កម្ពុជា

កម្ពុជា​រក្សា​ជំហរ​អោយ​អាស៊ាន​ថ្លែង​ការណ៍​ស្តី​ពី​ស្ថានភាព​នៅ​បាងកក

Soldats Khmers en service à Preah Vihear.
Soldats Khmers en service à Preah Vihear. © Reuters

ពិភពលោក​កំពុង​ផ្តោត​ការ​ចាប់អារម្មណ៍​ទៅ​ទីក្រុង​ បាងកក នៅ​ពេល​ដែល​មេ​ទាហាន​ខាង​អាវ​ក្រហម​លោក​ សេដែង ​ត្រូវ​ខ្មាន់​កាំភ្លើង​លួច​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១៣ ​ឧសភា​ម្សិលមិញ។ តាម​រយៈ​ព្រឹត្តិការណ៍​ហិង្សា ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​នៅ​ប្រកាន់​ជំហរ​ដដែល អំពាវនាវ​អោយ​អាស៊ាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ស្ថានភាព​នៅ​ប្រទេស​ ថៃ។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច

កម្ពុជា​នៅ​រក្សា​ជំហរ​ដដែល ស្នើ​អោយ​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន​ស្វែង​រក​លទ្ធភាព​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ស្តី​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ថៃ។ នេះ​ជា​ការ​អះអាង​របស់​លោក កុយ គួង ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤​ឧសភា​នេះ។ ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​នេះ​ធ្វើ​ឡើង​ក្រោយ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ឧត្តមសេនីយ៍ ​សេដែង ​ដែល​ជា​មេ​ដឹកនាំ​អាវក្រហម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប។

            កាល​ពី​ខែ​មេសា​កន្លង​ទៅ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ដ៏​ហិង្សា​ពី​សំណាក់​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ថៃ​ទៅ​លើ​ក្រុម​បាតុករ​អាវក្រហម​ដែល​បាន​បង្ក​អោយ​មាន​ស្លាប់​ និង​របួស​ជាច្រើន​រយ​នាក់​នោះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ហោ ណាំហុង​ បាន​ប្រកាស​ស្នើ​អោយ​ប្រទេស​វៀតណាម​ដែល​ជា​ប្រធាន​អាស៊ាន ស្វែងរក​លទ្ធភាព​ដោយ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ស្ថានភាព​ប្រទេស​ថៃ។ ពីព្រោះ​នៅ​ពេល​នោះ កម្ពុជា​យល់​ឃើញ​ថា ស្ថានភាព​នៅក្នុង​ប្រទេស​ថៃ​មាន​សភាព​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ។

ចំពោះមុខ​ស្ថានភាព​ក្នុង​ទីក្រុង​បាងកក​នៅ​ពេល​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ​ បាន​អត្ថាធិប្បាយ​ថា​នេះ​គឺ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ថៃ ហើយ​ថា​កម្ពុជា​នៅ​តាមដាន​សភាពការណ៍​ក្នុង​ប្រទេស​ថៃ​ជា​ធម្មតា​ក្នុងនាម​ជា​ប្រទេស​ជិតខាង។ ចំពោះ​សភាពការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​វិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​អះអាង​ថា ស្ថានភាព​នៅ​ស្ងប់ស្ងាត់​ធម្មតា ហើយ​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​បាន​សម្រេច​រៀបចំ​ការ​ប្រកួត​កីឡា​នៅ​រសៀល​ថ្ងៃ​ទី​១៩​សប្តាហ៍​ក្រោយ​នៅ​ច្រក​អានសេះ ចម្ងាយ​ជាង​៧០​គ.ម​ខាងកើត​ប្រាសាទ​ព្រះវិហារ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​លោក ឈុំ សុជាតិ​ បាន​ថ្លែង​ផ្តល់​សារៈសំខាន់​ដល់​ការ​ជួបជុំ​គ្នា​រវាង​ទាហាន​ថៃ​និង​កម្ពុជា ហើយ​ថា​នេះ​គឺ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ទាំងពីរ។ លោក ឈុំ សុជាតិ​ បន្ត​ថា​ការ​ជួបជុំ​រៀបចំ​លេង​កីឡា​រវាង​កងទ័ព​ទាំងពីរ​នឹង​ត្រូវ​រៀបចំ​នៅ​តាម​ច្រក​ព្រំដែន​ប៉ែក​ខាង​ខេត្ត​ឧត្តរមានជ័យ​បន្ត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI