កម្ពុជាទំនងជារួចផុតពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរហើយ
ទោះបីជាភ្លៀងនៅតែបន្តធ្លាក់ស្ទើរតែគ្រប់ទិសទីទូទាំងប្រទេស ប៉ុន្តែ កម្ពុជាទំនងជាបានរួចផុតពីគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរហើយ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលផ្តល់ជូនវិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះ។ មន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ លោក ញ៉ឹម វណ្ណដា បានប្រាប់ឲ្យដឹងថា ទីបំផុតទៅស្ថានភាពអាកាសធាតុហាក់ដូចជាមានអំណោយផលល្អទៅវិញទេសម្រាប់ប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ មានមនុស្ស៣នាក់ស្លាប់ និង ជាង ៥០០០ គ្រួសារបានលិចលង់។
ចុះផ្សាយនៅថ្ងៃ៖
ទឹកភ្លៀង និងមេឃអួរអាប់នៅតែបន្តគ្របដណ្តប់ពាសពេញផ្ទៃប្រទេសនៅឡើយរហូតមកដល់ថ្ងៃអាទិត្យនេះ ប៉ុន្តែ កម្ពុជានឹងមិនជួបប្រទះគ្រោះទឹកជំនន់ខ្លាំងក្លាទេ។ នេះបើយោងតាមការសន្និដ្ឋានរបស់លោក ញ៉ឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកញ៉ឹម វណ្ណដា បានប្រាប់វិទ្យុបារាំងអន្តរាជាតិនៅថ្ងៃនេះថា ស្ថានភាពទឹកជំនន់ជាទូទៅនៅតាមបណ្តាខេត្តភាគខាងជើង និងពាយព្យ័ប្រទេសគឺខេត្តព្រះវិហារ និងបន្ទាយមានជ័យបានស្រកចុះវិញហើយ។ លោកអះអាងថា បើទោះបីជានៅពេលខាងមុខនេះមានការប្រែប្រួលអាកាសធាតុខ្លះទៀតក្តី ក៏ទឹកជំនន់ទន្លេមេគង្គ និងទឹកជំនន់ទឹកភ្លៀងនឹងមិនកើតមានធំដុំដូចការព្រួយបារម្ភកន្លងទៅនេះទេ។ ផ្ទុយទៅវិញ អាកាសធាតុបែរជាអំណោយផលល្អដល់ដំណាំកសិកម្មទៅវិញ ដោយសារតែទឹកជំនន់ពេលនេះបាននាំមកនូវដីល្បាប់មានជីជាតិសម្រាប់កសិករ។
យ៉ាងណាក៏ដោយ បើយោងតាមរបាយការណ៍របស់លោក ញ៉ឹម វណ្ណដា គិតត្រឹមថ្ងៃអាទិត្យនេះ មានពលរដ្ឋ៣នាក់បានស្លាប់ដោយសារទឹកជំនន់ និងមានពលរដ្ឋប្រមាណជាជាង ៥០០០ គ្រួសារទទួលរងគ្រោះ ប៉ុន្តែ ពួកគេបានវិលត្រឡប់ទៅភូមិដ្ឋានវិញជាបណ្តើៗហើយ បន្ទាប់ពីទទួលបានបអំណោយសង្គ្រោះ។ លោកញ៉ឹម វណ្ណដា ដែលកំពុងបន្តតាមដានស្ថានការណ៍ទឹកជំនន់ក្នុងខេត្តព្រៃវែងបន្តថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហម ក៏ដូចជាអាជ្ញាធរនានាដែរកំពុងតែបន្តចែកអំណោយដល់អ្នកដែលមិនទាន់បានទទួលដើម្បីឲ្យបានគ្រប់ៗគ្នាដោយមិនលើកលែងឡើយ។
មានការរំពឹងទុកថា ឆ្នាំនេះនឹងមានជំនន់ធំសម្រាប់ប្រទេសកម្ពុជា ដោយយោងតាមការប្រែប្រួលអាកាសធាតុ និងតាមចំណាំ។ ការរំពឹងទុកបែបនេះបានធ្វើឲ្យអាជ្ញាធរបង្កើនការប្រុងប្រយ័ត្ន និងបានត្រៀមលក្ខណៈជាស្រេច។ ក្រសួងធនធានទឹក និងឧត្តុនិយម បានប្រកាសជូនដំណឹងជាបន្តបន្ទាប់អំពីស្ថានភាពអាកាសធាតុ រីឯកងកម្លាំងប្រដាប់អាវុធក៏បានធ្វើសមយុទ្ធជាស្រេចដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋពេលមានទឹកជំនន់ធំ។ ប៉ុន្តែ ទីបំផុត កម្ពុជាទំនងជាបានរួចផុតពីគ្រោះមហន្តរាយនេះហើយ។
យ៉ាងណាក៏ដោយ លោក ញ៉ឹម វណ្ណដា បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងក្រសួងជំនាញឲ្យចាត់វិធានការទប់ទឹកទុកសម្រាប់ប្រើប្រាស់ដោយមិនត្រូវបណ្តោយឲ្យទឹកហូរទៅវិញអស់នោះទេពីព្រោះរដូវវស្សាជិតកន្លងផុតទៅហើយ។ លោកព្រមានថា បើគេមិននាំគ្នាទប់ទឹកទុកទេ កសិករនឹងខ្វះទឹកនៅរដូវប្រាំងខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ