អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​អនុម័ត​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​ដោយ​គ្មាន​បក្សប្រឆាំង

ធាតុជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម ដែល​គេ​តម្កល់​ទុក​នៅ​បឹងជើងឯក
ធាតុជនរងគ្រោះ​ដោយ​របប​ខ្មែរក្រហម ដែល​គេ​តម្កល់​ទុក​នៅ​បឹងជើងឯក ©ម៉េងហួរ/RFI
ដោយ៖ ស៊ុន មេសា
១៣ នាទី

រដ្ឋសភាកម្ពុជា នៅព្រឹកនេះ ដែល​មាន​តែ​សមាជិក​៨៦​រូប​ប៉ុណ្ណោះ បាន​អនុម័ត​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម។ ខណៈ​ដែល​បក្ស​ប្រឆាំង​អះអាង​ថា ឆាប់​រហ័ស​ពេក និង​ជា​លក្ខណៈ​ចំណេញ​នយោបាយ​របស់​បក្ស​កាន់​អំណាច។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីស្នើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម ដែល​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​ជាតិ​ដែល​មាន​វត្តមាន​សមាជិក តែ​៨៦​រូប​បាន​បោះឆ្នោត​អនុម័ត​ទាំងស្រុង​ហើយ នៅ​ថ្ងៃ​សុក្រ ទី៧ មិថុនា​នេះ។

តំណាងរាស្ត្រ​ហត្ថលេខី​នៃ​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម លោក ជាម យៀប បាន​ថ្លែង​ថា ច្បាប់​នេះ មាន​គោលដៅ​ចង់​ឱ្យ​ពលរដ្ឋ​ចងចាំ​របប​ខ្មែរក្រហម និង ផ្តន្ទាទោស​ដល់​ជន​ណា ដែល​មិន​ទទួល​ស្គាល់ ការ​កាប់​សម្លាប់​នៃ​របប​ខ្មែរក្រហម គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ។
លោកតំណាងរាស្ត្រ​គណបក្ស​ប្រជាជាជន បាន​សង្កត់​ធ្ងន់​ថា ការ​មិន​ទទួល​ស្គាល់​ច្បាប់​នេះ គឺ​ជា​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម។ របប​ខ្មែរក្រហម​ដែល​បាន​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៣​លាន​នាក់ ក្នុង​រយៈពេល​៣​ឆ្នាំ​៨ ខែ និង ២០ថ្ងៃ។

ច្បាប់ដែលមានតែ៥មាត្រានេះ គឺ​នឹង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់ ២​ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​ពី១ លាន ដល់ ៤លាន​រៀល។ 

ក្នុងកិច្ចពិភាក្សា​រយៈពេល​ជិត​២​ម៉ោង ស្តីពី​ច្បាប់​នេះ​ដែរ អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​ថ្លែង​ថា ការអនុម័ត​ច្បាប់​ស្តីពី​ការប្រឆាំង​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ក្នុង​សម័យ​ខ្មែរក្រហម​នា​ពេល​នេះ គឺ​យឺត​ពេល​ផង។ យឺត​ពេល​ដោយ លោក​អះអាង​ថា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​និយាយ​រួច​ទៅ​ហើយ​ ថា​គ្មាន​ការ​កាប់​សម្លាប់​ក្នុង​គុក​ទួលស្លែង​នោះ។ តែទោះជាយ៉ាងណា បក្សប្រឆាំង បាន​អះអាង​ថា​លោក កឹម​សុខា​ដែល​គ្រោង​នឹង​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នេះ មិន​បាន​និយាយ​ថា​គុក​ទូលស្លែង​ជា​គុក​សិប្បនិម្មិត​នោះ​ទេ។

គួរបញ្ជាក់ថា ការអនុម័តច្បាប់ស្តី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម របស់​រដ្ឋសភា​នេះ​ដែរ គណបក្ស​ប្រឆាំង​ដែល​មិន​បាន​ចូលរួម​អនុម័ត​ច្បាប់ បាន​ស្នើ​ឱ្យ​រដ្ឋសភា​ពន្យារ​ពេល​អនុម័ត ហើយ​អះអាង​ថា​ច្បាប់​នេះ មាន​លក្ខណៈ​ចំណេញ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ