កម្ពុជា​-ថៃ

កម្ពុជា ថ្កោល​ទោស​ថៃ លើ​ការសម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត

ព្រំដែន​កម្ពុជា-ថៃ
ព្រំដែន​កម្ពុជា-ថៃ © សុវណ្ណារ៉ា

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​កំណត់​ទូត​មួយ​ទៅកាន់​រដ្ឋាភិបាល​ថៃ ដោយ​បាន​ថ្កោលទោស​ចំពោះ​ប៉ូលីស​ព្រំដែន​ថៃ លើ​ការបាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា។ តាម​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ការ​បាញ់​សម្លាប់​យុវជន សេក រតនៈ អាយុ ២៥ ឆ្នាំ ដែល​ប៉ូលិស​ព្រំដែន​ថៃ​ចោទ​ថា ជា​ចោរ​លួច​ម៉ូតូ និង​មាន​កាំភ្លើង​អាកា​ផង​នោះ មាន​ភាព​មិន​ប្រក្រតី ព្រមទាំង​ជា​ការ​បាញ់​សម្លាប់​ដ៏​សាហាវ​ឃោរឃៅ​បំផុត។​

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

កាលពី​ថ្ងៃ​១៦​វិច្ឆិកា នៅ​តំបន់​ព្រំដែន​ក្នុង​ទឹកដី​ថៃ ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ប៉ូលិស​ថៃ បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ សេក រតនៈ អាយុ ២៥ ឆ្នាំ ក្នុង​ចំណោម​បុរស​ពីរ​នាក់ ដោយ​ចោទ​ថា បុរស​នោះ បាន​លួច​ម៉ូតូ ហើយ​បាញ់​ត​ដៃ​ជាមួយ​ប៉ូលិស​ព្រំដែន​ថៃ។
​នៅ​ថ្ងៃ​នេះ លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា អគ្គកុងស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ស្រះកែវ បាន​ទៅ​ពិនិត្យ​ឃើញ​មាន​ភាព​មិន​ប្រក្រតី ដោយ​មាន​កាំភ្លើង អាកា មួយ​ដើម ដាក់​លើ​សាកសព ហើយ​ថត​រូប ជា​ភស្តុតាង។ ម្យ៉ាងទៀត តាម​លោក កុង គួង នៅ​ពេល​ប៉ូលិស​ថៃ​ឃាត់​បុរស​ពីរ​នាក់ ដែល​ជិះ​ម៉ូតូ ដើម្បី​ពិនិត្យ​ប័ណ្ណ​កម្មសិទ្ធិ ហេតុអ្វី​បាន​ជា​ប៉ូលិស​ថៃ មិន​ចាប់​ខ្លួន​យុវជន​កម្ពុជា​ទាំង​ពីរ​នាក់ ដែល​ថៃ​អះអាង​មាន​កាំភ្លើង​អាកា​នោះ។
​ចំពោះ​មុខ​អំពើ​បាញ់​សម្លាប់​ដ៏​ឃោរឃៅ​លើ​យុវជន សេក រតនៈ អាយុ ២៥ ឆ្នាំ ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​ដាក់​កំណត់​ទូត ថ្កោលទោស​ទៅ​កាន់​ភាគី​ថៃ។ រីឯ​អគ្គកុងស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ស្រះកែវ ក៏​បាន​រៀបចំ​ពាក្យ​បណ្តឹង ប្តឹង​ទៅ​តុលាការ ដើម្បី​រក​ភាពយុត្តិធម៌​ដល់​ជន​រងគ្រោះ។​

​លោក កុយ គួង បាន​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ថា ការបាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​ជាយ​ដែន​នេះ ជា​អំពើ​ឃោរឃៅ​មួយ ដែល​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​ទាហាន និង​កង​ប្រដាប់​អាវុធ​ថៃ បាន​ប្រព្រឹត្ត​មក​លើ​ជន​ស្លូតត្រង់​កម្ពុជា ហើយក៏​​ជា​រឿង​ធម្មតា ​ដែល​ថៃ​ប្រព្រឹត្ត​លើ​ពលរដ្ឋ​កម្ពុជា ពិសេស​អ្នក​ឆ្លងដែន​ចូល​ទឹកដី​ថៃ តាម​ច្រក​របៀង។​

លោក កុយ គួង បាន​បន្ថែម​ថា ភាគី​ថៃ តែងតែ​ក្បត់​ពាក្យ​សន្យា​របស់​ខ្លួន មិន​គោរព​តាម​ការព្រមព្រៀង។ កំណត់​ទូត​កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធ​រពា​ក់​ព័ន្ធ​ថៃ ធ្វើការ​ស៊ើប​អង្កេត​ឲ្យ​លម្អិត​ចំពោះ​ការបាញ់​សម្លាប់​យុវជន​កម្ពុជា ហើយ​ឲ្យ​ចាត់​វិធានការ ដើម្បី​ទប់ស្កាត់​នូវ​អំពើ​សម្លាប់​មនុស្ស ដោយ​អយុត្តិធម៌​បែប​នេះ។
​ចាប់​តាំង​ពី​កម្ពុជា​ថៃ មាន​ជម្លោះ​ព្រំដែន កាលពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨ មាន​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ មិន​តិច​ជាង ១០ នាក់​ទេ ដែល​ត្រូវ​បាន​ទាហាន និង​ប៉ូលិស​ព្រំដែន​ថៃ បាញ់​សម្លាប់ ក្នុង​នោះ មាន​ទាំង​ការ​ចាក់​សាំង​ដុត​ទាំង​រស់​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI