កម្ពុជា ឥណ្ឌូណេស៊ី ថៃ កំពុងរៀបចំបែបបទការងារសង្កេតការណ៍
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រទេសឥណ្ឌូណេស៊ីដែលទទួលបន្ទុកសង្កេតការណ៍ លើបទឈប់បាញ់រវាងកម្ពុជា និងថៃនៅតាមព្រំដែននោះ កំពុងធ្វើលិខិតឆ្លើយឆ្លងជាមួយប្រទេសទាំងពីរ ស្តីពីបែបបទការងារ សម្រាប់ការសង្កេតការណ៍។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងអោយដឹងថា កម្ពុជាបានឆ្លើយតបជាវិជ្ជមានគាំទ្រសេចក្តីព្រាងស្តីពីបែបបទ ការងារសង្កេតការណ៍ទៅរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាស៊ានរួចហើយ។
សេចក្តីរាយការណ៍របស់ លាង ដឺលុច ពីទីក្រុងភ្នំពេញ
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងរៀបចំសេចក្តីព្រាងបែបបទការងារសម្រាប់ក្រុមអ្នកសង្កេតការណ៍របស់ខ្លួន៣០នាក់ ដែលត្រូវមកបំពេញបេសកកម្មនៅតំបន់ព្រំដែនប្រាសាទព្រះវិហារខ្មែរ។ ជាបេសកកម្មសង្កេតការណ៍បទឈប់បាញ់រវាងកម្ពុជា និងថៃនៅតាមព្រំដែន។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង មិនទាន់អាចបង្ហាញពីខ្លឹមសារនៃសេចក្តីព្រាងបែបបទការងាររបស់អ្នកសង្កេតការណ៍នេះនៅឡើយទេ។ ប៉ុន្តែលោកអះអាងថា ឥណ្ឌូណេស៊ីបានផ្ញើសេចក្តីព្រាងបែបបទបំពេញការងារនេះមកបង្ហាញកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាបានយល់ស្រប និងយល់ព្រមតាមបែបបទនោះហើយ។ ទោះយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លោកនៅមិនទាន់ទទួលបានព័ត៌មានអំពីកាលបរិច្ឆេទនៃការមកដល់នៃក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅឡើយទេ។ ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីដែលមិនកាន់អាវុធ នឹងអាចឈរជើងជាមួយកងទ័ពកម្ពុជានិងថៃ ម្ខាងៗ១៥នាក់។
យោងតាមការលើកឡើងរបស់លោក កុយ គួង ទន្ទឹមនឹងការឆ្លើយតបជាវិជ្ជមានទៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាក៏បានបង្ហាញជំហរច្បាស់លាស់របស់ខ្លួនផងដែរថា កម្ពុជានឹងយល់ព្រមទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅក្នុងតំបន់ព្រំដែននេះ រហូតដល់បញ្ហាត្រូវបានដោះស្រាយ។ ហើយថា បើទោះជានៅក្នុងឆ្នាំ២០១១នេះ បញ្ហានៅមិនទាន់ត្រូវបានដោះស្រាយចប់សព្វគ្រប់នោះ ហើយដល់ឆ្នាំក្រោយដែលកម្ពុជាត្រូវដល់វេនធ្វើជាប្រធានអាស៊ានក៏ដោយ ក៏កម្ពុជានឹងត្រូវការអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅបន្តបេសកកម្មរបស់ខ្លួនដដែល។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាពន្យល់ថាកម្ពុជាសម្រេចយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីជារៀងរហូតយ៉ាងនេះដោយសារតែ ទី១ អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនឹងមានបទពិសោធន៍ ស្គាល់ការងារស្រាប់ បន្ទាប់ពីទទួលបេសកកម្មនេះ។ ទី២ គឺដោយសារឥណ្ឌូណេស៊ីបានបង្ហាញឆន្ទៈក្នុងការជួយដោះស្រាយវិបត្តិកម្ពុជាថៃនេះ និងទី៣ គឺដោយសារឥណ្ឌូណេស៊ីមានប្រវត្តិជួយកម្ពុជាក្នុងការស្វែងរកសន្តិភាពរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
បើទោះជាមិនទាន់មានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីក៏ដោយ ការសង្កេតការណ៍លើតំបន់ព្រំដែនពីអន្តរជាតិនៅតែមានបន្ត។ ទន្ទឹមវត្តមានអនុព័ន្ធយោធាប្រចាំស្ថានទូតឥណ្ឌូណេស៊ីនៅព្រំដែន និងទស្សនកិច្ចរបស់បេសកជនពិសេសរបស់យូណេស្កូនៅកម្ពុជា នៅថ្ងៃទី៣មីនាខានស្អែកនេះ ក្រសួងការពារជាតិកម្ពុជានឹងនាំអនុព័ន្ធយោធាប្រចាំស្ថានទូតចំនួន១៩ប្រទេសទៅត្រួតពិនិត្យតំបន់ប៉ះទង្គិចគ្នានៅព្រំដែនប្រាសាទព្រះវិហារផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ