កម្ពុជា

សមាគម​អ្នកប្រជាធិបតេយ្យ​​ ៖ លោកម៉ម សូណង់ដូ​​មិនបាន​​នៅពីក្រោយ​​ចលនា​​ប៊ុន រដ្ឋា​​

សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​សម្រេច​ចិត្ត​រៀបចំ​សន្និសីទ​កាសែត​
សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​សម្រេច​ចិត្ត​រៀបចំ​សន្និសីទ​កាសែត​ © ស៊ីវ​ ចាន់ណា

សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​សម្រេច​ចិត្ត​រៀបចំ​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ច្រានចោល​រាល់​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​ម៉ម សូណង់ដូ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​សកម្មភាព​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​នៅ​ក្នុង​ឃុំ​កំពង់​ដំរី​ខេត្ត​ក្រចេះ។ សន្និសីទ​កាសែត​ត្រូវ​បាន​រៀបចំ​ធ្វើ នៅ​ពេល​ដែល​មាន​ព័ត៌មាន​ថា លោក​ម៉ម សូណង់ដូ​ដែល​កំពុង​នៅ​បរទេស​មាន​គម្រោង​មក​កម្ពុជា​ក្នុង​សប្តាហ៍​ក្រោយ។  

ផ្សាយពាណិជ្ជកម្ម

លោកម៉ម សូណង់ដូ​ដែល​ជា​ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​មិន​បាន​នៅ​ពី​ក្រោយ​ចលនា​នៅ​ភូមិ​ប្រម៉ា​ឃុំ​កំពុងដំរី​ខេត្ត​ក្រចេះ​នោះ​ឡើយ។ នេះ​ជា​ការ​ប្រកាស​របស់​លោក​ជា បំរ៉ុង​អនុ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​សន្និសីទ​កាសែត។

លោក​ជា បំរ៉ុង​បាន​បញ្ជាក់​ថា ការ​ប្រព្រឹត្ត​របស់ ប៊ុន រដ្ឋា​មិនមាន​ពាក់ព័ន្ធ ​និង​មិន​មាន​បទបញ្ជា​ពី​លោក ម៉ម សូណង់ដូ​នោះ​ទេ ​ពីព្រោះ​លោក​ម៉ម សូណង់ដូ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា មុន​ព្រឹត្តិការណ៍ ដែល​រដ្ឋាភិបាល​តាម​ចាប់​ប៊ុន រដ្ឋា ​នោះ​ទៅទៀត។

ការអះអាង​របស់​មន្ត្រី​សមាគម​អ្នកប្រជាធិបតេយ្យ​នៅពេលនេះ​បានធ្វើ​ឡើង​ បន្ទាប់ពី​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ចាត់​វិធានកា​រ​តាមផ្លូវ​ច្បាប់​ប្រឆាំង​ប្រធាន​សមាគម​ អ្នកប្រជាធិបតេយ្យ ក្រោម​បទចោទ​ប្រកាន់​ថា បាន​បំផុស​ប្រជាជន​ឲ្យ​ចាប់ដី​ខុសច្បាប់​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី​ស្រុកឆ្លូង​ខេត្តក្រចេះ។

បើ​តាម​ការ​បញ្ជាក់​របស់​អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក​ម៉ម សូណង់ដូ​ដែល​សព្វថ្ងៃ​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ។
សូមរម្លឹកថា កាល​ពី​ថ្ងៃ​ទី​១៦​ឧសភា រដ្ឋាភិបាល​បាន​បង្ក្រាប​មនុស្ស​មួយ​ក្រុម​ដែល​រដ្ឋាភិបាល​ចាត់ទុកថា ពួកគេ​មាន​ចេតនា​បង្កើត​តំបន់​អបគមន៍ នៅ​ក្នុង​ភូមិ​ប្រម៉ា​ឃុំ​កំពង់ដំរី​ខេត្ត​ក្រចេះ​ដោយសារ​តែពួកគេ​បាន​ចាត់ចែង​បែងចែក​ដី​ធ្លី​អោយ​ប្រជាជន​ជំនួស​អាជ្ញាធរ។

នៅក្នុង​ហេតុការណ៍​បង្ក្រាប​នោះ មាន​ជន​សង្ស័យ ៥ នាក់​ត្រូវបាន​ប៉ូលិស​តាម​ចាប់ខ្លួន។ បើតាម​ការ​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្ត្រី​មាន​មនុស្ស​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចេញ​សារភាព​ហើយ ហើយ​ពួកគេ​ត្រូវ​បាន​បង្វែរ​អោយ​ធ្វើ​ជា​សាក្សី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI