កម្ពុជា

កម្ពុជា​ ជំរុញ​អោយ​យូណេស្កូ​ចេញ​​វិធានការ​​បន្ទាន់​​ការពារ​​និង​​អភិវឌ្ឍន៍​​ប្រាសាទ​​ព្រះវិហារ

ជម្លោះ​នៅ​ព្រះវិហារ អាច​ជា​ពេលវេលា​ផ្សះមុខ​របួស​នយោបាយ​ផ្ទៃក្នុង​ខ្មែរ
ជម្លោះ​នៅ​ព្រះវិហារ អាច​ជា​ពេលវេលា​ផ្សះមុខ​របួស​នយោបាយ​ផ្ទៃក្នុង​ខ្មែរ ©វណ្ណារ៉ា

លោក​ឧបនាយក​រដ្ឋមន្រ្តី​សុខ អាន បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​ របស់​អង្គការ​យូណេស្កូ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៣​ឧសភា​ម្សិលមិញ​នេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ស្តីពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ។​កិច្ច​ប្រជុំ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​យូណេស្កូ​ជា​ការ​ផ្តល់​ឱកាស​អោយ​កម្ពុជា និង​ថៃ តទល់គ្នា​ចំពោះ​ការ​បំផ្លិច​បំផ្លាញសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ជម្លោះ​ព្រំដែន​ប្រទេស​ទំាង​ពីរ។ ក្នុង​នាម​ប្រទេស​ជា​ម្ចាស់​ប្រាសាទ​​ព្រះវិហារ​លោក សុខ អាន​នឹង​ជំរុញ​អោយ​យូណេស្កូ​ចេញ​វិធានការ​បន្ទាន់​មួយ​ដើម្បី​ការពារ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ ពី​ការ​បំផ្លាញ​របស់​ប្រទេស​ថៃ។

ផ្សាយពាណិជ្ជកម្ម

 

លោក​សុខ អាន ឧបនាយក​រដ្ឋមន្រ្តី​កម្ពុជា​នឹង​អង្គុយ​តុប្រជុំ​ជាមួយ​សមភាគី​របស់​លោក​មក​ពី​ប្រទេស​ថៃ ជា​រដ្ឋមន្រ្តី​ទទួលបន្ទុក​បេតិកភណ្ឌ ជា​កិច្ចប្រជុំ​ក្រោម​ប្រធានបទ​ស្តីពី ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ ដោយសារ​គ្រាប់កំាភ្លើង​របស់​ទាហាន​ថៃ។ កិច្ចប្រជុំ​ធ្វើ​ឡើង​ក្រោមការ​សម្របសម្រួល​ដោយ​តំណាង​អង្គការយូណេស្កូ ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ស្អែក​នេះ។

មុន​ឡើង​យន្តហោះ​ទៅ​កាន់​កន្លែង​ប្រជុំ នៅ​ឯ​ប្រទេស​បារំាង​កាល​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​សុខ អាន បាន​បញ្ជាក់​ថា​ចំណុច​ពិសេស​នៃ​កិច្ច​ប្រជុំ​ក្រោម​ដំបូល​អង្គការ​យូណេស្កូ​លើក​នេះ​​ភាគី​​​ទំាង​បី​កម្ពុជា ថៃ និង​អ្នក​សម្របសម្រួល​តំណាង​អង្គការ​យូណេស្កូ​នឹង​​ជជែកគ្នា​ជុំវិញ​ការ​ខូចខាត​​ប្រាសាទ​ព្រះវិហារ។ ទំហំ​នៃ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ ដែល​ជា​លទ្ធផល​នៃ​ការ​វាយតម្លៃ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ផង​ដែរ កម្ពុជា​នឹង​ជំរុញ​អោយ​អង្គការ​យូណេស្កូ​ដាក់​ចេញ​វិធានការ​ឆាប់​បំផុត​ដើម្បី​ជួសជុល​ការពារ​និង​អភិវឌ្ឍន៏​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ។ បើតាម​លោក​​សុខ អាន​បញ្ជាក់​ថា​វិធានការ​របស់​អង្គការ​យូណេស្កូ នឹង​ជួយ​ប្រាសាទ​ព្រះ​វិហារ មិន​អោយ​រងគ្រោះ​ពី​ការ​ឈ្លានពាន​​របស់​ប្រទេស​ថៃ​បន្ត​ទៀត។

ប្រាសាទ​ព្រះវិហារ​បាន​ទទួល​រង​ការ​ខូចខាត​យ៉ាង​ខ្លំាង ដោយសារ​គ្រាប់​កំាភ្លើង​របស់​ទាហាន​ថៃ​ផ្លោង​ដាក់​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​ទាហាន​កម្ពុជា​កាលពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅនេះ។ ក្នុង​សង្រ្គាម​ឈ្លានពាន​កម្ពុជា​ក្នុង​ខែ​កុម្ភៈ​នោះ​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​ជាង​៤០០​គ្រាប់​លើ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំវិញ​ប្រាសាទ។
បើយោងតាម​លោក​សុខ អាន​​ បញ្ហា​ប្រាសាទ​ព្រះវិហារ​អង្គការ​យូណេស្កូ នឹង​លើក​យក​ទៅ​ពិភាក្សា​បន្ត​ទៀត ក្នុង​កិច្ចប្រជុំ​ប្រចំា​ឆ្នាំ​របស់​ខ្លួន​លើក​ទី​៣៥ នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។ ជា​កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​ផែនការ​អភិវឌ្ឍន៏​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈ​ពេល​យូរ។

ផែនការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ក៏​ជា​ចំណុច​មួយ​ដែល​ប្រទេស​ថៃ តែងតែ​ទាមទារ​អោយ​ខ្លួន​បាន​ចូល​​រួម​​ក្នុង​ការងារ​នេះ​ផង​ដែរ។ នៅ​ថ្ងៃ​ទី​៣០​ឧសភា​ខាង​មុខ​នេះ ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​នឹង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ឡើង​វិញ​តាម​បណ្តឹង​របស់​កម្ពុជា​ បណ្តឹង​របស់​កម្ពុជា​ចង់​អោយតុលាការ​អន្តរជាតិ​មួយ​នេះ​ប្រាប់​ប្រទេស​ថៃ​ថា ប្រាសាទ​ព្រះវិហារ​​ជា​កម្មសិទ្ធិ​​របស់​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI