ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បេសកកម្ម​បង្រួប​បង្រួម​បក្ស​ប្រឆាំង​ពោរពេញ​ដោយ​ឧបសគ្គ​

សំឡេង ០៤:៣៥
លោក​សម រង្ស៊ី​​ និង​​លោក​កឹម សុខា ​ថា​​គណបក្ស​​ប្រឆាំង​​ទាំងពីរ​​ព្រមព្រៀង​​​​បញ្ចូល​​គ្នា​​ជា​​គណបក្ស​​តែមួយ​ង​ម៉ានីលនាចុងខែមិថុនា
លោក​សម រង្ស៊ី​​ និង​​លោក​កឹម សុខា ​ថា​​គណបក្ស​​ប្រឆាំង​​ទាំងពីរ​​ព្រមព្រៀង​​​​បញ្ចូល​​គ្នា​​ជា​​គណបក្ស​​តែមួយ​ង​ម៉ានីលនាចុងខែមិថុនា RFI/Ly Meng Hour

គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បានប្រកាស​នៅក្នុង​សប្តាហ៍​នេះ​ពី​ការព្រមព្រៀង​គ្នា​ក្នុងការ​បង្កើត​គណបក្ស​ថ្មី​មួយ​ក្នុងពេល​ឆាប់ៗនេះ​ដោយ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ប្រឆាំង​​ទាំងពីរ។ ​គោលដៅ​នៃ​ការបង្កើត​គណបក្ស​តែមួយ​គឺ​ដើម្បី​រួម​កម្លាំង​គ្នា​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច។ ​នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកប្រឆាំង​រដ្ឋាភិបាល ​និង​អ្នក​ដែល​ចង់ឃើញ​តុល្យភាព​អំណាច​នៅ​កម្ពុជា។ ​ប៉ុន្តែ ​ការរួមបញ្ចូល​គ្នា​នៃ​គណបក្ស​ប្រឆាំង​ទាំងពីរ​ត្រូវគេ​មើលឃើញ​ថា ពិបាក​នឹង​ចេញរួច​ណាស់។ ​តើ​អ្វីខ្លះ​ជា​ឧបសគ្គ​សម្រាប់​ការរួបរួម​គណបក្ស​ទាំងពីរ? 

ផ្សាយពាណិជ្ជកម្ម

 

 
ការប្រកាស​របស់លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា ថា​គណបក្ស​ប្រឆាំង​ទាំងពីរ​បាន​ព្រមព្រៀង​រួម​បញ្ចូល​គ្នា​ជា​គណបក្ស​តែមួយ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​បក្សប្រឆាំង ​និង​អ្នក​ដែល​ប្រាថ្នា​ចង់ឃើញ​តុល្យភាព​អំណាច​នៅ​កម្ពុជា​សប្បាយចិត្ត។​ សប្បាយចិត្ត​ដ្បិត​ពួកគេ​លួច​សង្ឃឹម​ថា អំណឹះ​តទៅ​គណបក្ស​ប្រឆាំង​អាច​នឹង​ខ្លាំង​ជាង​មុន។​ បើទោះបីជា​គណបក្ស​ប្រឆាំង​ថ្មី​នោះ​នៅ​មិនទាន់​អាច​យកឈ្នះ​គណបក្ស​កាន់អំណាច​ក្នុងពេល​ឆាប់ៗ​នេះ​ក៏ដោយចុះ ​ក៏ប៉ុន្តែ យ៉ាងហោចណាស់​ក៏​បក្សប្រឆាំង​អាច​ពង្រឹង​ខ្លួន​បាន​ខ្លាំង​ជាមុន​តាមរយៈ​ការរួម​គ្នា​ជា​កម្លាំង។

លទ្ធផល​ជាក់ស្តែង​ដែល​គណបក្ស​ទាំងពីរ​នេះ​បានបង្ហាញ​គឺ​ ការព្រមព្រៀង​បង្កើត​គណបក្ស​ថ្មី​មួយ​ដែលមាន​លោក​សម រង្ស៊ី​ជា​ប្រធាន និង​លោក​កឹម សុខា ជា​អនុប្រធាន ហើយ​គណបក្ស​ថ្មី​នោះ​ត្រូវ​ស្ថិតនៅក្រោម​យន្តការ​នៃ​គណៈកម្មការ៣​គឺ គណៈកម្មការ​នីតិបញ្ញត្តិ,​ នីតិប្រតិបត្តិ ​និង​គណៈកម្មការ​វិន័យ។ ​អ្វីដែល​សំខាន់​ដែរនោះ​គឺ ប្រធាន​និង​អនុប្រធាន​ត្រូវធ្វើ​សេចក្តី​សម្រេច​តាម​គោលការណ៍​«ឯកច្ឆន្ទ» មានន័យថា លោក​សម រង្ស៊ី និង​លោក កឹម សុខា មាន​សិទ្ធិ​ស្មើគ្នា​នៅក្នុង​ការធ្វើ​សេចក្តី​សម្រេចចិត្ត​ក្នុង​គណបក្ស។ ​លទ្ធផល​នេះ​អាច​ចាត់ទុកថា​ជា​ជំហាន​សំខាន់​មួយ ​គឺ​សំខាន់​នៅត្រង់​គោលការណ៍​នៃ​ការដឹកនាំ​គណបក្ស។​ គោលការណ៍​នេះ​បើទោះបីជា​វា​បង្ហាញ​ពី​ការ​ប្រជែង​អំណាច​គ្នា​យ៉ាងខ្លាំង​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា​ក៏ដោយចុះ ក៏​វា​ជា​ប្រការ​ល្អ​ម្យ៉ាងដែរ​សម្រាប់​ទប់ទល់​នឹង​ការមិនទុក​ចិត្ត​គ្នា​រវាង​មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ។​ រីឯ «ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ»​ដែល​គណបក្ស​ទាំងពីរ​បានប្រកាស​ឡើង​វា​គ្រាន់តែ​ជា​នយោបាយ​ចាស់​ផ្លាស់​ពណ៌​ថ្មី ​ហើយក៏​នឹងមាន​វាសនា​មិន​ខុស​អ្វី​ពីសម្ពន្ធ​ភាព​បក្សប្រឆាំង​កាលពី​លើកមុនៗ​នោះឡើយ។

ដូច្នេះ សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ ​លទ្ធផល​នៃ​កិច្ចចរចា​ក្រុង​ម៉ានីល​គ្រាន់តែ​ជាការ​ព្រមព្រៀង​ជាគោលការណ៍​សម្រាប់​ចំណុច​ចាប់ផ្តើម​និយាយ​ពី​តំណែង​មេបក្ស​មួយ​តែប៉ុណ្ណោះ។​ នៅមាន​ចំណុច​ស្មុគស្មាញ​ជាច្រើន​ទៀត​ទាក់ទង​នឹង​រចនា​សម្ព័ន្ធ​​គណបក្ស​ថ្មី​នេះ​ដែល​មិនទាន់បាន​ដោះស្រាយ​នៅឡើយ ​និយាយ​ឲ្យ​ចំ​គឺ​ការស្វែងរក​តុល្យភាព​អំណាច​នៅក្នុង​គណបក្ស​នេះ​តែម្តង។

ក្រៅពី​នោះគេ​ក៏​មិនត្រូវ​ភ្លេច​បញ្ហា​ផ្លូវច្បាប់​នោះឡើយ! ​ការបាត់បង់​កៅអី​ទាំងអស់​នៅក្នុង​រដ្ឋសភា ​និង​ក្នុង​ក្រុមប្រឹក្សាឃុំ​សង្កាត់ គឺជា​រឿង​ធ្ងន់ធ្ងរ​មួយ ​ប៉ុន្តែ រឿងនេះ​ទំនងជា​អាច​ទម្លុះ​ទម្លាយ​បាន​ពីព្រោះ​ការបាត់បង់​ដែល​គេ​សង្ឃឹមថា​នឹង​អាច​ប្រមូលបាន​មកវិញ​នៅក្រោយ​ការបោះឆ្នោត​ ឬក៏​អាច​នឹង​បាន​លើស​ដើម​ផង​នោះ ជា​រឿង​ដែល​គួរតែ​ប្រថុយ។ ​ប៉ុន្តែ បញ្ហា​ដែល​ធំធេង​ជាងនេះ​ទៅទៀត​នោះ​គឺ លោក​សម រង្ស៊ី ​ត្រូវបាន​តុលាការ​កម្ពុជា​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជិត១០ឆ្នាំ ​ក្នុង​រឿង​ព្រំដែន​ដ៏​ចម្រូង​ចម្រាស់។ ​ថ្វីដ្បិតតែ​លោក​សម រង្ស៊ី ចាត់ទុក​ខ្លួនឯង​ថា​គ្មាន​ទោស ​ប៉ុន្តែ រដ្ឋាភិបាល​ក្រុងភ្នំពេញ​បាន​ហៅ​លោក​សម រង្ស៊ី​ថា​ជា«ទណ្ឌិត»​ម្នាក់​រួច​ទៅហើយ។ ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ «ទណ្ឌិត» មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ។ ​ដូច្នេះ គណបក្ស​ប្រឆាំង​ថ្មី​ដែលមាន​លោក​សម រង្ស៊ី ជា​ប្រធាន​ច្បាស់​ជា​មិនអាច​ចេញរួច​ឡើយ។

នៅក្នុង​បរិបទ​បែបនេះ​ មាន​បញ្ហា​ធំធេង​មួយចំនួន​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​ដោះស្រាយ​ចំពោះមុខ។ ​ដំណោះស្រាយ​សំខាន់បំផុត​គឺ ​លោក​សម រង្ស៊ី​ត្រូវ​រិះរក​មធ្យោបាយ​បញ្ចប់​បញ្ហា​ជាមួយ​តុលាការ​ជាមុនសិន​ដើម្បី​ទទួល​បាន​នីតិសម្បទារ​ឡើងវិញ។ ​ប្រសិនបើ​មិន​ដូច្នោះ​ទេ លោក​សម រង្ស៊ី​​ប្រហែល​ជា​ត្រូវ​ប្រថុយ​លះបង់​តំណែង​ប្រធាន​គណបក្ស​ថ្មី​មួយរយៈ​សិន​រហូត​ពេលណា​ដែល​លោក​អាច​វិល​ចូល​ឆាក​នយោបាយ​វិញ​ដោយ​ស្របច្បាប់។ ​ទាំងនេះ​ជា​ជម្រើស​ទ្វេ​គ្រោះ​ដែល​ទាមទារ​ឲ្យ​មានការ​លះបង់ ​និង​ការប្រថុយ​ប្រថាន​ខ្លាំង​បំផុត​នៅក្នុង​បេសកកម្ម​បង្រួប​បង្រួម​គណបក្ស​ប្រឆាំង។​ ក្នុងស្ថានភាព​ដ៏​ស្មុគស្មាញ រីឯ​ការបោះឆ្នោត​ក៏​កាន់តែ​កៀក​ណាស់​ទៅហើយនោះ តើ​អាចទៅរួច​ដែរឬទេ​ដែល​គណបក្សប្រឆាំង​ថ្មី​ អាច​បង្ហាញខ្លួន​សម្រាប់​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ២០១៣ ខាងមុខ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI