អនុរដ្ឋមន្ត្រីការបរទេសអាមេរិក William Burns ទស្សនកិច្ចនៅអេហ្ស៊ីប ក្នុងពេលដែលបាតុកម្មនៅតែបន្តធ្វើ
នៅថ្ងៃចន្ទនេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចសំរាប់រយៈពេលពីរថ្ងៃ នៅអេហ្ស៊ីប ដើម្បីជួបជាមួយសមាជិករដ្ឋាភិបាលបណោ្តះអាសន្នប្រទេសនេះ ព្រមទាំងអ្នកទទួលខុសត្រូវសង្គមស៊ីវិលនិងសហគ្រាសផ្សេងៗទៀតផងដែរ។ អាមេរិកចង់អោយអំពើហិង្សាបិទបញ្ចប់ និងចង់អោយអេហ្ស៊ីបបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យមួយអោយបានឆាប់រហ័ស។ ដោយឡែក នៅថ្ងៃចន្ទនេះ នៅក្រុងគែរ បាតុករគាំទ្រអតីតប្រធានាធិបតីមរស៊ីនៅតែបន្តក្បួនបាតុកម្មរបស់ខ្លួន។ នៅខាងជើងស៊ីណៃ ជនប្រដាប់អាវុធមួយចំនួនបានធ្វើការវាយប្រហាររថយន្តក្រុងដឹកកម្មករមួយគ្រឿង ធ្វើអោយស្លាប់មនុស្ស៣នាក់ និងរបួស១៧នាក់ផ្សេងទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក William Burns នៅប្រទេសអេហ្ស៊ីប ធ្វើឡើងចំពេលអេហ្ស៊ីបកំពុងរៀបចំសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្នរបស់ខ្លួន។ ក្រុងវ៉ាស៊ីនតោនចង់អោយក្រុងគែរបង្កើតនូវរដ្ឋាភិបាលបែបប្រជាធិបតេយ្យចេញពីការបោះឆ្នោតមួយ អោយបានឆាប់រហ័សបំផុត។
គួររំលឹកថា កាលពីថ្ងៃចន្ទសប្តាហ៍មុន ប្រធានាធិបតីស្តីទី អាដលី ម៉ាន់សួរ បានសន្យាថារៀបចំអោយមានការបោះឆ្នោត បានមុនឆ្នាំ២០១៤។ នៅពេលនេះ នៅក្នុងរដ្ឋាភិបាលបណ្តោះអាសន្នអេហ្ស៊ីបគេឃើញមាន នាយករដ្ឋមន្ត្រី Hazem Beblawi ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអេហ្ស៊ីប។ ម្ចាស់ពានរង្វាន់សន្តិភាពពិភពលោក Mohamed El Baradei បានត្រូវតែងតាំងអោយគ្រប់គ្រងផ្នែកទំនាក់ទំនងអន្តរជាតិ។ អតីតឯកអគ្គរដ្ឋទូតអាមេរិកនៅក្រុងវ៉ាស៊ីនតោន Nabil Fahmy កាន់កាប់ក្រសួងការបរទេស ហើយនៅទីបញ្ចប់ Ahemed Galal អតីតបុគ្គលិកធនាគារពិភពលោក បានទទួលតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ យោងតាមនាយករដ្ឋមន្ត្រី Beblawi សមាសភាពរដ្ឋាភិបាលបណ្តោះអាសន្នអាចនឹងត្រូវប្រកាសអោយដឹងនៅថ្ងៃអង្គារស្អែក រឹក៏ថ្ងៃពុធខានស្អែក។
ដោយឡែក បាតុកម្មរបស់សកម្មជនគាំទ្រលោកមរស៊ីនៅតែបន្តធ្វើនៅទីក្រុងគែរ។ កាលពីថ្ងៃអាទិត្យម្សិលមិញ តុលាការអេហ្ស៊ីបបានសួរចំលើយលោកមរស៊ី និងសមាជិកបក្សភាតរអ៊ីស្លាមមួយចំនួនទៀត ដើម្បីវាយតំលៃពីស្ថានភាពដែលលោកមរស៊ីនិងបក្សពួកខ្លួនបានលួចរត់ចេញពីពន្ធនាគារ នៅពេលដែលប្រទេសអេហ្ស៊ីបកំពុងតែបះបោរទំលាក់អតីតប្រធានាធិបតី អូស្ន៊ី មូបារ៉ាក់ នាដើមឆ្នាំ២០១១។ ផ្នែកសន្តិសុខក្នុងប្រទេសចង់ដឹងថា តើសកម្មជនភាតរអ៊ីស្លាមទាំងនេះមានបានទទួលជំនួយពីក្រុមឧទ្ទាមបរទេសនានា ដូចជាក្រុមហាម៉ាស រឺក៏ក្រុមអេស្បូឡា ដែររឺទេ។
ទន្ទឹមនេះដែរ តុលាការអេហ្ស៊ីបបានសំរេចបង្កកប្រាក់កាសរបស់អ្នកទទួលខុសត្រូវបក្សភាតរអ៊ីស្លាមចំនួន១៤នាក់។ មូលហេតុមកពីមានមនុស្សស្លាប់៥៣នាក់ ក្នុងអំពើហិង្សា កាលពីថ្ងៃ៨កក្កដា កន្លងទៅ ក្នុងការប្រឈមមុខរវាងកងទ័ពអេហ្ស៊ីបនិងបាតុករគណបក្សនេះ។ ការស៊ើបអង្កេតរបស់អាជ្ញាធររដ្ឋាភិបាលបណ្តោះអាសន្នអេហ្ស៊ីប លើអំពើហិង្សាថ្ងៃ៨កក្កដានេះ ត្រូវបានទទួលការរិះគន់ពីអង្គការសិទ្ធិមនុស្ស Human Rights Watchs៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ