លីប៊ី

បន្ទុក​​ធ្ងន់​របស់​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល ក្រោយ​មរណភាព​កាដាហ្វី

ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី លោក  Moustapha Abdeljalil
ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី លោក Moustapha Abdeljalil REUTERS/Esam Al-Fetori

រំដោះ​លីប៊ីទាំង​ស្រុង​ចេញ​ផុត​ពី​ក្រញាំ​ដៃ​ជន​ផ្តាច់ការ ! នឹង​ត្រូ​វប្រកាស​នៅ​ថ្ងៃ​ស្អែក ពី​ទីក្រុង​បិនហ្កាហ្ស៊ី ! នេះ​បើ​យោង​តាម​អ្នក​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល CNT។ CNT ដែល​មាន​ភារៈ​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​អន្តរកាល និង​បង្រួប​បង្រួម​​ក្រុម​យុទ្ធជន​បដិវត្តន៍។ ប៉ុន្តែ​នេះ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់ធ្ងរ និង​លំបាក​បំផុត​សម្រាប់​CNT ព្រោះ​ ​មាន​ការ​ប្រេះឆា ក្នុង​រង្វង់​ក្រុមប្រឹក្សា​ជាតិ​ផង មានការ​ទាមទារ​របស់​ប្រមុខ​យោធាផង និង​ពួក​អ្នក​បដិវត្តន៍​ផង។

ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល នៅ​​ទន់​ខ្សោយ​ និង​ផុយស្រួយ​ណាស់ ជា​ហេតុ​ធ្វើ​ឲ្យ​​ អាទិភាព​ចម្បង​ចំពោះ​មុខ​ ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​យ៉ាង​ឆាប់​បំផុត​ មាន​ជាអាទិ៍​ ​ការ​បង្រួបបង្រួម​ក្រុម​ប្រដាប់​អាវុធ​ទាំង​អស់​ឲ្យ​ក្លាយ​ជា​កងទ័ព​ជាតិ​តែ​មួយ រក្សា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ជាតិ ដើម្បី​​បញ្ចៀស​​​សង្គ្រាម​ស៊ីវិល និង​បង្កើត​ក្បាល​ម៉ាស៊ីន​​នយោបាយ​ច្បាស់លាស់ ក្លាយ​ជា​​វិញ្ញាសា​ដ៏​ស្មុគស្មាញ​បំផុត។

 
ស្មុគស្មាញខ្លាំង ដោយ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ីខ្លួន​ឯង​ មាន​​​ជម្លោះ និង​សម្ពាធ​តាន​តឹង​ផ្ទៃក្នុង រវាង​​សមាជិក​ជា​អ្នក​នយោបាយ​ និង​យោធា។ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល លោក ម៉ូស្តាហ្វា អាដែល ហ្សាលីល (Moustapha Abdeljalil) ផ្ទាល់​ បាន​បញ្ជាក់​ថា​​ភាព​​តាន​តឹង​ បាន​កើត​ឡើង ​តាំង​ពី​ខែ​កក្កដា ២០១១​មក។ លោក ម៉ាមូត ជីប្រីល (Mahmoud Jibril) មេដឹក​នាំ​ទី​ពីរ​​របស់​​ CNT និង​ជា​អតីត​​មនុស្ស​ស្និទ្ធ​នឹង​​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី ​​​ទើប​​បាន​ប្រកាស​​លាលែង​ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ទី ១៩​តុលា។

សមាសភាព​​របស់​CNT ​​មាន​ចរន្ត​នយោបាយ​ផ្ទុយ​គ្នា​ខ្លាំង​ណាស់ ខ្លះ​ជា​អ្នក​អ៊ីស្លាម​និយម​ជ្រុល ជា​អ្នក​សេរីនិយម ឬ​ជា​អតីត​​មនុស្ស​របស់​កាដាហ្វី ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​មិន​ទុក​ចិត្ត​គ្នា​ខ្លាំង ក្នុង​ការ​បង្កើត​រដ្ឋ​លីប៊ី​ថ្មី។

បន្ទុក​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៀត និង​បន្ទាន់​បំផុត​​ដែរ​របស់​អាជ្ញាធរ​លីប៊ី ​គឺ​ការ​គ្រប់​គ្រង​ចរាចរណ៍​​អាវុធ និង​បញ្ចូល​​យុទ្ធជន​បដិវត្តន៍ ជា​កង​កម្លាំង​ទ័ព​ជាតិ។ ​កង​ស្វ័យត្រាណ​ យុទ្ធជន​ស៊ីវិល​បំពាក់អាវុធ​ធ្វើ​បដិវត្តន៍​ ជាច្រើន​កង និង​ក្រុម​ នៅ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ជា​ចំណែក​​​មួយ​នៃ​ជ័យ​ជម្នះ​របស់​CNT។ ពួក​គេ​ធ្វើ​​សកម្មភាព​ដោយ​ឯករាជ្យ ស្តាប់​តែ​មេបញ្ជាការ​នៅ​តាម​តំបន់​ប៉ុណ្ណោះ។ ដូច្នេះ​នៅ​ពេល​ផ្សះផ្សា​ជាតិ មេបញ្ជាការ​យោធា​នីមួយៗ​ត្រូវ​ការ​មាន​មុខ​ មាន​សំឡេង មាន​តួនាទី​​ក្នុង​រដ្ឋាភិបាល​ថ្មី​ដែរ។ មេបញ្ជាការ​នៅ​ទ្រីប៉ូលី ដែល​ជា​មេទ័ព​សំខាន់​ម្នាក់​ និង​ជា​អតីត​អ្នក​អ៊ីស្លាម​និយម​ជ្រុល​ផង បាន​ព្រមាន​រួច​ជា​ស្រេច​ ថា​មិន​បណ្តោយ​ឲ្យ​មានអ្នក​ឆ្លៀត​យក​ចំណេញ​ពី​បដិវត្តន៍​នេះ​ឡើយ។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី ក៏​តំណាង​CNT​នៅ​ក្រុង​ប៉ារីស បាន​អះអាង​ថា លីប៊ី កំពុង​ស្ថិត​​នៅ​លើ​ផ្លូវ​នៃ​ការស្ថាបនា​ជាតិ​ឡើង​វិញ។ ការ​ស្លាប់​របស់​កាដាហ្វី​ និង​ការ​រំដោះ​លីប៊ី​បាន​ទាំង​ស្រុង​ពី​ក្រញាំ​ដៃមេដឹក​នាំ​​ផ្តាច់ការ នឹង​ត្រូវ​ជួយ​សម្រួល​ដល់​ការ​អនុវត្តន៍​ ​ផែនទី​ចង្អុល​ផ្លូវ​របស់​ក្រុម​ប្រឹក្សា​ជាតិ​អន្តរកាល ដែល​អនុម័ត​កាលពី​ខែ​សីហា។ មួយ​ខែ​ទៀត នឹង​មាន​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ ដែល​មាន​បន្ទុក​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ក្នុង​រយៈ​ពេល​៨​ខែ​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI