កម្ពុជា​-កូរ៉េ

កម្ពុជា​អំពាវនាវ​ឲ្យ​ជួយ​ទប់​ស្កាត់​ភាព​តានតឹង​ក្នុង​ជម្លោះ​នៅ​ឧប​ទី្វប​កូរ៉េ

ផែន​ទីបញ្ជាក់​ពី​ទីតាំង​កោះ​Yeonpyeong របស់​កូរ៉េ​ខាង​ត្បូង
ផែន​ទីបញ្ជាក់​ពី​ទីតាំង​កោះ​Yeonpyeong របស់​កូរ៉េ​ខាង​ត្បូង Wikipédia / Pierre Moussart

រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ភាព​តានតឹង ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​កំពុង​ឈាន​ទៅ​រក​ការផ្ទុះ​សង្រ្គាម។ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ចូល​រួម​ ទប់ស្កាត់​កុំ​ឲ្យ​ភាព​តានតឹង​រីករាលដាល​ ដែល​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ និង​សន្តិសុខ​ក្នុង​ឧបទ្វីប​កូរ៉េ​ ក៏​ដូចជា​ក្នុង​តំបន់​ទាំងមូល។ ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ឡើង​ខណៈ​ពេល​ដែល​សហរដ្ឋ ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​គ្រោង​បើក​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​នៅ​ក្នុង​ សមុទ្រ​លឿង​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

ប្រទេស​កម្ពុជា​មិន​អាច​ឈរ​អោប​ដៃ​នៅ​ស្ងៀម​បាន​ទេ​ចំពោះ​មុខ​ភាព​តានតឹង​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ។
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​២៦​វិច្ឆិកា​ម្សិល​មិញ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​ថា​ កម្ពុជា​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ស្តីពី​ការ​បាញ់​កាំភ្លើង​ធំ​ដាក់គ្នា​ទៅវិញ​ទៅ​មក​នៅ​លើ​កោះ​យ៉ុនព្យុង​របស់​សាធារណ​រដ្ឋ​កូរ៉េ​កាលពី​ថ្ងៃ​ទី​២៣​វិច្ឆិកា​ ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ និង​បាត់​បង់​ជីវិត​មនុស្ស​មួយ​ចំនួន។

សេចក្តី​ថ្លែង​ការណ៍​បាន​បន្ត​ទៀត​ថា ​រដ្ឋាភិបាល​កម្ពុជា​សូម​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​បញ្ឈប់​រាល់​សកម្មភាព​បង្កហេតុ​ និង​សុំ​ឲ្យ​រក្សា​ការ​អត់ធ្មត់​ជា​អតិបរមា​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្លោះ។ ​ទន្ទឹម​នឹង​នោះ​កម្ពុជា​ក៏​បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ចាប់​ផ្តើម​ឡើង​វិញ​ ឲ្យ​បាន​ឆាប់​បំផុត​នូវ​កិច្ចសន្ទនា​៦​ភាគី​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ភាព​តានតឹង​នេះ​រីករាលដាល​ដែល​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ និង​សន្តិសុខ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ​ក៏ដូច​ជា​នៅ​ក្នុង​តំបន់​ទាំងមូល។

ប្រតិកម្ម​របស់​ទីក្រុង​ភ្នំពេញ​បាន​ធ្វើឡើង​ បន្ទាប់ពី​ស្ថានភាព​នៃ​ជម្លោះ​រវាង​បងប្អូន​គូ​សត្រូវ​កូរ៉េ​ទាំងពីរ​កំពុង​តែ​វិវឌ្ឍ​ទៅ​រក​ការ​ផ្ទុះ​សង្រ្គាម​ដ៏​គ្រោះថ្នាក់​មួយ។​​ បញ្ហា​បាន​កើត​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​ទៅ​លើ​កោះ​មួយ​របស់​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​ដែល​បណ្តាល​ឲ្យ​ជនស៊ីវិល​ពីរ​នាក់​ និង​ទាហាន​ម៉ារីន​ពីរ​នាក់​បាន​ស្លាប់​ និង​មនុស្ស​១៨​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ។

នៅថ្ងៃ​សុក្រ​ម្សិលមិញ ​អគ្គលេខាធិការ​អាស៊ាន ​លោក ​ស៊ូរិន ​ពិតស៊ូវ៉ាន ​ក៏បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​មាន​ការ​អត់ធ្មត់​ដោយ​ចៀសវាង​ការប្រើប្រាស់​កម្លាំង​យោធា​ផង​ដែរ។ ​អគ្គលេខាធិការ​អាស៊ាន​ក៏​បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី។

ឥឡូវ​នេះ​នាវា​ចម្បាំង​អាមេរិក​រួម​ជាមួយ​នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​មួយ​ផង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​សមុទ្រ​លឿង​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ជាមួយ​កូរ៉េ​ខាងត្បូង។ ​រីឯ​កូរ៉េ​ខាង​ជើង​វិញ​បាន​ព្រមាន​ថា​សមយុទ្ធ​យោធា​នេះ​នឹង​រុញ​ច្រាន​ឧបទ្វីប​កូរ៉េ​ទៅ​រក​មាត់​ជ្រោះ​នៃ​ភ្លើង​សង្រ្គាម។ ​ស្ថានភាព​ដ៏គ្រោះថ្នាក់​នេះ​ហើយ​ដែល​បង្ខំ​ឲ្យ​កម្ពុជា​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ភាព​តាន​តឹង​នៃ​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI