កម្ពុជា

កម្ពុជា​បន្ត​ចលនា​ថ្កោលទោស​ថៃ​លើ​ការ​បំផ្លាញសម្បត្តិ​បេតិកភណ្ឌ​

លោក ​សុខ អាន​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​ជួប​ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​មុន​ការ​បើក​​​កិច្ចប្រជុំ​​ប្រចាំ​ឆ្នាំ​​នៃ​​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៥
លោក ​សុខ អាន​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​ជួប​ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​មុន​ការ​បើក​​​កិច្ចប្រជុំ​​ប្រចាំ​ឆ្នាំ​​នៃ​​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៥ ©RFI

កម្ពុជា​កំពុង​បន្ត​ចលនា​ជា​អន្តរជាតិ​ដើម្បី​ថ្កោលទោស​សកម្មភាព​ឈ្លានពាន​ របស់​កងទ័ព​ថៃ​មក​លើ​​ទឹកដី​កម្ពុជា និង​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ សុក្រ​នេះ នៅ​ឯ​ទីក្រុង​ប៉ារីស ទី​ដែល​មាន​កិច្ចប្រជុំ​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៥ គណៈប្រតិភូ​ថៃ​បាន​ព្យាយាម​ប្រាប់​អង្គការ​យូណេស្កូ​ថា ប្រាសាទ​ព្រះវិហារ​គ្មាន​ការ​ខូចខាត​នោះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​ថៃ​បាន​ផ្សព្វផ្សាយ​ច្រើន​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ អំពី​ការ​ពន្យាពេល​នៃ​ការ​ពិចារណា​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទ្រនាប់​ប្រាសាទ​ព្រះវិហារ ហើយ​ដែល​ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​កម្ពុជា​ច្រានចោល​ដោយ​ចាត់​ទុក​ថា ​ជា​ព័ត៌មាន​ប្រឌិត​របស់​ថៃ។

 
ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​ធ្វើ​របាយការណ៍​សង្ខេប​មួយ​ស្តី​ពី​ដំណើរការ​ការងារ​របស់​ប្រតិភូ​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស ដែល​របាយការណ៍​អាច​ជា​ការ​ឆ្លើយតប និង​ការ​បង្ហាញ​ប្រាប់​ពលរដ្ឋ​ខ្មែរ​អំពី​ព្រឹត្តិការណ៍ និង​ព័ត៌មាន​ពិត​ប្រាកដ​ដែល​បាន​កើត​មាន​ នៅ​ក្នុង​កិច្ចប្រជុំ​ នៅ​ទីក្រុង​ប៉ារីស​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរ​ថា តំណាង​អង្គការ​យូណេស្កូ​បាន​រៀបចំ​កិច្ចប្រជុំ​ដោយ​ឡែក ​ជាមួយ​កម្ពុជា​ផង និង​ជាមួយ​ថៃ​ផង ដើម្បី​ផ្តល់​លទ្ធភាព​អោយ​ភាគី​ទាំង​ពីរ​អាច​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​សេចក្តីសម្រេច​លើក​ទី​៣៥​របស់​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​ចំពោះ​ប្រាសាទ​ព្រះវិហារ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ភាគី​ថៃ​បាន​បដិសេធ​ប្រាប់​យូណេស្កូ​ថា ប្រាសាទ​ព្រះវិហារ​មិន​មាន​ការ​ខូចខាត​បាក់បែក​នោះ​ឡើយ។ ចំពោះ​កម្ពុជា​វិញ គណៈប្រតិភូ​ខ្លួន​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​ឈ្លានពាន និង​ការ​វាយប្រហារ​របស់​ទ័ព​ថៃ​មក​លើ​ប្រាសាទ​ព្រះវិហារ ដោយ​មាន​ភស្តុតាង​រូបភាព​ជាក់ស្តែង​ជាច្រើន។

លើស​ពី​នេះ ប្រតិភូ​តំណាង​ប្រទេស​កម្ពុជា​បាន​កំពុង​បន្ត​អំពាវនាវ​អោយ​មាន​បេសកកម្ម​របស់​​អ្នក​ជំនាញការ​ដើម្បី​វាយ​តម្លៃ​លើ​ការ​ខូចខាត និង​រៀបចំ​ជួសជុល​ប្រាសាទ​ព្រះវិហារ ព្រមទាំង​ការ​ទប់ស្កាត់​មិន​អោយ​មាន​ការ​បំផ្លាញ​ នា​ពេល​ខាង​មុខ​ទៀត។

 
នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​បញ្ជា​ដល់​មេ​បញ្ជាការ និង​ពល​ទាហាន​នៅ​សមរភូមិ​ព្រំដែន​កម្ពុជា​ថៃ អោយ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មិន​ត្រូវ​បង្ក​សកម្មភាព​ណា​មួយ​ដែល​អាច​នាំ​អោយ​មាន​អសន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI