កម្ពុជា

កម្ពុជា​បារម្ភ​ពី​ការឆ្លង​រាតត្បាត​មេរោគ​អេដស៍​ចំណោម​យុវវ័យ

យុវជន​កម្ពុជា​កំពុង​ប្រឈម​មុខ​ខ្លាំង​នឹង​ការឆ្លង​មេរោគ​អេដស៍
យុវជន​កម្ពុជា​កំពុង​ប្រឈម​មុខ​ខ្លាំង​នឹង​ការឆ្លង​មេរោគ​អេដស៍ ©សុវណ្ណារ៉ា

រដ្ឋាភិបាល​បាន​ប្រកាស​អំពី​ការព្រួយបារម្ភ​របស់​ខ្លួន ចំពោះ​ការផ្ទុះឡើង​នៃ​ការឆ្លង​មេរោគ​អេដស៍​រលក​ទី២ ដែល​ពាក់ព័ន្ធនឹង​ក្រុម​យុវជន។ ការ​ព្រួយបារម្ភ​នេះ កើតចេញ​ពី​ការធ្វើអង្កេត​មួយ កាល​ពី​ពេល​ថ្មីៗនេះ។ ក្រសួង​អប់រំ ដោយរួម​សហការ​ជាមួយ​អង្គការ​ក្រៅរដ្ឋា​ភិបាល​ពាក់ព័ន្ធ​បាន​ធ្វើការ​អង្កេត​នេះឡើង ដើម្បី​ប្រាប់​ទៅដល់​អ្នក​ធ្វើគោល​នយោបាយ​អំពី​បញ្ហា​នេះ និង​ដំណោះស្រាយ​របស់​វា។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

កម្ពុជា​ទើប​តែ​បាន​ទទួល​បាន​ប័ណ្ណ​សរសើរ​ពីអង្គការ​សហប្រជាជាតិ ក្នុង​កិច្ចការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​មេរោគ​អេដស៍។ ប៉ុន្តែ​នេះ​អាច​ជា​ស្នាដៃ​ក្នុង​អតីតកាល​តែ​ប៉ុណ្ណោះ។

នៅពេលនេះ កម្ពុជា​កំពុងតែ​ព្រួយបារម្ភ​អំពី​រលក​នៃ​ការឆ្លង​រាតត្បាត​នៃ​មេរោគ​អេដស៍ សា​ជាថ្មី ទៅ​លើ​ពលរដ្ឋ​កម្ពុជា ពិសេស​ក្នុង​ចំណោម​យុវជន។ ហេតុដូច្នេះហើយ ការអង្កេត​មួយ​ត្រូវបាន​ធ្វើ​ឡើង​ភ្លាម។ អង្គការ​អន្តរជាតិ​ធំៗ​នៅ​កម្ពុជា​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​មេរោគ​អេដស៍ រួមមាន KHANA UNICEF UNAIDS អង្គការ​សុខភាព​ពិភពលោក UNESCO UNFPA ជាដើម​បាន​ធ្វើ​ការងារ​ស្រាវជ្រាវ​មួយទៅ​លើ​ក្រុម​យុវវ័យ​ដែល​មាន​អាយុ​ចន្លោះ​ពី​១០ ទៅ​២៤​ឆ្នាំ ចំនួន​២៤០០នាក់ នៅ​ក្នុង​ខេត្ត​ចំនួន៨។ ការអង្កេត​ត្រូវ​បាន​ធ្វើ​នៅតាម​បណ្តា​កន្លែង​ដែល​ជា​ចំណុច​ក្តៅ ហើយ​ដែល​ត្រូវ​បាន​សង្ស័យថា ជា​កន្លែង​ដែល​មាន​ការប្រឈម និង​អត្រា​ឆ្លងមេរោគ​អេដស៍​ខ្ពស់។

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​អន្តរនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​គ្រឿងញៀន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​បាន​សរសេរ​ថា កម្ពុជា​ខ្វល់ខ្វាយ​អំពី​ក្រុម​ប្រឈម​ខ្ពស់​ទៅ​នឹង​ការឆ្លង​មេរោគ​អេដស៍ ក្នុង​ចំណោម​ពលរដ្ឋ​អាយុ​ពី​១០ ដល់​២៤​ឆ្នាំ​ដែល​តំណាង​ឲ្យ​៣៥​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប។ ការឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍​ក្នុង​ចំណោម​យុវជន បណ្តាល​មក​ពីការ​ប្រើប្រាស់​គ្រឿងញៀន ការសេព​គ្រឿងស្រវឹង និង​ការរួមភេទ​គ្មាន​សុវត្ថិភាព។

លោក​អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ថ្លែង​ថា ការស្រាវជ្រាវ​មួយ​ចុង​ក្រោយ​នេះ នឹង​ជួយ​អោយ​អ្នក​ពាក់ព័ន្ធ​រកឃើញ​នូវ​វិធីសាស្ត្រ​ណា​ដែល​ល្អ​បំផុត ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ធ្វើអោយ​យុវវ័យ​កម្ពុជា​គ្មាន​សុវត្ថិភាព។ ប្រធាន​អង្គការ​UNICEFប្រចាំ​កម្ពុជា លោក​រីឆាដ ប្រាយដឹល វិញ​បាន​អំពាវនាវ​អោយ​មាន​សាមគ្គីភាព និង​ការប្រឹងប្រែង​រួមគ្នា​រវាង​អង្គការ​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​ដើម្បី​ធានា​ថា ទាំងគោល​នយោបាយ កម្មវិធី​នានា​នឹង​ឆ្លើយតប​យ៉ាង​សមស្រប​ចំពោះ​សេចក្តី​ត្រូវការ​របស់​យុវវ័យ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ការពារ​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការទទួល​បាន​ព័ត៌មាន និងសេវា​ត្រឹមត្រូវ។

គួររម្លឹកថា គោលដៅ​នៃ​ក្តី​បារម្ភ​ចំពោះ​ការឆ្លង​រាតត្បាត​មេរោគ​អេដស៍​រលកក្រោយ​នេះ មិនមែន​មាន​តែ​ក្រុម​យុវជន​តែ​ប៉ុណ្ណោះ​ទេ។ ក្រុម​ស្ត្រី​ធ្វើការ​នៅតាម​កន្លែង​កំសាន្ត និង​ក្រុម​បុរសស្រលាញ់​ភេទ​ដូចគ្នា ក៏​ជា​ក្រុម​គោលដៅ​នៃ​ការព្រួយបារម្ភ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI