កម្ពុជា-ថៃ

រដ្ឋាភិបាល​កម្ពុជា​ចូល​រួម​អបអរ​សាទរ​ជោគជ័យ​របស់​គណបក្ស​ភឿថៃ

លោកស្រី យីង ឡាក់ ដែលបាន​ទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត​ក្នុង​ប្រទេសថៃ កាល​ពី​ថ្ងៃអាទិត្យម្សិលមិញ
លោកស្រី យីង ឡាក់ ដែលបាន​ទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត​ក្នុង​ប្រទេសថៃ កាល​ពី​ថ្ងៃអាទិត្យម្សិលមិញ REUTERS/Sukree Sukplang

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា​បាន​ប្រកាស​ដោយ​ផ្ទាល់មាត់ ដើម្បី​សាទរ​ជ័យជម្នះ​លើ​ការបោះឆ្នោត​របស់​គណបក្ស​ភឿ​ថៃ​។ ក្នុងនាម​រដ្ឋាភិបាល​កម្ពុជា លោក ហោ ណាំហុង សង្ឃឹមថា បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នឹង​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី និង​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជា​ង​ពេលមុន។ ​គណបក្ស​ប្រឆាំង​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​វិញ ចាត់ទុក​លទ្ធផល​បោះឆ្នោត​នៅ​ថៃ​ថា​ ​ជា​មេរៀន​មួយសម្រាប់​ប្រទេស​កម្ពុជា ដែល​ត្រូវ​ដូរ​មេដឹកនាំ តាមរយៈ​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​ភឿ​ថៃ ដែល​មាន​បេក្ខជន​នាយករដ្ឋមន្ត្រី​ស្រីដំបូង​ គឺ​លោកស្រី យី​ង ឡាក់ ប្អូនស្រី​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន បាន​ទទួល​ជ័យជម្នះ​លើ​ការ​បោះឆ្នោតក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។ តាមលទ្ធផល​បណ្តោះអាសន្ន គណបក្ស​ភឿ​ថៃ ទទួលបាន ២៦៥ អាសនៈ ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​ទាំង ៥០០។​

 
លោក​ថាក់ស៊ីន ជា​មិត្ត​ភក្តិ និង​មាន​ទំនាក់ទំនង​ស្និទ្ធ​ស្នាល ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ជាពិសេស​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។

មួយ​ថ្ងៃ​ក្រោយ​ការបោះឆ្នោត​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​៤​កក្កដា​នេះ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែងថា ជា​ការពិត​ណាស់​កម្ពុជា​មិន​អាច​លាក់​បានទេ ចំពោះ ការសប្បាយរីករាយ​នឹង​ជ័យជម្នះ​របស់​គណបក្ស​ភឿ​ថៃ​​នៅ​ទីក្រុង​បាងកក​។​

លោក​ប្រមុខ​ការទូត ហោ ណាំហុង សង្ឃឹមថា​រដ្ឋាភិបាល​ថ្មី​ដែល​លេច​ចេញ​ពី​គណបក្ស​ភឿ​ថៃ របស់​ប្អូនស្រី​លោក​ថាក់ស៊ីន នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា​ដោយ​មាន​លក្ខណៈ​វិជ្ជមាន និង​សន្តិភាព​ជាង​ពេលមុន​។

​តាម​លោក ហោ ណាំហុង កម្ពុជា​មិន​ចង់បាន​អ្វី​ពី​ថៃ​ក្រៅតែពី​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​យុត្តិធម៌ ដោយ​សន្តិវិធី ដោយ​ឈរ​លើ​ច្បាប់​អន្តរជាតិ និង​ស្រប​តាម​ការសម្រេច​របស់​តុលាការ​យុត្តិធ​ម៌​អន្តរជាតិ ឆ្នាំ​១៩៦២ តែប៉ុណ្ណោះ​។

ជោគជ័យ​របស់​គណបក្ស​ភឿ​ថៃ ត្រូវបាន​គណបក្ស​សម​រង្ស៊ី​ចូលរួម​សាទរ​តាមរយៈ​សេចក្តី​ថ្លែងការណ៍ ជា​លាយលក្ខណ៍អក្សរ​នៅ​ថ្ងៃទី​​៤​កក្កដា ឆ្នាំ​២០១១​។

គណបក្ស​ប្រឆាំង​សម​រង្ស៊ី​បាន​លើកឡើង​ថា ប្រជាជន​ខ្មែរ​ក៏​ដូច​ប្រជាជន​ថៃ​ដែរ គឺ​ចង់ឲ្យ​មាន​ការផ្លាស់ប្តូ​រ​មេដឹកនាំ​។ ម្យ៉ាងទៀត​គណបក្ស​ប្រឆាំង​នេះ​រំពឹងថា ការជាប់ឆ្នោត​របស់​បក្ស​ប្រឆាំង​នៅ​ប្រទេស​ថៃ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​នឹង​ធ្វើឲ្យ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​មាន​សំឡេង​កើនឡើង និង​ឈាន​ដល់​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ខាងមុខ​។

ជ័យជម្នះ​របស់​គណបក្ស​ភឿ​ថៃជា​មេរៀន​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​​ ដោយ​បង្ហាញ​ថា គណបក្ស​កាន់អំណាច​ក៏​ត្រូវមាន​ការផ្លាស់ប្តូ​រ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ នេះ​បើ​តាម​ការកត់សម្គាល់រ​បស់​លោក​កឹម​សុខា​។

បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ ត្រូវបាន​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លើកឡើងថា នឹង​អាច​គ្រាន់បើ​ជាង​ពេល​មុន​បន្តិច ដោយសារតែ​រដ្ឋាភិបាល​ថ្មី​របស់​ថៃ ប្រហែល​នឹង​មិន​មាន​នយោបាយ​ចេញមុខ​មក​ឈ្លោះ​ជាមួយ​កម្ពុជា លើ​បញ្ហា​ព្រំដែន​ដោយ​ចំៗ​ទេ ពី​ព្រោះ​គណបក្ស​ភឿ​ថៃ​មាន​ទំនាក់ទំនង​ជាមួយ​លោក ថាក់ស៊ីន និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI