កម្ពុជា

CCAWDU ធើ្វ​សន្និសីទ​កាសែត បដិសេធ​ការចោទ​ប្រកាន់​ពី​សហជីពសេរី

ប៉ូលិស​បំបែក​ហ្វូង​បាតុករ​រោងចក្រ​សាប្រ៊ីណា ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​៣​មិថុនា ២០១៣
ប៉ូលិស​បំបែក​ហ្វូង​បាតុករ​រោងចក្រ​សាប្រ៊ីណា ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃទី​៣​មិថុនា ២០១៣ © Reuters

សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​របស់​លោក អាត់ធន់ហៅ​កាត់​ថា​CCAWDUនៅព្រឹកនេះបាន​ធ្វើ​សន្និសីទ​កាសែត​ច្រាន​ចោល​ការចោទ​ប្រកាន់​របស់​សហជីព​សេរី​កម្មករ​កម្ពុជារបស់​លោក​ ជាមុនីដែល​ចោទ​ថាCCAWDUមាន​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សានៅ​ក្នុង​ជម្លោះ​ក្នុង​រោងចក្រ​សាប្រ៊ីណា​ក្នុង​ខេត្ត​កំពង់ស្ពឺ។ គួររំលឹកថាកាលពី​ថ្ងៃ​ទី​៣មិថុនា​កន្លង​ទៅកម្មករ​រោងចក្រសាប្រ៊ីណាជាង៣០០០​នាក់របស់​លោក​ ជា មុនី ដែល​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារបាន​ប៉ះ​គ្នា​ដោយ​ហិង្សា​ជាមួយ​កម្មករ​រោងចក្រ​របស់​លោកអាត់ធន់ដែល​គាំទ្រ​រោងចក្រ​សាប្រ៊ីណាផលិត​សម្លៀក​បំពាក់​កីឡា​ម៉ាកណៃគី។

ផ្សាយពាណិជ្ជកម្ម

 

មន្ត្រី​នៃ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា​ CCAWDU  បង្ហាញ​ពី​ការសោក​ស្តាយ​ ខណៈ​ដែល​មាន​ការចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ពី​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា​កូដកម្ម​ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​ ៣ មិថុនា​នៅ​រោងចក្រ​សាប៊្រីណា ប្រកប​ដោយ​អំពើ​ហិង្សា​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ការទទួល​ខុសត្រូវ​របស់​សហជីព CCAWDU។

នៅក្នុង​សន្និសីទ​កាសែត​របស់​សម្ព័ន្ធ​សហជីព CCAWDU នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក គង់ អាទិត្យ អនុប្រធាន​សហជីព​CCAWDU បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សហជីព​របស់​លោក មិនមាន​ការ​គុំគួន​អ្វី​ទេ​ជាមួយ​សហជីព​សេរីកម្មករ ចំពោះ​ការចោទ​ប្រកាន់​នានា​មក​លើ​សហជីព​របស់​លោក ក៏​ប៉ុន្តែ លោក​អាទិត្យ​ចង់​ឲ្យ​មាន​ការផ្សព្វផ្សាយ​មួយ​ប្រកប​ដោយ​គុណភាព ចៀសវាង​ការចោទប្រកាន់​ដោយ​មិនមាន​មូលដ្ឋាន នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​សហជីព CCAWDU​របស់​លោក និង​មុខមាត់​របស់​ប្រទេស​លើ​វិស័យ​វាយនភ័ណ្ឌ។

នៅក្នុង​អង្គសន្និសីទ​នេះ​ដែរ មន្ត្រី​ផ្នែក​ចង​ក្រង​ និង​ដោះស្រាយ​វិវាទ​របស់​សហជីព CCAWDU លោក ឈា វិនុត បាន​ព្យាយាម​ពន្យល់​អះអាង​ដល់​អ្នកសារព័ត៌មាន អំពី​ទល្ហីករណ៍ របស់​សហជីព​សេរីកម្មករ ដែល​យក​ទៅ​ចោទ​ប្រកាន់​លើ​ពួក​គេ​ថា មិនមែន​ជា​ការ​ពិត ដូច​ជា​ករណី​ការ​ប៉ះទង្គិច​គ្នា​នៅ​រោងចក្រ​សាប្រ៊ីណា បណ្តា​ឱ្យ​ស្ត្រី​ពីរ​នាក់​រលូត​កូន​ជាដើម​នោះ មិនមាន​ភស្តុតាង​ច្បាស់លាស់។ ពុំ​ច្បាស់​ត្រង់​ថា ការចោទ​ប្រកាន់​បាន​ប្រាស​ចាក​ពី​របាយការណ៍​របស់​ពេទ្យ​និង​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូចជា​រោងចក្រ។

ទោះជាយ៉ាងនេះ​ក្តី​សម្រាប់​លោក គង់ អាទិត្យ អនុប្រធាន​សហជីព CCAWDU នៅ​តែ​អំពាវនាវ​ដល់​មេដឹកនាំ​សហជីព​សេរី សុំ​ឲ្យ​មាន​ការសម្របសម្រួល និង​ស្ងាត់ស្ងៀម និង​បញ្ចប់​រឿង​ដោយ​ពុំ​មាន​ការសងសឹក ឬ​គុំគួន​គ្នា​អ្វី​ទាំងអស់។

ជាការទទួល​យក​បាន​សម្រាប់ សហជីព​សេរី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចំពោះ​ការសម្របសម្រួល​ណា​មួយ ដែល​ស្នើ​ឡើង​ដោយ CCAWDU ក៏ប៉ុន្តែ​លោក ម៉ាន់ សេងហាក់ អគ្គលេខាធិការ សហជីព​សេរីកម្មករ បាន​ដាក់​លក្ខខណ្ឌ ទាល់តែ​មាន​ការ​លើក​លែង​ការចោទប្រកាន់ និង​ដោះលែង​សកម្មជន​សហជីព​របស់​លោក ទាំង ១៦នាក់ ក្នុង​នោះ​មាន ៨​នាក់ ស្ថិត​នៅក្នុង​ការឃុំ​ខ្លួន​នៅ​ខេត្ត​កំពង់ស្ពឺ​នៅឡើយ។

សូមបញ្ជាក់ថា កម្មករ​រោងចក្រ​កាត់ដេរ​ផលិតផល​ណៃ សាប្រ៊ីណា បាន​ធ្វើ​កូដកម្ម​អូស​បន្លាយ​អស់​ជាច្រើន​ថ្ងៃ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច។ ទីបំផុត​កូដកម្ម​នេះ បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ហើយ​មាន​អន្តរាគមន៍​ពី​កំលាំង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី ៣ មិថុនា​ដែល​នាំ​ឲ្យ​មាន​ការចាប់ខ្លួន​សកម្មជន​សហជីព​សេរី​ចំនួន ៨​នាក់ ជាប់​ឃុំ​រហូត​មក​ទល់​ថ្ងៃនេះ។ យ៉ាងណាក៏ដោយ រោងចក្រ​សាប្រីណា បាន​ដំណើរ​ការ​ការងារ​ឡើង​វិញ​ហើយ ហើយ​នៅ​ថ្ងៃ​នេះ មាន​កម្មករ ចំនួន ៤១៣៨ នាក់​ចូល​ធ្វើការ ក្នុង​ចំណោម​កម្មករ​សរុប ៤៨០០​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI