កម្ពុជា

កម្ពុជា ឡាវ វៀតណាម និងភូមា ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច

កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម ភូមា ហៅកាត់ថា CLMV បានធ្វើឡើង នៅថ្ងៃអង្គារ ទី១៦វិច្ឆិកានេះ នៅទីក្រុងភ្នំពេញ
កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម ភូមា ហៅកាត់ថា CLMV បានធ្វើឡើង នៅថ្ងៃអង្គារ ទី១៦វិច្ឆិកានេះ នៅទីក្រុងភ្នំពេញ ©សុវណ្ណារ៉ា

កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម ឬ​ហៅកាត់​ថា CLV និង​កិច្ចប្រជុំ​កំពូល​ដាច់​ដោយឡែក​មួយ​ទៀត រវាង កម្ពុជា ឡាវ ភូមា និង​វៀតណាម ហៅកាត់​ថា CLMV បាន​ធ្វើឡើង នៅ​ថ្ងៃ​អង្គារ ទី​១៦​វិច្ឆិកា​នេះ នៅ​ទីក្រុង​ភ្នំពេញ។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ឡាវ ភូមា និង​វៀតណាម បានលើកឡើង​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ព្រំដែន និង​ការសម្រួល​ពាណិជ្ជកម្ម​ឆ្លងដែន។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

នាយក​រដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល CLV លើក​ទី​៦ នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ ពិសេស នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ក្នុង​ខេត្ត​ចំនួន ១៣ ជាប់​ព្រំដែន ប្រទេស​ទាំង​បី។

 
តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម ឡាវ បាន​ផ្តោត​សំខាន់​លើ​កិច្ចសហការ​លើ​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សំរាប់​ប្រទេស​ទាំងបី សំរាប់​សកម្មភាព​សេដ្ឋកិច្ច ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដូចជា ការអភិវឌ្ឍន៍​កសិកម្ម និង​ដំណើរការ​រោងចក្រ​ឧស្សាហកម្ម ថាមពល ទេសចរណ៍ និង​ពាណិជ្ជកម្ម ជាដើម។

កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម ក៏​លើកឡើង​ពី​កិច្ច​សម្របសម្រួល​លំហូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន ទំនាក់ទំនង​ប្រជាជន និង​ទុន​វិនិយោគ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ។ នាយក​រដ្ឋមន្ត្រី​ទាំង​បី ក៏បាន​លើកឡើង​ពី​ការធ្វើ​ពាណិជ្ជកម្ម និង​ការបង្កើត​ទីផ្សារ​តាម​ព្រំដែន ជាដើម។

នាយករដ្ឋមន្ត្រី​កម្ពុជា វៀតណាម និង​ឡាវ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​ក្រុងភ្នំពេញ ស្តីពី​ការធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កិច្ច​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV ដែលមាន ១១ ចំនុច។ ចំណែក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា ឡាវ និង​វៀតណាម ក៏​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ស្តីពី​វិសោធនកម្ម​ទៅលើ​អនុស្សរណៈ​យោគយល់​គ្នា MOU ឆ្ពោះ​ទៅរក​ការអនុវត្តន៍ និង​ផែនការ​អនុគ្រោះ សម្រាប់​ការអភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម។

នៅ​ល្ងាច​នេះ កិច្ចប្រជុំ​កំពូល នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា ឡាវ ភូមា និង​វៀតណាម CLMV លើក​ទី​៥ ក៏​បាន​ប្រារព្ធ​ឡើង ដោយ​មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា នាយក​រដ្ឋមន្ត្រី​ឡាវ, ភូមា និង​នាយករដ្ឋមន្ត្រី​វៀតណាម។

បង្កើត​ឡើង នៅ​ឆ្នាំ​២០០៤ កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា ឡាវ ភូមា និង​វៀតណាម បាន ផ្តោត​សំខាន់​លើ​កិច្ច​សម្របសម្រួល​គោល​នយោបាយ សមាហរ័ណកម្ម​សេដ្ឋកិច្ច ការជម្រុញ និង​ការសម្របសម្រួល ការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ថាមពល ការដឹកជញ្ជូន បច្ចេកវិទ្យា​ព័ត៌មានវិជ្ជា ទូរគមនាគមន៍ ទេសចរណ៍ អភិវឌ្ឍន៍​ធនធានមនុស្ស និង​វិស័យ​សុខាភិបាល។

កិច្ចសហប្រតិបត្តិការ CLV និង CLMV បាន​បង្កើតឡើង ដើម្បី​ពង្រឹង និង​ពន្លឿន​សមាហរ័ណកម្ម រវាង​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម ជាមួយ​សមាជិក​អាស៊ាន ៦ ទៀត ដើម្បី​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់។

ហិរញ្ញប្បទាន នៅតែ​ជា​ឧបសគ្គ​ដ៏​ចំបង សម្រាប់​បណ្តា​ប្រទេស CLV និង CLMV ដែល​ត្រូវ​ស្វែងរក​ការទាក់ទាញ​ដៃគូ​សន្ទនា​របស់​អាស៊ាន និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ដើម្បី​ដាក់ទុន​វិនិយោគ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI