កម្ពុជាខកចិត្តដែលថៃកុហកយូនេស្កូថា ប្រាសាទព្រះវិហារមិនមានរងការខូចខាត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កិច្ចប្រជុំទ្វេភាគីរវាងថៃ និងកម្ពុជា នៅទីស្នាក់ការអង្គការយូនេស្កូ បានបិទបញ្ចប់នៅថ្ងៃសុក្រទី ២៧ ឧសភា ជាមួយនឹងការខកចិត្ត ពីភាគីកម្ពុជា។ នៅក្រោយការប្រជុំដែលមានការចូលរួមសម្របសម្រួលរបស់លោកអគ្គលេខាធិការអង្គការយូនេស្កូ លោកសុខ អានឧបនាយករដ្ឋមន្រ្តីកម្ពុជាបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិថា លោក និងលោកស្រី អគ្គលេខាធិការអង្គការយូនេស្កូមានការស្រងាកចិត្តចំពោះជំហរអវិជ្ជមានរបស់ថៃ ក្នុងដំណោះស្រាយប្រាសាទព្រះវិហារ។ ទោះយ៉ាងណា លោកសុខ អានបានបញ្ជាក់ថា ស្ថានភាពប្រាសាទព្រះវិហារបែកបាក់នឹងត្រូវយកទៅនិយាយ ពិភាក្សានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក ដែលនឹងធ្វើឡើង នៅខែមិថុនា ខាងមុខនេះ បើទោះថៃបដិសេធថា ប្រាសាទព្រះវិហារមិនមានការខូចខាតអ្វី។