ចិនជួយ១៦០០លានដុល្លារដើម្បីអភិវឌ្ឍន៍កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រាល់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលរបស់ប្រទេសចិនប្រជាមានិត តែងមាននាំយកជំនួយមហាសាល ជាជំនួយឥតសំណងក្តី ជាសម្បទានក្តី មកអោយកម្ពុជា។ ដំណើរទស្សនកិច្ចរបស់ប្រធានសភាប្រជាជនចិន លោក វូ បាំងហ្គួ នៅពេលនេះ គម្រោងសហប្រតិបត្តិការចំនួន២៣មានតម្លៃ១៦០០លានដុល្លារត្រូវបានចុះ ហត្ថលេខាកាលពីល្ងាចថ្ងៃទី៤វិច្ឆិកាម្សិលមិញ។ ជំនួយ និងជំនួញរបស់ប្រទេសចិនមានច្រើនអនេកនៅកម្ពុជា។
សេចក្តីរាយការណ៍របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ
ប្រធានសភាប្រជាជនចិនលោក វូ បាំងហ្គួ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាអធិបតីក្នុងពីធីចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការ និងជំនួយចំនួន២៣ កាលពីព្រលប់ថ្ងៃទី៤វិច្ឆិកាម្សិលមិញ។ គម្រោងទាំងនោះមានតម្លៃរហូតដល់១៦០០លានដុល្លារ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចការអភិវឌ្ឍន៍ឆ្នាំ២០១០-២០១៥នៅកម្ពុជា។ មានរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាចំនួន៥រូប និងប្រធានសភាពាណិជ្ជកម្មកម្ពុជាដែលជាអ្នកចុះហត្ថលេខាជាមួយភាគីពាក់ព័ន្ធរបស់ប្រទេសចិនដើម្បីទទួលជំនួយ និងគម្រោងអភិវឌ្ឍន៍ទាំងនោះ។
គម្រោងដែលត្រូវបានចុះហត្ថលេខាផ្តោតទៅលើការពង្រីកផ្នែកប្រព័ន្ធបច្ចេកវិទ្យារបស់ទីស្តីការគណៈរដ្ឋមន្ត្រី ការសាងសង់ស្ពានក្រុងតាខ្មៅ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក រូមមាននៅព្រែកស្ទឹងកែវ ខេត្តកំពត គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិសាត់ គម្រោងសាងសង់កំពង់ផែភ្នំពេញ គម្រោងសិក្សាសមិទ្ធិលទ្ធភាពអំពីគម្រោងវារីអគ្គីសនីស្ទឹងជែងអារែងនៅខេត្តកោះកុង គម្រោងវារីអគ្គីសនីសំបូរ នៅខេត្តក្រចេះ គម្រោងវារីអគ្គីសនីស្រែពក ខេត្តស្ទឹងត្រែង។ ក្រៅពីនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទCamGSMរបស់កម្ពុជាក៏បានចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការជាមួយចិនដែលមានតម្លៃ៥៩១លានដុល្លារផងដែរ។
ចិនក៏មានបំណងចង់ជួយកសាងផ្លូវដែកអោយកម្ពុជាផងដែរ។ ជាផ្លូវដែកឆ្ពោះទៅកាន់ប្រទេសវៀតណាម។ លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលត្រូវបានទីភ្នាក់ងារAFPស្រង់សំដីដែលនិយាយថា លោកប្រធានរដ្ឋសភាចិនបានប្រាប់លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ថាប្រទេសចិនគ្មានបំណងចង់ពង្រីកអំណាច និងធ្វើជាម្ចាស់នៅក្នុងតំបន់នោះទេ។
មកដល់ពេលនេះ មានក្រុមហ៊ុនចិនជិត៤០០ក្រុមហ៊ុន បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ