អានតួអត្ថបទ
កម្ពុជា

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និងសិទ្ធិមនុស្ស​ចេញ​សេចក្ដី​ថ្លែង​ការណ៍ថា រដ្ឋសភា​ខ្មែរ​បាត់បង់​សុពលភាព

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា RFI/Siv Channa
ដោយ៖ អ៊ឹម រចនា
១៨ នាទី

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​នេះ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ក្រោម​ចំណង​ជើង​ថា «រដ្ឋ​សភា​ខ្មែរ​បាត់បង់​សុពលភាព»។ ដោយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ បាន​បញ្ជាក់​ថា ការ​បដិសេធ​មិន​ទទួល​ស្គាល់​តួនាទី​សភា​នៃ​អ្នក​តំណាង​រាស្ត្រ​ទាំង​២៨​រូប​មក​ពី​គណបក្ស​សមរង្ស៊ី និង​សិទ្ធិ​មនុស្ស របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា បាន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា​នៅ​សល់​តែ​ចំនួន​៩៥​រូប ដែល​ចំនួន​នេះ​តិច​ជាង​ចំនួន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ដែល​នាំ​ដល់ «ការ​រំលាយ​រដ្ឋ​សភា​មុន​នីតិកាល»។

ផ្សាយពាណិជ្ជកម្ម

 

សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ម្សិលមិញ មិន​ត្រឹម​តែ​​មិន​អញ្ជើញ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ទាំង​២៨​រូប ឲ្យ​ចូលរួម​ប្រជុំ​រដ្ឋ​សភា​វិសាមញ្ញ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ស្អែក​​ទេ តែ​ថែម​ទាំង​បង្កក​ប្រាក់​បំណាច់​របស់​ក្រុម​តំណាង​រាស្ត្រ​នេះ​ថែម​ទៀត។ សេចក្ដី​សម្រេច​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំងពីរ​ខាង​លើ ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​ថា រដ្ឋ​សភា​ខ្មែរ​បាត់បង់​សុពលភាព។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​ថា រដ្ឋ​សភា​ខ្មែរ​បាត់​បង់​សុពលភាព​ ព្រោះ​ការ​បដិសេធ​មិន​ទទួល​ស្គាល់​តួនាទី​នៃ​អ្នក​តំណាង​រាស្ត្រ​ពី​បក្ស​ប្រឆាំង​ទាំង​២៨​រូប។ ការណ៍​នេះ​​នាំ​ឲ្យ​ចំនួន​អ្នក​តំណាង​រាស្ត្រ​ក្នុង​រដ្ឋ​សភា​នៅ​សល់​តែ​ចំនួន​៩៥​រូប ដែល​ចំនួន​នេះ​តិច​ជាង​ចំនួន​កំណត់​ដោយ​រដ្ឋ​ធម្មនុញ្ញ។ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ដែល​ចែង​ថា «រដ្ឋ​សភា​មាន​តំណាង​រាស្ត្រ​យ៉ាង​តិច​១២០​នាក់»។ ពេល​ដែល​រដ្ឋ​សភា​នៅ​សល់​តំណាង​រាស្ត្រ​តែ​៩៥​រូប ពេល​នោះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​រំលាយ​រដ្ឋ​សភា​មុន​នីតិកាល។ ហើយ​រដ្ឋ​សភា​ដែល​នៅ​សល់​តែ​តំណាង​រាស្ត្រ​ចំនួន​៩៥​រូប​នេះ​ដែរ មិន​អាច​មាន​សុពលភាព ឬ​សិទ្ធិ​អំណាច ដើម្បី​ធ្វើ​ការ​ប្រជុំ​អនុម័ត​ច្បាប់ ឬ​សម្រេច​អ្វី​ក្នុង​នាម​ជា​ស្ថាប័ន​នីតិប្បញ្ញតិ​បាន​ត​ទៅ​ទៀត​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា និង​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង RFI តាម​ទូរស័ព្ទ​ថា ក្រុម​អ្នក​នយោបាយ​ពី​គណបក្ស​ប្រឆាំង​នោះ មិន​មែន​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ទៀត​ទេ ខណៈ​អ្នក​ទាំង​នោះ បច្ចុប្បន្ន​​បាន​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ទៅ​ហើយ។ មាត្រា​១៥​និង​១៦​​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​បាន​កំណត់​ដូច្នេះ​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់​មិន​អាច​ជា​សមាជិក​គណបក្ស​លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ ហើយ​ប្រសិន​បើ​បុគ្គល​នោះ​ចូល​ជា​សមាជិក​គណបក្ស​ច្រើន នោះ សមាជិកភាព​ក្នុង​គណបក្ស​ចុង​ក្រោយ​ត្រូវ​ចាត់​ទុក​ជា​បាន​ការ។ លោក​បន្ត​ទៀត​ថា បើ​ទោះ​បី​ជា​គ្មាន​អ្នក​តំណាង​រាស្ត្រ​ទាំង​២៨​នាក់​ពី​គណបក្ស​ប្រឆាំង ក៏​រដ្ឋ​សភា​មិន​អាច​រំលាយ​មុន​នីតិកាល​បាន​ដែរ ព្រោះ​បើ​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា មាត្រា​៧៨​ចែង​យ៉ាង​ច្បាស់​ថា រដ្ឋ​សភា​មិន​អាច​ត្រូវ​រំលាយ​មុន​ផុត​អណត្តិ​បាន​ឡើយ វៀរ​លែង​តែ​ក្នុង​ករណី​ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈ​ពេល​២​ខែ។ លោក ឈាង វុន បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ​ទាំងអស់​ថា ​មុន​នឹង​ធ្វើ​អ្វី ត្រូវ​មើល​ច្បាប់​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​សិន​សឹម​ធ្វើ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ