មេធាវី សុំឲ្យតុលាការកំពូលដោះលែង ឌុច
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទនេះ សហមេធាវីការពារ ឌុច បានស្នើទៅកាន់តុលាការកំពូល ឲ្យដោះលែង ឌុច អតីតមេគុកទួលស្លែង ព្រោះថា ឌុច មិនមែនជាប្រភេទមេដឹកនាំខ្មែរក្រហម ដែលត្រូវចាប់ មកកាត់ទោសឡើយ។ ក៏ប៉ុន្តែសហព្រះរាជអាជ្ញា បានច្រានចោលនូវការលើកឡើងរបស់មេធាវី និងស្នើឲ្យតុលាការកំពូល របស់សាលាក្តីខ្មែរក្រហម បដិសេធបណ្តឹងរបស់មេធាវី ទុកជាអសារបង់។
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
អង្គជំនុំជម្រះតុលាការកំពូល របស់សាលាក្តីខ្មែរក្រហម បានបើកសវនាការ លើបណ្តឹងសាទុក្ខ ក្នុងសំណុំរឿងក្តី ០០១ របស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច នាថ្ងៃទី២៨មីនា ឆ្នាំ២០១១។ សវនាការជំនុំជម្រះនេះ ធ្វើឡើងចាប់ពីថ្ងៃចន្ទ ទី២៨ ដល់ថ្ងៃទី៣០មីនា ឆ្នាំ២០១១។ សវនាការករណី ឌុច ពេលនេះ មិនមានសាក្សី ឬអ្នកជំនាញទេ ហើយក៏មិនជជែកពីការធ្វើទារុណកម្ម សម្លាប់មនុស្សនៅគុកទួលស្លែង ដូចសវនាការលើកមុនឡើយ។
សវនាការរយៈពេលពេញមួយថ្ងៃចន្ទនេះ ជាការលើកឡើងពីយុត្តាធិការលើបុគ្គល ដែលជាការតវ៉ាផ្ទាល់មាត់របស់មេធាវីការពារក្តី សហព្រះរាជអាជ្ញា និងដើមបណ្តឹងរដ្ឋប្បវេណីក្រុម ៣។ ពោលគឺជាការលើកអំណះអំណាងផ្លូវច្បាប់រៀងខ្លួន ថាតើឌុច ជាប្រភេទមេខ្មែរក្រហម ដែលត្រូវយកមកកាត់ទោស នៅតុលាការចម្រុះកាត់ទោសមេខ្មែរក្រហម នាពេលនេះ តើត្រូវឬខុស?
ក្នុងអង្គសវនាការ សហមេធាវីការពារ ឌុច លោកមេធាវី ការ សាវុត្ថ និងលោកមេធាវី កង ឫទ្ធារី បានស្នើសុំដោយផ្ទាល់មាត់ ឲ្យអង្គជំនុំជម្រះតុលាការកំពូល ដោះលែងអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។ មេធាវី សំអាងថា ឌុច មិនស្ថិតក្នុងយុត្តាធិការ របស់តុលាការខ្មែរក្រហមឡើយ។
លោកមេធាវី ការ សាវុត្ថ បានលើកឡើងថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បានកម្រិតកំណត់កាត់ទោសតែលើមេដឹកនាំជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់។ ចំណែក ឌុច ជាថ្នាក់ក្រោមបំផុត នៅមូលដ្ឋាន។ ម្យ៉ាងទៀតក្នុងជួរបក្ស ឌុច ជាលេខាតូចតាច មិនមានសិទ្ធិអំណាចអ្វី អាចធ្វើសេចក្តីសម្រេច ឬក៏ចាត់ចែង ខុសពីសេចក្តីសម្រេចរបស់បក្សថ្នាក់លើបានទេ។
លោកមេធាវី ការ សាវុត្ថ បានបន្ថែមថា ឌុច ជាប្រធានឆ្មាំគុក ដូចប្រធានឆ្មាំគុក ទាំង ១៩៥ ឯទៀតក្នុងសម័យខ្មែរក្រហម។ ប្រធានគុកខ្មែរក្រហមទាំង ១៩៥ មិនត្រូវបានចាប់មកកាត់ទោសឡើយ។
លោកមេធាវី ស្នើដល់អង្គជំនុំជម្រះតុលាការកំពូល ចាត់ទុកសាលក្រមលើសំណុំរឿង០០១ របស់អង្គជំនុំជម្រះសាលាដំបូង ជាមោឃៈ និងដោះលែង ឌុច។ ទី២- កំណត់ថា ការឃុំខ្លួន ឌុច កន្លងមក ជាការការពារសាក្សី ដែលមានសក្តានុពល ដើម្បីចង្អុលបង្ហាញពីមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម។
យ៉ាងណាក៏ដោយ សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង បានច្រានចោលនូវការលើកឡើងរបស់មេធាវីការពារ ឌុច។ លោកស្រី ជា លាង បានមានប្រសាសន៍ក្នុងអង្គសវនាការថា ការបកស្រាយរបស់មេធាវីការពារក្តី កាំង ហ្កេកអ៊ាវ ហៅ ឌុច សហព្រះរាជអាជ្ញាមិនអាចទទួលយកបានឡើយ ហើយសុំឲ្យអង្គជំនុំជម្រះតុលាការ មេត្តាបដិសេធបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីចោលជាអសារបង់។
លោកស្រីព្រះរាជអាជ្ញា បានបន្តថា ឌុច មិនអាចចាត់ទុកថា ជាសាក្សីដែលមានសក្តានុពល នៅក្នុងសំណុំរឿង០០១ បានទេ ពីព្រោះឌុច បានទទួលស្គាល់អំពីតួនាទី និងសិទ្ធិអំណាចរបស់ខ្លួន ជាពិសេសទទួលស្គាល់ចំពោះឧក្រិដ្ឋកម្ម ដែលបានកើតឡើងនៅមន្ទីរស២១ ក្នុងនាមជាប្រធានមន្ទីរសន្តិសុខ ស២១។
សវនាការលើបណ្តឹងសាទុក្ខក្នុងករណី០០១ របស់ឌុច នឹងធ្វើឡើងបន្តនៅថ្ងៃអង្គារ ទី២៩មីនា ឆ្នាំ២០១១ ដោយផ្តោតលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលជាការតវ៉ាផ្ទាល់មាត់ រវាងសហព្រះរាជអាជ្ញា និងសហមេធាវីការពារក្តី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ