កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានសេរីភាពអ៊ីនថឺណិតខ្លះដែរ
អង្គការ Freedom House បានផ្សាយចេញផ្សាយរបាយការណ៏សិក្សាថ្មីរបស់ខ្លួនមួយ នៅខែតុលានេះ ដោយកត់សម្គាល់ថា សេរីភាពតាមប្រពន្ធ័អ៊ីនថឺណិតនៅទូទាំងពិភពលោក ស្រុតចុះ នៅឆ្នាំ២០១៣នេះ។ ស្រុតចុះដោយសារបញ្ហាឈ្លបយកការណ៍ ការបង្កើតច្បាប់គ្រប់គ្រងអត្ថបទក្នុងអ៊ីនថឺណិត និងការកើនឡើងនៃការចាប់ខ្លួនអ្នកប្រើប្រាស់ អ៊ីថឺណិត។ ដោយឡែក កម្ពុជាក៏ត្រូវបានអង្គការនេះចាត់ទុកជាប្រទេសដែលមានសេរីភាពអ៊ឺថឺណេតខ្លះៗដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសកម្ពុជា ត្រូវបានអង្គការសេរីភាពសារព័ត៌មាន Freedom House ដាក់ឲ្យស្ថិតនៅលើតារាងចំណាត់ថ្នាក់ ថាជាប្រទេសដែលមានសេរីភាពនៃការប្រើប្រាស់ប្រព័ន្ធអ៊ីថឺណេតខ្លះដែរ។ នេះបើតាមរបាយការណ៍ដែលបង្ហាញការឃ្លាំមើល ចន្លោះពីខែឧសភា ២០១២ ដល់ខែមេសា ២០១៣។ សេរីភាពនេះ មានខ្លះៗប៉ុណ្ណោះ ពីព្រោះអង្គការនេះអះអាងថា អត្ថបទនយោបាយ សង្គម និងសាសនា នៅកម្ពុជា ត្រូវបានរឹតបន្តឹងមិនឲ្យផ្សព្វផ្សាយ។
នាយកកម្មវិធីសេរីភាពលើប្រព័ន្ធអ៊ីនថឺណិត លោកស្រី សានចា ខែលលី (Sanja Kelly) បានថ្លែងនៅក្នុងរបាយការណ៍នោះថា មានប្រទេសជាច្រើនកំពុងពេញនិយម ក្នុងការចាប់កំហុស ឬចាប់ពិរុទ្ធ ដល់អ្នកប្រើប្រាស់អ៊ីនថឺណិត។ រដ្ឋាភិបាលនៃប្រទេសទាំងនោះ ក៏បានបង្កើនការត្រួតពិនិត្យ ដើម្បីរកវិធីផ្ដន្ទាទោសដល់អ្នកប្រើប្រាស់។ លោកស្រី សានចា បានបញ្ជាក់ថា នៅប្រទេសខ្លះ អ្នកប្រើប្រាស់អ៊ីនថឺណេត ត្រូវចាប់ខ្លួន ដោយគ្រាន់តែគេសរសេរពាក្យពេចន៍ខ្លះលើបណ្តាញសង្គមហ្វេសប៊ុក Facebook ឬ គ្រាន់តែបង្ហោះមតិរិះគន់ដល់អាជ្ញាធរ។
កម្មវិធីសេរីភាពលើប្រព័ន្ធអ៊ីនថឺណិត ឆ្នាំ២០១៣នេះ ត្រូវបានគេកំណត់សេរីភាពអ៊ីនថឺណិត ក្នុងប្រទេសចំនួន ៦០ ដោយវាយតម្លៃ ផ្អែកលើការរាំងស្ទះនៃការប្រើប្រាស់អ៊ីថឺណិត ដែលរួមមាន ការរឹតត្បិតលើការសរសេរអត្ថបទ និងការរំលោភសិទ្ធិអ្នកប្រើប្រាស់។
របាយការណ៍ ៤១ទំព័រ បានបង្ហាញថា គេរកឃើញថា មានប្រទេសចំនួន២៤ ក្នុងចំណោមប្រទេស៦០ បានចេញច្បាប់ គំរាមកំហែងសេរីភាពអ៊ីនថឺណិត ហើយច្បាប់ខ្លះទៀតបានកំណត់ដាក់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ ចំពោះការប្រើពាក្យសម្តី ដែលប៉ះពាល់ដល់រដ្ឋាភិបាល នៅលើប្រព័ន្ធអ៊ីថឺណេត។ ជាមួយគ្នានោះ គេក៏រកឃើញថា មានប្រទេសចំនួន៣៤ ក្នុងចំណោម៦០ ដែលសេរីភាពអ៊ីនធឺណិតបានធ្លាក់ចុះ។
ប្រទេសវៀតណាម និងអេត្យូពី នៅតែទទួលការគាបសង្កត់ធ្ងន់ធ្ងរ។ ប្រទេសដែលយ៉ាប់យឺនក្នុងការប្រើអ៊ឺថឺណេតខ្លាំងបំផុត គឺប្រទេសចិន គុយបា និងអ៊ីរ៉ង់។ ចំណែកប្រទេសប្រជាធិបតេយ្យ៣ ផ្សេងទៀត គឺឥណ្ឌា សហរដ្ឋអាមេរិក និងប្រេស៊ីល ក៏មានការធ្លាក់ចុះខាងសេរីភាពអ៊ីថឺណិតគួរឱ្យកត់សម្គាល់ដែរ។ របាយការណ៍ឲ្យដឹងទៀតថា ប្រទេសដែលមានសេរីភាពអ៊ីថឺណេតខ្ពស់ជាងគេ គឺប្រទេសអ៊ៀងឡង់ និងអេស្តូនី។
គួរកត់សម្គាល់ថា សេរីភាពអ៊ីនថឺណេតនៅកម្ពុជា កំពុងរីកដុះដាលយ៉ាងខ្លាំងរយៈពេលចុងក្រោយនេះ។ បណ្តាញសង្គមFacebookកំពុងក្លាយជាមធ្យោបាយទំនាក់ទំនងដ៏ពេញនិយម។ កាលពីខែឧសភា ឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានបង្ហាញពីបំណងធ្វើសេចក្ដីព្រាងច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនថឺណិត។
ប៉ុន្តែ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រី្តដំបូង កាលពីថ្ងៃទី ២៥កញ្ញាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ដោយប្តេជ្ញាថា រដ្ឋាភិបាលកម្ពុជា គ្មានចេតនានឹងរឹតបណ្តឹងសេរីភាពប្រព័ន្ធអ៊ីថឺណេតនោះទេ។ រដ្ឋាភិបាលកម្ពុជា គ្រាន់តែស្នើសុំកុំឲ្យមានការប្រើពាក្យពេចន៍ប្រមាថព្រះមហាក្សត្រ លើបណ្តាញសង្គម ដូចជា Facebook ឬ twitter តែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ