កម្ពុជា

២០១២ ៖ ប្រជាជន​ទៅ​បង់​ពន្ធ​អចលនទ្រព្យ​ជាមួយ​នឹង​កំហឹង

ប្រជាជននៅទីក្រុងភ្នំពេញមួយចំនួន​សម្តែងក្តីមិនពេញចិត្ត​ចំពោះ​និតិវិធី​បង់​ពន្ធ​អចលនទ្រព្យ។ មិនពេញចិត្ត​ពីព្រោះ​​ថា ប្រជាជនត្រូវ​ចំណាយ​ពេល​ច្រើន​ក្នុង​ការបង់​ពន្ធ​នៅ​ធនគារ​ផង​ និង​ទីស្នាក់ការ​ពន្ធដារ​ខណ្ឌ​ផង។ ម៉្យាងវិញទៀត ប្រជាជន​ក្នុង​តំបន់​ខ្លះ​មិន​សប្បាយ​ចិត្ត​​នឹង​តម្លៃ​ដី​ដែល​វាយតម្លៃ​ដោយ​រដ្ឋាភិបាល​នោះ​ទេ។

ក្រុង​ភ្នំពេញ​
ក្រុង​ភ្នំពេញ​ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

 

ពេល​វេលា​បង់ពន្ធ​អចនទ្រព្យ​សម្រាប់​ឆ្នាំ​២០១២​នេះ​​បាន​មក​ដល់​ហើយ ហើយ​កាល​បរិច្ឆេទ​ចុង​ក្រោយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​​ខែ​កញ្ញា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។ នេះ​គឺ​ជា​ឆ្នាំ​ទី២​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​​ ជា​​ពិសេស ប្រជាជន​នៅ​តាម​ទីប្រជុំ​ជន​ត្រូវ​មាន​កាតព្វកិច្ច​បង់ពន្ធ​អចលនទ្រព្យ​ជូន​រដ្ឋ។

នៅ​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង​អញ្ជើញ​ទៅ​បង់ពន្ធ​ស្ទើរ​គ្រប់គ្នា។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​​ពួកគេ​នាំគ្នា​រអ៊ូរទាំ​គ្រប់គ្នា​អំពី​នីតិវិធី​បង់ពន្ធ​អចលនទ្រព្យ។ នីតិវិធី​ស្មុគស្មាញ​ធ្វើ​អោយ​ខាត​ពេល​វេលា​យ៉ាង​ច្រើន​ដល់​អតិថិជន។ នីតិវិធី​ដែល​ប្រជាជន​ចាត់​ទុក​ថា​ស្មុគស្មាញ​នោះ​គឺ ទីមួយ ៖ ប្រជាពលរដ្ឋ​ត្រូវ​យក​ឯកសារ​ពី​ពន្ធដារ​ខណ្ឌ​ជា​ដំបូង បន្ទាប់​មក​ពួកគេ​ត្រូវទៅ​បង់​ប្រាក់​នៅ​ក្នុង​ធនគារ​ និង​ចុងក្រោយ​បង្អស់​​ ពួកគេ​ត្រូវ​ត្រឡប់​មក​ស្នាក់ការ​ពន្ធដារ​ខណ្ឌ​ឡើង​វិញ ដើម្បី​បញ្ជាក់​ថា ពួកគេ​បាន​បង់​ថវិកា​ហើយ។ នៅ​​កន្លែង​នីមួយៗ​អតិថិជន​ត្រូវ​រង់់ចាំ​ច្រើន​ម៉ោង​ ឬពេលខ្លះ​ត្រូវ​ការ​មួយ​ថ្ងៃ​ពេញ​តែ​ម្តង​​​ដោយសារ​តែ​មនុស្ស​ច្រើន​ពេក។ ​

អតិថិជន​អ្នក​បង់ពន្ធ​ជា​ច្រើន​នាក់​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ទាំង​ខឹង​សម្បារ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា នីតិវិធី​ខាង​លើ​នេះ​ធ្វើ​អោយ​ពួកគេ​ខាត​ពេល​ច្រើន​ណាស់។ អតិថិជន​ខ្លះ​បាន​បញ្ជាក់​ប្រាប់​ចំៗ​​ថា ពេលខ្លះ​ពួកគេ​ត្រូវ​ចំណាយ​ពេល​១​ឬ២​​ថ្ងៃ​ដើម្បី​អាច​បង់​ពន្ធ​អចលទ្រព្យ​បាន។ ពួកគេ​ចោទ​ជា​សំណួរ​ថា ប្រជាជន​មាន​ប្រាក់​សម្រាប់​បង់​ជូន​រដ្ឋ​ហើយ​ ចុះ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល ​ជាពិសេស ​ក្រសួង​ហិរញ្ញវត្ថុ ​បែរ​ជា​បង្កើត​នីតិវិធី​ស្មុគស្មាញ​ទៅ​វិញ?

ត្រង់​ចំណុច​នេះ ក្រសួង​ហិរញ្ញវត្ថុ​ដែល​មាន​អគ្គនាយក​ពន្ធដារ​ជា​សេនាធិកា​ត្រូវ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជាមួយ​​ធនគារ​នូវ​ថវិកា​ដែល​បង់​រួចហើយ​ជា​ការ​ប្រសើរ​ជាង។ មធ្យោបាយ​មួយ​ទៀត​ដែល​អាច​ដោះ​ស្រាយ​ជូន​ប្រជាជន​កុំ​អោយ​ខាត​ពេល​វេលា​ដែរ​នោះ​គឺ​អគ្គនាយក​ដ្ឋានពន្ធ​ដារ​ត្រូវ​ធ្វើ​ការ​ជា​កញ្ចប់​ជាមួយ​ធនាគារ។

ចំណុច​មួយ​ទៀត​ដែល​ប្រជាពល​រដ្ឋ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បង់​ពន្ធ​អចលនទ្រព្យ​ដែរ​នោះ គឺ​រឿង​វាយ​តម្លៃ​លើ​អចនទ្រព្យ។ រដ្ឋាភិបាល​បាន​កំណត់​តម្លៃដី​ក្នុង​តំបន់​ខ្លះ​លើស​ពី​តម្លៃ​ទីផ្សារ។ ប្រជាជន​នៅ​ក្នុង​ផ្លូវ​៩៧​ស្រប​នឹង​ផ្លូវ​មុន្នីវង្ស ខណ្ឌចំការមន ទី​ក្រុង​ភ្នំពេញ​រអ៊ូ​រទាំ​ថា រដ្ឋាភិបាល​បាន​វាយ​តម្លៃ​ដី​របស់​ពួកគេ​ក្នុង​មួយ​មែត្រ​ក្រឡា​តម្លៃ​១​ពាន់​ដុល្លារ​សម្រាប់​ជា​គោល​ក្នុងការ​បង់ពន្ធ​ ប៉ុន្តែ​ពួកគេ​ដាក់​លក់​ដី​នៅ​ទី​នោះ​អស់​រយៈពេល​១​ឆ្នាំ​ហើយ ​គ្មាន​នរណា​ទិញ​ទាល់​តែសោះ។ មូលហេតុ​គឺ​ដោយសារ​តម្លៃ​កំណត់​ដោយ​រដ្ឋ​ថ្លៃ​ជាង​តម្លៃ​លើ​ទីផ្សារ។

ទាក់ទង​​ទៅ​​នឹង​​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ គេ​នៅ​មិនទាន់​មាន​ប្រតិកម្ម​​ពី​សំណាក់​​ក្រសួង​​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI