆ្នាំ ២០២០។ នៅឆ្នាំ ២០៣០ ឥណ្ឌូណេស៊ី​នឹងអាច​​ស្ថិត​នៅក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ទាំង​៦​ប្រទេស គឺ​អាច​នៅពីមុខ​បារាំង អាល្លឺម៉ង់។

ផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ី​មាន​សេដ្ឋកិច្ច​ឈាន​មុខគេ លេខមួយ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ​បើប្រៀបធៀប​នឹង​ប្រទេស​ដទៃទៀត នៅអាស៊ី​ខាងត្បូង សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន ស្ថិតនៅ​ក្រោយ​ប្រទេស​ធំៗ​ដូចជា​ចិន និង​ឥណ្ឌា។

 
កាលពីពេល​ថ្មីៗនេះ ឥណ្ឌូណេស៊ី​បាន​បញ្ជាទិញ​យន្តហោះ​ប៊ូអ៊ីង​ពី​អាមេរិក​ដល់​ទៅ​ជាង ២០០​គ្រឿង ក្នុង​តម្លៃ​ទឹកប្រាក់ ជាង​២២​ពាន់​លាន​ដុល្លារ។ នៅក្នុង​សប្តាហ៍នេះទៀត ឥណ្ឌូណេស៊ី​ក៏​បាន​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​៦​គ្រឿង​ពី​រុស្ស៊ី​ដែល​មាន​តម្លៃ​ជាង ៥០០​លាន​ដុល្លារ។ ចំនួន​ទឹកប្រាក់​នេះដ៏ច្រើន​សន្ធឹកសន្ធាប់នេះ ប្រាកដណាស់ គឺ​បាន​មក​ពី​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​មាន​សុខភាពល្អ។

បើតាមអង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច OCDE ចាប់តាំង​ពី​ឆ្នាំ ២០០៥មក កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​មាន​ប្រមាណ ៦​ភាគរយ​ក្នុង​មួយ​ឆ្នាំៗ។ គេ​បាន​ព្យាករ​ថា កំណើន​នេះ​នឹង​កើន​ឡើង ដល់ ៦,៦ភាគរយ សម្រាប់​ឆ្នាំ ២០១២។

កំណើនសេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី​បាន​មក​ពីការរីកចំរើន​ក្នុង​វិស័យ​នាំចេញ។ ឥណ្ឌូណេស៊ី​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ គឺ​ជាប្រទេសទីមួយ​ក្នុង​ពិភពលោក​ខាងនាំចេញ​សំណប៉ាហាំង និង​ផលិតផល​ដូងប្រេង​មិន​ទាន់ច្នៃ​ទៅក្រៅប្រទេស។ ឥណ្ឌូណេស៊ី​ជាប់ចំណាត់ថ្នាក់​លេខបី​ក្នុង​ពិភពលោក​ខាងនាំចេញ​ធ្យូងថ្ម។

ក្រៅពី​កំណើនសេដ្ឋកិច្ច ឥណ្ឌូណេស៊ី​នៅមាន​លក្ខខណ្ឌ​អនុគ្រោះ​ជាច្រើន​ទៀត ដែល ធ្វើ​ឲ្យ​ធនាគារ​អង់គ្លេស​វាយតម្លៃ​ទុកមុន​ថា នឹង​ប្រជែងឈ្នះ នៅមុខ​សេដ្ឋកិច្ច​អឺរ៉ុប។ ទីមួយ ប្រទេស​នេះ មាន​ឧុនភាព​ថវិកាទាប គឺ​តិចជាង ២ភាគរយ​នៃ​ផលិត​ផលក្នុង​ស្រុក​សរុប គឺ​ទាប​ជាង​បារាំង​ដែល​មាន​ដល់​ទៅ​ជាង ៧ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុកសរុប។ ចំណែក​ប្រាក់​​បំណុល​ជាតិវិញ ឥណ្ឌូណេស៊ី​ជំពាក់លុយគេ តិចតួច គឺ​ប្រមាណ​តែ ៣០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ដែល​នេះ ​ផ្ទុយ​ពី​បារាំង ដែល​មាន​បំណុល​ជាប់ខ្លួន​ដល់​ទៅ ៧០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក។ នេះ​មិន​និយាយ​ដល់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​រងគ្រោះ​ក្នុង​វិបត្តិប្រាក់បំណុល។

ដោយមើលឃើញថា សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​មាន​សុខភាពល្អ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​បំណុល​របស់​អាមេរិក ឈ្មោះ​Moody’s បាន​ដំឡើង​ចំណាត់ថ្នាក់​ឥណ្ឌូណេស៊ី​ឲ្យ​ដល់ Ba 1។ ​ចំណាត់ថ្នាក់​ល្អ​នឹង​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​អាច​ទាក់ទាញ​ក្រុមអ្នកវិនិយោគ​ទុន​បរទេស​កាន់តែច្រើន។

ជៀសផុត​ពី​វិបត្តិ​អាមេរិក និង​វិបត្តិបំណុល​អឺរ៉ុប
ក្នុង​ដំណាក់កាលបច្ចុប្បន្ន​នេះ គ្មាន​ប្រទេស​ណាមួយដែល​មិន​រង​ប៉ះពាល់​ដោយ​វិបត្តិប្រាក់បំណុល​អឺរ៉ុប និង​ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​អាមេរិកទេ។ ប៉ុន្តែ គ្រាន់តែ​ការប៉ះពាល់ វា​មាន​តិច ឬ​ច្រើន​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​ឥណ្ឌូណេស៊ី។ ការនាំចេញ​របស់​ឥណ្ឌូណេស៊ី​មិន​សូវប៉ះពាល់​ខ្លាំង ដោយសារ​ផលិតផល​ទាំងនោះ​មិន​សូវ​នាំចេញ​ច្រើន​ទៅ​អឺរ៉ុប ប៉ុន្តែ ឥណ្ឌូណេស៊ី​ភាគច្រើន​នាំចេញ​ផលិតផល​ទាំងនោះ​ទៅ​ប្រទេស​អាស៊ី​ដទៃទៀត ឬ​ទៅ​កាន់​ប្រទេស​នៅអាមេរិក​ខាងត្បូង ដូចជា ប្រេស៊ីល​ជាដើម។

ម្យ៉ាងទៀត ឥណ្ឌូណេស៊ី ដែល​មាន​កំណើន​សេដ្ឋកិច្ច និង​មិនសូវប៉ះពាល់​ដោយ​វិបត្តិ​ពិភពលោក ក៏ដោយ​មកពី​ប្រជាជន​ឥណ្ឌូណេស៊ី ដែល​ជា​អ្នកជម្រុញ​ឲ្យ​មាន​តម្រូវការ​ក្នុង​ស្រុក​កើនឡើង។ បើតាម​អ្នកសេដ្ឋកិច្ច​របស់​អង្គការ​OCDE។ តម្រូវការ​ក្នុង​ស្រុក តំណាង​ឲ្យ​ជាង​ពាក់កណ្តាល​នៃ​ផលិតផល​ក្នុង​ស្រុក​(PIB)។ ប្រជាជន​ឥណ្ឌូណេស៊ី​ម្នាក់ មាន​ប្រាក់ចំណូល​ជាមធ្យម ជាង ៤ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ គឺ​នៅតិចណាស់ ​បើប្រៀបធៀប​នឹង​ប្រទេស​នៅ​អឺរ៉ុប ជា​ពិសេស​បារំាង ដែល​ឥណ្ឌូណេស៊ី​ចង់​វ៉ា ដាច់ នៅឆ្នាំ ២០៣០។ នៅបារាំង ប្រជាជន​ម្នាក់​មាន​ប្រាក់ចំណូល​ប្រមាណ ជាង ៤ម៉ឺន​ដុល្លារ គឺ​លើស​ឥណ្ឌូណេស៊ី ១០​ដង។

យ៉ាងណា​ក៏ដោយ បើទោះបី​ជា​PIB ឥណ្ឌូណេស៊ី នៅទន់ខ្សោយ ប៉ុន្តែ ឥណ្ឌូណេស៊ី​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន គឺ ជាង ២៤០​លាននាក់ ជាប់ចំណាត់​ថ្នាក់​លេខ​បួន ក្នុង​ពិភពលោក កំពុង​មាន​ចំនួន​ប្រជាជន​គ្រួសារធូរធា​កើនឡើង។ បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ី​មាន​គ្រួសារធូរធា​ដល់​ទៅ ៥០​លាន​​នាក់ គឺ​វ៉ាដាច់​ប្រទេស​ឥណ្ឌា​ដែល​ជា​មហាយក្ស​សេដ្ឋកិច្ច​អាស៊ីទីពីរ​​បន្ទាប់ពីចិន។

ម្យ៉ាងទៀត ឥណ្ឌូណេស៊ី​មាន​កសិកម្ម​រីកចំរើន រហូត​ជាប់ចំណាត់​លេខបី ក្នុង​តំបន់​អាស៊ី។ តាម​របាយការណ៍​របស់​ធនាគារ​Rabobank ឥណ្ឌូណេស៊ី​មាន​ផលិតផល​ជា​សាច់ ច្រើន​ដែល​អាច​ផ្គត់ផ្គង់ យ៉ាងគ្រប់គ្រាន់​ដល់​តម្រូវការ​របស់​ប្រជាជន​ដោយ​មិនចាំបាច់ នាំចូល​ពីក្រៅប្រទេស។ រដ្ឋាភិបាល​ក្រុង​ហ្សាកាតា​គ្រាន់តែ​ត្រូវការ​នាំចូល​អង្ករ និង​ពោត​សម្រាប់​ប្រជាជន​របស់ខ្លួន។ ថ្មីៗនេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ត្រូវ​អ្នកសេដ្ឋកិច្ច​កោតសរសើរ​ដែល​ចេះ​គ្រប់គ្រង​មិន​ឲ្យ​មាន​អតិផរណា​ក្នុង​ទីផ្សារ និង​ចេះថែរក្សា​កំណើនសេដ្ឋកិច្ច​សឹង​ឲ្យ​នៅថេរ។

មាន​កំណើន​សេដ្ឋកិច្ច ចេះគ្រប់គ្រង​វិបត្តិប្រាក់បំណុល និង​អតិផរណា និង​មាន​ធនធាន​ធម្មជាតិ ទាំងនេះ​ជា​កត្តាគន្លឹះ​នៃ​ជោគជ័យ​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI