កម្ពុជា​

កម្ពុជា ៖ ថៃ​នៅ​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​ថៃ លោកកាស៊ីត ភិរម្យ និង​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ លោក ហោ ណំាហុង​(រូបថត​​ឯកសារ)
រដ្ឋមន្ត្រី​ការបរទេស​ថៃ លោកកាស៊ីត ភិរម្យ និង​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ លោក ហោ ណំាហុង​(រូបថត​​ឯកសារ) ©វណ្ណារ៉ា

កាសែត​ថៃ The Nation បាន​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គណៈរដ្ឋមន្ត្រី​ថៃ​នៅ​មិន​ទាន់​អនុម័ត​កញ្ចប់​សន្តិភាព​ដែល​ជា​ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​សន្តិភាព​តាម​ព្រំដែន ដូច​មេ​ដឹកនាំ​ថៃ​បាន​អះអាង ក្រោយ​ពី​ការ​ប្រជុំ​ត្រី​ភាគី​នៅ​ឥណ្ឌូណេស៊ី​នោះ​ឡើយ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ កុយ គួង​ បាន​អត្ថាធិប្បាយ​ថា មេដឹកនាំ​ថៃ​នៅចង់​បន្ត​សង្គ្រាម​ជាមួយ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​សម្តែង​ការ​ខកចិត្ត នៅ​ពេល​ដែល​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​មិន​ទាន់​បាន​អនុម័ត​កញ្ចប់​សន្តិភាព ស្តីពី​ការ​បង្កើត​អោយ​មាន​សន្តិភាព​នៅតាម​ព្រំដែន។ កាសែត​ថៃ The Nation បាន​សរសេរ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក ​កាស៊ីត ភិរម្យ រដ្ឋមន្ត្រី​ការបរទេស​ថៃ​មិន​បាន​នាំ​យក​កញ្ចប់​សន្តិភាព​ដាក់​ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួននោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៩​ឧសភា​កន្លងទៅ ក្រោម​ការ​សម្របសម្រួល​របស់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ប្រមុខ​ការទូត​កម្ពុជា​និង​ថៃ​បាន​ឈាន​ដល់​ការ​រកឃើញ​ផែនទី​ចង្អុល​ផ្លូវ​មួយ​ ស្តី​ពី​សន្តិភាព​នៅ​តាម​ព្រំដែន ដែល​ដំណាក់កាល​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ការបរទេស​ទាំងពីរ​សន្យា​ថា នឹង​ដាក់​ជូន​រដ្ឋាភិបាល​របស់​ខ្លួន​អនុម័ត​ឯកភាព​ជា​វិជ្ជមាន​រៀងៗ​ខ្លួន។

រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយ​ឯកភាព​ភ្លាម តែមួយ​ថ្ងៃ​ក្រោយ​កិច្ចប្រជុំ​នេះ។ ភាគី​ថៃ​វិញ បើ​ទោះ​ជា​បាន​សន្យា​ជាមួយ​កម្ពុជា​ក៏​ដោយ រហូត​ដល់​ពេល​នេះ ថៃ​នៅ​មិន​ទាន់​ឆ្លើយ​ឯកភាព​នៅ​ឡើយ។ ប្រការ​នេះ​បាន​ធ្វើ​អោយ​កម្ពុជា​សម្តែងការ​ហួសចិត្ត​ចំពោះ​ថៃ​សា​ជា​ថ្មី​ទៀត។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​ កុយ គួង បាន​អត្ថាធិប្បាយ​លើ​សកម្មភាព​របស់​មេ​ដឹកនាំ​ថៃ​ថា កំពុង​មាន​ជំហរ​ក្រឡេចក្រឡុច ហើយ​ថា ការ​ដែល​ថៃ​មិន​ព្រម​សម្រេច​ឯកភាព​ជា​ផ្លូវការ​លើ​កញ្ចប់​សន្តិភាព​នេះ គឺ​វា​បាន​បង្ហាញ​អំពី​បំណង​ចង់​បន្ត​សង្គ្រាម​របស់​ថៃ ជាមួយ​កម្ពុជា។

លោក កុយ គួង បាន​បញ្ជាក់ថា​ ​នៅ​ពេល​នេះ​ឥណ្ឌូណេស៊ី​អាច​មើល​ឃើញ​ច្បាស់​ថា តើ​ថៃ​ចង់​បាន​សន្តិភាព ឬ​ចង់​បន្ត​សង្គ្រាម​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI