អានតួអត្ថបទ
កម្ពុជា

កម្ពុជាទទួល​ជំនួយ​ជិត​៤​លាន​ដុល្លារ​ពី​ពិភពលោក​ដើម្បី​ការពារ​ព្រៃឈើ

កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ជំនួយ​​ពិភពលោក​ក្នុង​ការ​អភិរក្ស​ព្រៃឈើ
កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ជំនួយ​​ពិភពលោក​ក្នុង​ការ​អភិរក្ស​ព្រៃឈើ © ចាន់ណា
ដោយ៖ លាង ដឺលុច
១៤ នាទី

កម្ពុជា​បាន​ចុះ​ហត្ថលេខា​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទទួល​ជំនួយ​ជិត​៤​លាន​ដុល្លារ​ពី​អង្គការ​UNDP និង មូលនិធិ​បរិស្ថាន​ពិភពលោក ដើម្បី​អនុវត្ត​គម្រោង​អភិរក្ស​ព្រៃឈើ និង​ជីវចម្រុះ​នៅក្នុង​ខេត្ត​ចំនួន​៤​គឺ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ និង​បាត់ដំបង។ របាយការណ៍​បាន​បង្ហាញថា កម្ពុជា​មាន​គម្រប​ព្រៃ​ប្រមាណ​ជា​៥៧​ភាគរយ​នៃ​ផ្ទៃដី នៅពេល​ដែល​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ជា​ញឹកញាប់​អំពី​ការ​កាប់​ព្រៃឈើ។

ផ្សាយពាណិជ្ជកម្ម

 

រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​អោយ​ធ្វើ​ជា​អ្នក​អនុវត្ត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា “ពង្រឹង​ការ​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព” ពី​ពេល​នេះ​ដល់​ឆ្នាំ​២០១៥។ គម្រោង​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​៣០​ឧសភា​នេះ បាន​ទទួល​ជំនួយ​ចំនួន​២​លាន​៣​សែន​ដុល្លារ​ពី​មូលនិធិ​បរិស្ថាន​ពិភពលោក និង​១​លាន​៥​សែន​ដុល្លារ​ពី​UNDP។

សេចក្តីប្រកាស​ព័ត៌មាន​រួម​បាន​សរសេរ​ថា គម្រោង​នេះ​នឹង​ធ្វើ​សកម្មភាព​លើ​ព្រៃ​សហគមន៍​ដោយ​លើកទឹកចិត្ត​ប្រជាជន​មូលដ្ឋាន​អោយ​ចូលរួម​ក្នុង​ការ​អភិរក្ស​ធម្មជាតិ និង​តាម​រយៈការ​បង្កើត​ទីផ្សារ​បច្ចេកវិទ្យា​ជីវថាមពល​ប្រកប​ដោយ​និរន្តរភាព ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​គោលដៅ​យូរអង្វែង​គឺ ទប់ស្កាត់​ការ​បាត់បង់​គម្រប​ព្រៃ​ថែមទៀត​នាពេល​អនាគត។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា នៅពេល​ដែល​ទំហំ​គម្រប​ព្រៃ​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​៥៧​ភាគរយ រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​ទំហំ​នេះ​អោយ​ដល់​៦០​ភាគរយ។ ប៉ុន្តែ តំបន់​ការពារ និង​ព្រៃឈើ​នៅកម្ពុជា​បាន​ជួបប្រទះ​នូវ​ការ​គំរាមកំហែង​ជាច្រើន​ពី​ការ​កាប់​ព្រៃឈើ និង​ការ​ពឹង​អាស្រ័យ​លើ​អុស​ដុត។

គម្រោង​ពង្រឹង​ការ​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព​នេះ នឹង​គ្រប​ដណ្តប់​លើ​ខេត្ត​ចំនួន​៤​រួម​មាន ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ និង​ខេត្ត​បាត់ដំបង។ ខេត្ត​ទាំង៤​នេះ​មាន​ព្រៃឈើ​ដែល​សំបូរ​ដោយ​ជីវចម្រុះ​មាន​សារៈសំខាន់​ខ្លាំង ហើយ​ក៏​អាច​ដើរ​តួ​ជា​អាង​ផ្ទុក​កាបូន​ផង​ដែរ។ ប៉ុន្តែ​ព្រៃឈើ​ទាំងនេះ​កំពុង​ជួប​ការ​គំរាម​កំហែង។ ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ និង​កំពង់ឆ្នាំង​ជា​ប្រភព​ធំ​ក្នុងការ​ផ្គត់ផ្គង់​អុស និងធ្យូង​អោយ​ទីប្រជុំជន ជា​ពិសេស​រាជធានី​ភ្នំពេញ។

គម្រោង​អភិរក្ស​ព្រៃឈើ និង​ជីវចម្រុះ​នេះ ពាក់ព័ន្ធ​ជាមួយ​សហគមន៍​ព្រៃឈើ​ចំនួន​៣០ និង​តំបន់​ការពារ​របស់​សហគមន៍​ចំនួន​១០​ទៀត។ អ្នកភូមិ ជា​ពិសេស​ស្ត្រី នឹង​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ការផលិត​ចង្ក្រាន​ប្រើ​អុសធ្យូង​តិច ដើម្បី​រក​ចំណូល​អោយ​គ្រួសារ និង​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​អុសធ្យូង ដែល​បំភាយ​ឧស្ម័ន​កាបូនិក​ទៅក្នុង​បរិយាកាស​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ