កម្ពុជា-បោះឆ្នោត

គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​នាំ​មុខ​គេ​ដដែល​

លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​​ហ៊ុនសែន​​លើកបង្ហាញម្រាមដៃនៅ​ឱកាស​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅខេត្ត​កណ្តាល​ថ្ងៃ៣មិថុនា​២០១២
លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​​ហ៊ុនសែន​​លើកបង្ហាញម្រាមដៃនៅ​ឱកាស​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅខេត្ត​កណ្តាល​ថ្ងៃ៣មិថុនា​២០១២ REUTERS/Samrang Pring

ការ​រាប់​​សន្លឹកឆ្នោត​​សម្រាប់​​ការ​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​​នៅ​​មិន​ទាន់​​ចប់​សព្វគ្រប់​​នៅ​ឡើយ​​ទេ​​រហូត​មក​ទល់​​ល្ងាច​​ថ្ងៃ​អាទិត្យ​​នេះ​​​ពី​ព្រោះ​តែ​​ការិយាល័យ​​បោះឆ្នោត​​មួយ​ចំនួន​​ត្រូវ​បាន​​រាំងស្ទះ​ដោយ​សារ​តែ​​ភ្លៀង​​ធ្លាក់​​ខ្លាំង។​​ យ៉ាងណា​ក៏ដោយ​​ ​ការ​រាប់​​សន្លឹក​ឆ្នោត​​ត្រូវ​បាន​ធ្វើ​​រួច​រាល់​​អស់​ហើយ​​សម្រាប់​​ការិយាល័យ​​ភាគច្រើន​បំផុត​​នៅ​​ទូទាំង​ប្រទេស។លទ្ធផល​​ក្រៅ​ផ្លូវការ​​បណ្តោះ​អាសន្ន​​នៅ​​មិន​ទាន់​​ច្បាស់​លាស់​​នៅ​ឡើយ ​ប៉ុន្តែ​គណបក្ស​​ប្រជាជន​​កម្ពុជា​​នៅ​តែ​​នាំ​មុខ​គេ​​យ៉ាង​ច្រើន​​ដដែល។

ផ្សាយពាណិជ្ជកម្ម

ការរាប់​សន្លឹកឆ្នោត​បា​ន​ចាប់ផ្តើម​តាំងពី​ម៉ោង៣រសៀល​ថ្ងៃនេះ​បន្ទាប់ពី​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​បាន​បិទ។ ប៉ុន្តែ មេឃ​ភ្លៀង​ខ្លាំង​ក្នុង​បណ្តា​ខេត្ត​មួយចំនួន​រាប់ទាំង​ទីក្រុង​ភ្នំពេញ​ផង​បានធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រាប់​សន្លឹកឆ្នោត​ក្នុង​ការិយាល័យ​មួយចំនួន។

នៅ​មិនទាន់មាន​ទេ​លទ្ធផល​ផ្លូវការ​ទេ ប៉ុន្តែ មានតែ​ការអះអាង​របស់​គណបក្ស​មួយចំនួន​តែ​ប៉ុណ្ណោះ។ ​ជាទូទៅ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​នាំមុខគេ​យ៉ាងច្រើន​ដដែលប៉ុន្តែលោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បដិសេធ​​មិន​អត្ថាធិប្បាយ​អំពី​លទ្ធផល​របស់​គណបក្ស​​ប្រជាជន​ទេ ដោយ​ទុក​ឲ្យ គ.ជ.ប ជា​អ្នក​ផ្សព្វផ្សាយ។ យ៉ាងណាក៏ដោយ ប្រភព​ផ្សេង​​ទៀត​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​ទំនងជា​ឈ្នះ​ដាច់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​កាលពី​មុន​​គណបក្ស​សម រង្ស៊ី​បានឈ្នះ​កាន់កាប់​សង្កាត់​ចំនួនបី។

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សម រង្ស៊ី បាន​អះអាងថា លោក​មិនទាន់​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់​ទេ គ្រាន់តែ​ដឹងថា គណបក្ស​សម រង្ស៊ី បានឈ្នះ​បន្ថែម​ឃុំ​មួយទៀត​ក្នុង​ខេត្ត​រតនគិរី។ ប៉ុន្តែ លោក​យឹម សុវណ្ណ បាន​បរិហារ​ថា ការបោះឆ្នោត​លើក​នេះ​ស្ថិតក្នុង​ភាព​ច្របូក​ច្របល់​យ៉ាង​អាក្រក់​ដោយសារតែ​អ្នកបោះឆ្នោត​រាប់លាន​នាក់​បាត់ឈ្មោះ​រក​មិនឃើញ។ មន្ត្រី​គណបក្ស​សម រង្ស៊ី​រូបនេះ​ហាក់​មិន​សប្បាយ​ចិត្តនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ទេ​ដោយ​លោក​​បាន​ហៅថា​ជាការ​បោះឆ្នោត​ដែលមាន​ស្ថានភាព​អាក្រក់​បំផុត​មួយ។ លោក​បាន​ស្តី​បន្ទោស​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថា​រៀបចំ​មិនបាន​ល្អ។ សូមបញ្ជាក់ថា អត្រា​អ្នក​ចូលរួម​បោះឆ្នោត​មានតែ​ប្រហែល៦០ភាគរយ​ប៉ុណ្ណោះ។

ចំណែកឯ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​វិញ ហាក់​បាន​សម្តែង​ការ​សប្បាយ​រីក​រាយ​ចំពោះ​លទ្ធផល​បោះឆ្នោត​ថ្ងៃនេះ។ លោក​អះអាងថា គណបក្ស​សិទ្ធិមនុស្ស​របស់លោក​ឈ្នះ​បាន​លទ្ធផល​ឈរ​លេខ២បន្ទាប់ពី​គណបក្ស​ប្រជាជន​ក្នុង​ឃុំ​សង្កាត់​ជាច្រើន។

យ៉ាងណាក៏ដោយ ទាំងនេះ​គ្រាន់តែ​ជាការ​អះអាង​ក្រៅផ្លូវការ​ក្នុងពេល​រាប់​សន្លឹកឆ្នោត​របស់​គ​ណ​បក្សនីមួយៗតែប៉ុណ្ណោះ។

គួររម្លឹកថា កាលពី​ការបោះឆ្នោត​ឆ្នាំ២០០៧ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ៧ ៩៩៣ ក្នុងចំណោម​អាសនៈ​សរុប ១១ ៣៥៣ នៅ​ទូទាំងប្រទេស។ គណបក្សកាន់អំណាច​ក៏បាន​កាន់កាប់​តំណែង​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន ១ ៥៩២ ក្នុងចំណោម​ឃុំ​សង្កាត់​ទាំងអស់​ដែល​កាលណោះ​មាន​ចំនួន ១ ៦២១ ទូទាំងប្រទេស។

ចំណែក​គណបក្ស​សម រង្ស៊ី​វិញ បាន​ទួល​អាសនៈ​សរុប ចំនួន ២ ៦៦០ និង​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ២៨​ឃុំសង្កាត់។ គណបក្ស​មួយទៀត​ដែលមាន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​មួយចំនួន​ដែរនោះ​គឺ ហ្វ៊ុនស៊ិនប៉ិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI