សាលាក្តីខ្មែរក្រហមទទួលប្រាក់ជំនួយជាងបីសែនដុល្លារពីអង់គ្លេស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សាលាក្តីខ្មែរក្រហម បានប្រកាសឲ្យដឹងនៅថ្ងៃនេះថា ខ្លួនបានទទួលជំនួយពីរដ្ឋាភិបាលអង់គ្លេស ដែលនឹងជួយបំពេញកង្វះខាតថវិកាសម្រាប់ចុងឆ្នាំ ២០១០នេះ។ ប៉ុន្តែសាលាក្តីនៅប្រឈមមុខនឹងបញ្ហាថវិកាដដែលសម្រាប់គម្រោងឆ្នាំ ២០១១។ ការអំពាវនាវស្វែងរកជំនួយបន្ថែមនៅតែធ្វើបន្ត។
សេចក្តីរាយការណ៍របស់ នេត្រ ភក្ត្រា ពីទីក្រុងភ្នំពេញ
រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានផ្តល់ជំនួយថវិកាចំនួនជាង ៣៣ម៉ឺនដុល្លារអាមេរិកដល់សាលាក្តីខ្មែរក្រហម ដើម្បីបំពេញតម្រូវការខាងភាគីកម្ពុជាក្នុងចន្លោះពេលរង់ចាំការមកដល់នៃជំនួយមកពីប្រទេសម្ចាស់ជំនួយផ្សេងៗ។ នេះគឺជាការប្រកាសឲ្យដឹងរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃសៅរ៍នេះ។ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរ ក្រហមបានថ្លែងឲ្យដឹងថា ថវិកានេះនឹងបំពេញកង្វះខាតលើការចំណាយរបស់សាលាក្តីសម្រាប់ខែធ្នូ ឆ្នាំ ២០១០។ រហូតមកទល់ពេលនេះ ប្រទេសអង់គ្លេសបានផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមមានចំនួន ៣,៧លានដុល្លារហើយ។
ប៉ុន្តែទោះបីយ៉ាងណាថវិកាសម្រាប់គម្រោងឆ្នាំ ២០១១ នៅតែចោទជាបញ្ហានៅឡើយ។ លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថាថ្នាក់ដឹកនាំសាលាក្តីនឹងធ្វើការការពារគម្រោងថវិការបស់ខ្លួននៅចំពោះមុខគណៈកម្មាធិការមួយនៅសហរដ្ឋអាមេរិក នៅដើមខែមករាឆ្នាំ ២០១១។
ថវិកាឆ្នាំ ២០១១ ដែលសាលាក្តីគ្រោងនឹងចំណាយមានចំនួនជាង ៤៥ លានដុល្លារ ក្នុងនោះភាគីកម្ពុជាមានចំនូនជាង ១០ លានដុល្លារ ហើយភាគីអង្គការសហប្រជាជាតិមានចំនួនជាង ៣៥លានដុល្លារ។ ភាគីអង្គការសហប្រជាជាតិនៅខ្វះថវិកាជិត ៣០លានដុល្លារទៀតសម្រាប់ឆ្នាំ ២០១១។ ចំណែកភាគីកម្ពុជា ត្រូវបាន លោក ឌឹម សុវណ្ណារុំ ឲ្យដឹងថា បានទទួលជំនួយចំនួនជាង ៣លានដុល្លារសម្រាប់គម្រោងថវិកាឆ្នាំ ២០១។
ដោយលើកឡើងថា ឆ្នាំ ២០១១ ជាដំណាក់កាលដ៏សំខាន់របស់សាលាក្តីក្នុងការបើកការជំនុំជម្រះលើអតីតមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០២ អ្នកនាំពាក្យសាលាក្តី លោក ឌឹម សុវណ្ណារុំ បានអំពាវនាវដល់ប្រទេសម្ចាស់ ជំនួយនានាបន្តផ្តល់វិភាគទានបន្ថែមទៀត។ គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយមន្ត្រីជាតិ និងអន្តរជាតិនៃសាលាក្តីខ្មែរ ក្រហមនាពេលកន្លងមក អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានថ្លែងថា សូមកុំឲ្យមានការព្រួយបារម្ភពីបញ្ហាកង្វះថវិកា លោកនឹងកៀងគរប្រទេសម្ចាស់នានា ដើម្បីផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ