កម្ពុជា

កម្ពុជា-ថៃ​ដកទ័ព​​ចេញពី​​តំបន់​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​​

ថ្ងៃ​ពុធ ទី​១៨​កក្កដា​នេះ​ កម្ពុជានិង​ថៃ សម្រេច​ដក​កង​ទ័ព​​ជាលើក​ទី១ចេញពី​​តំបន់​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​
ថ្ងៃ​ពុធ ទី​១៨​កក្កដា​នេះ​ កម្ពុជានិង​ថៃ សម្រេច​ដក​កង​ទ័ព​​ជាលើក​ទី១ចេញពី​​តំបន់​​ព្រំដែន​​ប្រាសាទ​​ព្រះវិហារ​ © លី​ ម៉េងហួរ

ដូច​ការគ្រោងទុក​ នៅ​ថ្ងៃ​ពុធ ​ទី​១៨​កក្កដា​នេះ​ កម្ពុជា និង​ថៃ ​បានសម្រេច​កែ​សម្រួល​ ដក​កង​ទ័ព​​កម្ពុជា លើក​ទី១ ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​។ ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ដក​កងទ័ព​ ចំនួន ៤៨៥ នាក់ ​នាព្រឹក​ថ្ងៃពុធ​នេះ ​នៅ​ទីបញ្ជាការ​សន្តិភាព ៥​មករា​ ជើងភ្នំ​ប្រាសាទ​ព្រះវិហារ។ ​ដោយឡែក​ភាគី​ថៃ ​ក៏​ប្រារព្ធ​ពិធី​ដកទ័ព​ដូចគ្នា នៅ​ទល់មុខ​នឹង​ប្រាសាទ​ព្រះវិហារ​។ ​កងទ័ព​កម្ពុជា ​និង​ថៃ​ ដែល​បាន​ដកចេញ ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន ​ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា​ នាពេលនេះ​ គឺ​អនុវត្ត​តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ​កាលពី​ថ្ងៃ​ទី១៨​កក្កដា​ ឆ្នាំ​២០១១​។ 

ផ្សាយពាណិជ្ជកម្ម

ពិធី​កែសម្រួល ​ដក​កងទ័ព​កម្ពុជា ជំ​ហ៊ាន​ដំបូង ចំនួន ៤៨៥ ​នាក់ ចេញ​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ​ពិធី​ជួបជុំ នៅ​ជើងភ្នំ​ប្រាសាទ​ព្រះវិហារ ​មាន​តំណាង​រដ្ឋាភិបាល​កម្ពុជា ​សមាជិក​សភា ព្រឹទ្ធសភា អនុព័ន្ធ​យោធា ​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​នៅ​កម្ពុជា ចំនួន ១១ ប្រទេស ​ដែល​រួមមាន​ទាំង​អនុព័ន្ធយោធា ​របស់​ប្រទេស​ថៃ​ផង​ដែរ​។

ការកែសម្រួល​ដក​កងទ័ព​កម្ពុជា ​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន តាម​ដីកា​សម្រេច​របស់​តុលាការ​ឡាអេ បាន​ធ្វើឡើង​ បន្ទាប់ពី​កិច្ចប្រជុំ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ ​យីង​ឡាក់ ស៊ីណា​វ៉ាត់​ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា​ ឆ្នាំ​២០១២ ​នៅ​ទីក្រុង​សៀមរាប​។ ​នោះ​គឺ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា កែ​សម្រួល​ដក​កងទ័ព​រៀងខ្លួន​។

ការកែសម្រួល ដក​កងទ័ព​កម្ពុជា ៤៨៥ នាក់​ ក្នុង​ជំហាន​ទី១​នេះ ​គឺ​កែសម្រួល​ ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ចំនួន ៤ ​ចំនុច រួមមាន​៖ ផ្សារ​ជណ្តើរ​នាគ ​ជណ្តើរ​បុរាណ​ខាងជើង​ ជណ្តើរ​បុរាណ​ខាងកើត ​និង​វត្ត​កែវ​សិក្ខា​គីរី​ស្វារៈ​។ ទីតាំង​ទាំង​៤​នោះ​ ត្រូវ​ជំនួស​មកវិញ​ ដោយ​កងកម្លាំង​នគរបាល​ចំនួន ២៥៥ នាក់ ​និង​សន្តិសុខ​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ចំនួន ១០០​នាក់​។

ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹក​មិញ លោកនាយ​ឧត្តមសេនីយ៍​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​គូស​បញ្ជាក់ថា ការកែសម្រួល​កងទ័ព​កម្ពុជា ​នាពេលនេះ ​បញ្ជាក់ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ​ប្រទេស​កម្ពុជា​គោរព​ករណីយកិច្ច​ជា​រដ្ឋ​ភាគី​សមាជិក​អង្គការ​សហប្រជាជាតិ​ និង​ច្បាប់​អន្តរជាតិ​ជាពិសេស​គោរព​បាន​នូវ​សិទ្ធិ​ជា​ម្ចាស់ផ្ទះ ដែល​មាន​កាតព្វកិច្ច ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ហើយ​បាន​ចាប់ផ្តើម​អនុវត្ត​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ លេខ ១៥១ ​ថ្ងៃទី១៨​កក្កដា​ ឆ្នាំ​២០១១​។ ​នោះ​គឺ​ការ​ដកទ័ព ​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន ​ទំហំ​ជាង​១៧គីឡូម៉ែត្រ​ក្រឡា។

នៅ​ទល់មុខ​ប្រាសាទ​ព្រះវិហារ នៅ​តំបន់​ផ្ទះ​ក្រហម ខាង​ទឹកដី​ថៃ កងទ័ព​ថៃ ក៏​ត្រូវបាន​រៀបចំ​ពិធី​ដកទ័ព​ផងដែរ​។ ប៉ុន្តែ​មិន​មាន​សេចក្តី​រាយការណ៍​ពី​ចំនួន​កងទ័ព​ថៃ ដែល​បាន​ដកចេញ​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ នា​ព្រឹក​មិញ​ឡើយ។

សូម​បន្ថែមថា ​ខាង​កម្ពុជា នៅ​ចុងបញ្ចប់​នៃ​ពិធី​កែសម្រួល ​ដក​កងទ័ព​ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ នា​ព្រឹក​មិញ ក៏​មាន​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤ នៃ​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៧​កក្កដា​ឆ្នាំ​២០០៨។​ កងទ័ព​កម្ពុជា-ថៃ​ បាន​ប្រឈមមុខ​ដោយ​អាវុធ​និងផ្ទុះ​សង្គ្រាម​ជាញឹកញាប់​ចាប់តាំង​ពីថ្ងៃ​ទី១៥​កក្កដា ​ឆ្នាំ២០០៨​ នៅពេល​កងទ័ពថៃ​ចូលមក​ឈរជើង​កាន់កាប់​លើទឹកដី​កម្ពុជា​ជាប់​ប្រាសាទព្រះវិហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI