ព្រុយណេ

ព្រុយណេ​អនុម័ត​ច្បាប់​ព្រហ្មទណ្ឌ​អ៊ីស្លាម​ថ្មី​

ស៊ុល​តង់​ អាស្សា​ណាល​ បូល​ក្ចា​  (Hassanal Bolkiah) ព្យាយាម​​អោយ​​មាន​ការ​អនុវត្តន៍​​ច្បាប់​អ៊ីស្លាម​ Charia តាំងពី​ឆ្នាំ​១៩៩៦ម្ល៉េះ។
ស៊ុល​តង់​ អាស្សា​ណាល​ បូល​ក្ចា​ (Hassanal Bolkiah) ព្យាយាម​​អោយ​​មាន​ការ​អនុវត្តន៍​​ច្បាប់​អ៊ីស្លាម​ Charia តាំងពី​ឆ្នាំ​១៩៩៦ម្ល៉េះ។ RFI

នៅថ្ងៃ​អង្គារ​នេះ​ ប្រទេស​ព្រុយណេ​បាន​​សំរេច​​អនុម័ត​​ច្បាប់​ព្រហ្មទណ្ឌ​អ៊ីស្លាមថ្មី​​ ស្របតាម​ច្បាប់​អ៊ីស្លាម​ដ៏​តឹងរ៉ឹង​ ដែល​គេតែង​ហៅថា Charia នោះ​​​ ​នៅ​ក្នុង​ប្រទេស។ ​​​​ច្បាប់​នេះ​​​ចែង​ថា ករណី​មាន​ការផិតក្បត់​រវាង​ស្វាមី​និង​ភរិយា ស្វាមី​រឺ​ក៏ភរិយា​ដែល​ជា​ជនល្មើស​ ​​​នឹង​​ទទួលទោស​តាម​រយៈ​​ការ​វាយ​ប្រហារ​​ដោយ​គប់ដុំថ្ម។

ផ្សាយពាណិជ្ជកម្ម

នៅ​​ថ្ងៃ​អង្គារ​នេះ ​​ប្រមុខ​ដឹកនាំ​​​ប្រទេស​ព្រុយណេ ស៊ុលតង់​ អាស្សាណាល បូលក្ចា (Hassanal Bolkiah) បាន​ប្រកាស​ជាផ្លូវការ​​ នូវ​ការ​​អនុម័ត​​​​ច្បាប់​អ៊ីស្លាម​ដ៏តឹងតែង​ ដែល​គេ​ហៅថា Charia នោះ ក្នុង​ប្រទេស។ ​ក្រមព្រហ្មទណ្ឌ​ថ្មី​​នឹង​ចូល​ជាធរមាន​បន្តិច​ម្តងៗ ក្នុង​ពេល​៦ខែ​ខាងមុខ​នេះ​ហើយ។

ច្បាប់​អ៊ីស្លាម​ថ្មី​នេះ​ចែងថា ករណី​មាន​ការផិតក្បត់​រវាង​ស្វាមី​និង​ភរិយា ស្វាមី​រឺ​ក៏ភរិយា​ដែល​ជា​ជនល្មើស ​​​នឹង​​ទទួលទោស​តាម​រយៈ​​ការ​វាយ​ប្រហារ​​ដោយ​គប់ដុំថ្ម។ លើស​ពីនេះ​ទៀត ច្បាប់​នេះ​ក៏​នឹង​ដាក់ទោស​រាល់​អ្នក​ដែល​ទទួល​ទាន​គ្រឿងស្រវឹង រឺ​ក៏ស្ត្រី​ដែល​ធ្វើការ​រំលូត​កូន​ផងដែរ។ ពួក​គេ​ទាំងពីរ​ប្រភេទ​នេះ នឹង​ទទួលទោស​ដោយ​ការ​វាយ​នឹង​រំពាត់។ គួររំលឹកថា ការទទួលទាន​គ្រឿងស្រវឹង​ជា​បទល្មើស​​នៅព្រុយណេ។

ក្នុង​ច្បាប់​នេះ​ដែរ អ្វី​ដែល​គេ​ចាប់អារម្មណ៍​​លើស​ពីនេះ​ទៀតនោះ គឺថាជន​ណា​ដែល​ជាចោរ​​លួចទ្រព្យសម្បត្តិ​ ​នឹង​ត្រូវ​​​ទទួល​ការ​កាត់ផ្តាច់​អវៈយវៈ​ជាក់ជាមិនខាន។

ជាច្រើនឆ្នាំ​មកនេះ អ្នកច្បាប់​ព្រុយណេ​បាន​ជជែកគ្នា​យ៉ាង​​តឹងសរសៃក អំពី​ច្បាប់​អ៊ីស្លាម Charia នេះ។ ​ស៊ុលតង់​ អាស្សាណាល បូលក្ចា បាន​លើកឡើងថា ការចូលជាធរមាន​នៃ​ច្បាប់​នេះបង្ហាញ​ពី​ការបំពេញ​កាតព្វកិច្ច​របស់​​ប្រទេស​ព្រុយណេ​​​ចំពោះ​ព្រះអាឡា។

ព្រុយណេ​ត្រូវបាន​គេស្គាល់ថា បាន​ប្រណិបត្តិ​សាសនា​អ៊ីស្លាម​​ខ្ជាប់ខ្ជួន​ជាង​ប្រទេស​​​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ដែល​នៅជិតខាង​ខ្លួន​ទៅទៀត។
គួររំលឹកថា​ ព្រុយណេ​​​ស្ថិត​​លើ​កោះ​បូណេអូ ជា​ប្រទេស​មួយ​​ក្នុង​ចំណោម​ប្រទេស​អ្នកមាន​​បំផុត​លើពិភពលោក។ ប្រជាជន​ព្រុយណេ​មាន​ប្រមាណ​ជាង​៤សែន​នាក់​។ ប្រជាជន​ពីរភាគ​បី កាន់​សាសនា​អ៊ីស្លាម។ អ្នកកាន់​ពុទ្ធ​សាសនា​មាន​​​ប្រមាណ​១៣ភាគរយ ហើយ​អ្នក​ប្រណិបត្តិ​គ្រិស្ត​សាសនា​មាន​១០ភាគរយ។

ច្បាប់​អ៊ីស្លាម​ថ្មី​នេះ​ នឹង​អនុវត្ត​ចំពោះ​តែ​អ្នកកាន់សាសនា​អ៊ីស្លាម​ប៉ុណ្ណោះ ប៉ុន្តែ វា​ក៏​អាស្រ័យ​ទៅ​​តាម​ករណី​ជាក់ស្តែង​ផង​ដែរ។ ប្រមុខ​ដឹកនាំ​ព្រុយណេ ស៊ុលតង់​ អាស្សាណាល បូលក្ចា បានព្យាយាម​​អោយ​មាន​ការ​​សំរេច​អនុវត្តន៍​ច្បាប់នេះ​ តាំងតែ​​ពីឆ្នាំ​១៩៩៦​មកម្ល៉េះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI