កម្ពុជា

សង្គម​ស៊ីវិល​កម្ពុជា ៖ ការដោះលែង​លោកស្រី អ៊ុង សាន ស៊ូជី គឺ​ជា​រឿង​ល្អ តែ​វា​ជា​ការហួសពេល

លោកស្រី​អ៊ុង សាន ស៊ូជី​បាន​សរសេរទៅ កាន់​អ្នកគាំទ្រ​លោកស្រី​ថា លោកស្រី​ក៏​ស្រលាញ់​ប្រជាជន​ភូមា​ដែរ
លោកស្រី​អ៊ុង សាន ស៊ូជី​បាន​សរសេរទៅ កាន់​អ្នកគាំទ្រ​លោកស្រី​ថា លោកស្រី​ក៏​ស្រលាញ់​ប្រជាជន​ភូមា​ដែរ ©Reuters

អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចាត់ទុក​ការ​​ដោះលែង​លោកស្រី អ៊ុង សាន ស៊ូជី ថា​គឺជា​ការ​ល្អ​ប៉ុន្តែ​វា​ហួសពេល​បន្តិច។ ហួសពេល​ពីព្រោះ​ថា លោក ស្រី​មិនបាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ដែល​បាន​រៀប​ចំឡើង​នៅក្នុង​ប្រទេស​ភូមា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​គី សុខលីម​ពី​ទីក្រុង​ភ្នំពេញ

ការដោះលែង​លោកស្រី អ៊ុង សានស៊ូជី អោយ​មាន​សេរីភាព​ឡើងវិញ គឺ​ជា​ការ​ល្អ ប៉ុន្តែ​ដោះលែង​ក្រោយ​ការបោះឆ្នោត គឺ​ជា​ការខកចិត្ត។ នេះ​គឺ​ជា​សេចក្តី​អត្ថាធិប្បាយ​រួម​របស់​អង្គការ​សង្គម​ស៊ីវិល និងគណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោកស្រី អ៊ុង សាន ស៊ូជី ម្ចាស់ពាន​រង្វាន់​ណូបែល​សន្តិភាព អាយុ​៦៥​ឆ្នាំ​ត្រូវ​បាន​របបសឹកភូមា​​ដោះលែង​អោយ​មាន​សេរីភាព​ឡើងវិញ កាល​ពី​ល្ងាច​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​របប​សឹក​ភូមា​ឃុំ​ខ្លួន​គាត់​ក្នុងផ្ទះ​ចំនួន​១៥​ឆ្នាំ ក្នុង​រយៈពេល​២១​ឆ្នាំ​ចុង​ក្រោយនេះ។ គួរ​បញ្ជាក់​បន្ថែម​ថា លោកស្រី​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​របប​សឹក​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ជា​លើក​ទី១ កាល​ពី​សប្ដាហ៍​មុន។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ថ្លែង នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​អបអរសាទរ​ចំពោះ​ការផ្តល់​សេរីភាព​ជូន​លោកស្រី អ៊ុង សាន ស៊ូជី កាលពី​ម្សិលមិញ​ប៉ុន្តែ​លោក​រិះគន់​ថា ការបោះឆ្នោត​នា​ពេល​កន្លងមក​នៅក្នុង​ប្រទេស​ភូមា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ ពីព្រោះ​លោកស្រី អ៊ុង សាន ស៊ូជី មិន​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នោះ។

សម្រាប់ លោក សុន ឆៃ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​វិញ ការ​ដោះលែង​លោក​ស្រី អ៊ុង សាន ស៊ូជី កាលពី​ម្សិលមិញ​គឺ​មាន​ហេតុផល​ពីរ​យ៉ាង។ ទីមួយ គឺ​ដោយសារ​របប​សឹក​ភូមា​ចង់​អោយ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត នា​ពេល​កន្លងមក និង​ទីពីរ របប​យោធាភូមា​ចង់​អោយ​គណបក្ស​លោកស្រី អ៊ុង សាន ស៊ូជី ធ្វើការ​សម្របសម្រួល​នយោបាយ​ជាមួយ​របប​ផ្ដាច់ការ​របស់​ខ្លួន។ ប៉ុន្តែ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ក៏​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​រិះគន់​ថា ការ​ដោះលែង​ក្រោយ​ការ​បោះឆ្នោត គឺ​មិនអាច​លុបលាង​ការបោះឆ្នោត​បាន​ឡើយ។ លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​បង្ហាញ​ថា គណបក្ស​មាន​ទំនាក់ទំនង​ជាមួយ​របប​សឹក​ គឺ​ជា​អ្នក​ទទួល​បាន​ជ័យជំនះ​នៅក្នុង​ប្រទេស​ភូមា។

លោក សុន ឆៃ បាន​ស្នើសុំ​ថា អង្គការ​សហប្រជាជាតិ​ត្រូវតែ​ចូលរួម​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ភូមា​ឡើង​វិញ ហើយ​បើកផ្លូវ​អោយ​លោក ស្រី អ៊ុង សាន ស៊ូជី ចូលរួម​ក្នុង​ការ​បោះឆ្នោត។ មាន​វត្តមាន​លោក​ស្រី​ស៊ូជី ក្នុង​ការ​បោះឆ្នោត​ទើប​ការ​បោះឆ្នោត​នោះ​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ និង​អាច​ទទួល​យក​បាន។

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់ នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា លោក​ស្វាគម​ការ​ដោះលែង​លោក​ស្រី អ៊ុង សាន ស៊ូជី ហើយ​លោក​ចាត់ទុក​ព្រឹត្តិការណ៍​ដោះលែង​លោកស្រី​ថា គឺ​ជា​ជំហាន​ដំបូង​ដែល​បើក​ផ្លូវ​អោយ​ប្រទេស​ភូមា​ឈាន​ទៅ​រក​ការបង្រួបបង្រួម​ជាតិ និង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI