កម្ពុជា ជម្រុញឲ្យឡាវ ភូមា វៀតណាម និងថៃ រួមគ្នានាំចេញអង្ករ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រុញឲ្យបណ្តាប្រទេសជាសមាជិក ACMECS ដែលរួមមាន៖ កម្ពុជា ឡាវ ភូមា វៀតណាម និងថៃ ខិតខំពង្រឹងឲ្យកាន់តែខ្លាំងថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងការនាំចេញស្រូវអង្ករ ព្រោះថា បណ្តាប្រទេសទាំង៥នេះ គឺជាជម្រុកស្រូវដ៏សំខាន់របស់ពិភពលោក។
សេចក្តីរាយការណ៍របស់ លី ម៉េងហូរ
ក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី ៤ ដែលបានធ្វើឡើងនៅថ្ងៃពុធទី១៧វិច្ឆិកានៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រទេស ACMECS ដែលរួមមាន កម្ពុជា ឡាវ ភូមា វៀតណាម និងប្រទេសថៃ គឺជាជម្រុកស្រូវដ៏សំខាន់មួយរបស់ពិភពលោក។ ក្នុងនោះ ប្រទេសថៃ និងវៀតណាម បានទទួលលំដាប់ថ្នាក់ជាប្រទេសទី១ និងទី២ ក្នុងការនាំចេញស្រូវអង្ករ ក្នុងពិភពលោក។ ចំណែកប្រទេសភូមា ក៏មានសក្តានុពលខ្ពស់ដែរ ក្នុងវិស័យនេះ។
ចំពោះមុខនាយករដ្ឋមន្ត្រីបណ្តាប្រទេសសមាជិក ACMECS លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការខិតខំប្រឹងប្រែងលើកស្ទួយផលិតកម្មស្រូវ និងការនាំចេញអង្ករ ដោយបានដាក់ចេញនូវគោលនយោបាយជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ កាលពីពេលថ្មីៗនេះ។
ក្រោយកិច្ចប្រជុំកំពូលក្នុងតំបន់ នៅរសៀលថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ចំនួននៃការនាំចេញផលិតផលអង្ករ ក្នុងចំណោមបណ្តាប្រទេស ACMECS ទាំង៥ ប្រទេស គឺស្មើនឹង ៤៥% នៃការផ្គត់ផ្គង់អង្ករលើទីផ្សារពិភពលោក។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើការបង្កើតសមាគមនាំចេញអង្ករ ឬយន្តការណាមួយរបស់ ACMECS ត្រូវកើតឡើងលើការនាំចេញអង្ករនោះមិនមែន មានន័យថា ACMECS ជាអង្គការ សម្រាប់ការតថ្លៃ របៀបដូចអង្គការ OPEC នៃបណ្តាប្រទេសផលិតប្រេងកាត ដើម្បីដំឡើងថ្លៃប្រេង ឬក៏ទម្លាក់ថ្លៃប្រេងនោះទេ។
តាមលោកនាយករដ្ឋមន្ត្រី គោលបំណងរបស់ ACMECS ដែលចង់ធ្វើជាសមាគមនាំអង្ករ គឺចង់ជួយទ្រទ្រង់ធានាស្ថិរភាពស្បៀង នៅលើពិភពលោក យ៉ាងហោចណាស់នៅក្នុងតំបន់ ដែលកំពុងទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុ ក្នុងនោះ ប្រទេសក្នុងតំបន់មួយចំនួន រងគ្រោះដោយសារភាពរាំងស្ងួត និងគ្រោះទឹកជំនន់។
ក្រៅពីសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច បញ្ហាប្រែប្រួលអាកាសធាតុដែលបង្កជាគ្រោះទឹកជំនន់ នៅកម្ពុជា ថៃ និងវៀតណាម នាពេលនេះ ក៏ជាប្រធានបទនៃកិច្ចប្រជុំកំពូល រវាងនាយករដ្ឋមន្ត្រីកម្ពុជា ឡាវភូមា វៀតណាម និងនាយករដ្ឋមន្ត្រីថៃ នាព្រឹកថ្ងៃទី១៧វិច្ឆិកានេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ