កម្ពុជា

កម្ពុជា​ប្រាប់​ថៃ​ថា គ្មាន​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ ក្នុង​ពេល​នេះ​ទេ

ប្រាសាទ​ព្រះវិហារ​ដែល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ត្រូវ​ចុះ​ទៅ​ឈរ​យាម​ត្រួត​មើល​កុំ​ឲ្យ​មាន​ការបាញ់​គ្នា​រវាង​កងទ័ពថៃ និង​ក​ម្ពូជា
ប្រាសាទ​ព្រះវិហារ​ដែល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ត្រូវ​ចុះ​ទៅ​ឈរ​យាម​ត្រួត​មើល​កុំ​ឲ្យ​មាន​ការបាញ់​គ្នា​រវាង​កងទ័ពថៃ និង​ក​ម្ពូជា ©សុវណ្ណារ៉ា

ទាំង​នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា និង​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោកប្រាវីត វុងស៊ូវុន បាន​​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​អំពី​បំណង​របស់ថៃ​ដែល​រង់ចាំ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ នៅក្នុង​ខែមីនា។ កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​ដែលថៃ​អត្ថាធិប្បាយ​នឹង​ក្លាយ​ជា​តុ​ពិភាក្សា​អំពី​ស្ថានភាព​តាម​ព្រំដែន​ផង និង​ការទទួល​យក​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ផង។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បដិសេធ​ថា មិនមាន​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​ក្នុងខែ​មីនា​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

នៅពេល​ដែល​កម្ពុជា​កំពុង​រង់ចាំ​ទទួល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​មក​ឈរជើង​ជាមួយ​កងទ័ព​ខ្លួន​នៅ​ព្រំដែន រដ្ឋាភិបាល​ថៃ​ឯណោះវិញ​មិន​បាន​និយាយ​អំពី​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​នេះទៀត​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក​ប្រាវីត វុងស៊ូវុន​ចង់​អោយ​មាន​កិច្ចប្រជុំ​បន្ទាន់ របស់​គណៈកម្មការ​ព្រំដែន​ទូទៅ General Border Committee នៅក្នុង​ខែ​មីនា​នេះ។ កិច្ចប្រជុំ​នេះ ត្រូវធ្វើ​ឡើង​ក្រោម​ការដឹកនាំ​រួមគ្នា​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំងពីរ​ប្រទេស។

រដ្ឋមន្ត្រី​ការពារ​ជាតិថៃ​បាន​ប្រាប់​អ្នកកាសែត​ថា កិច្ចប្រជុំ​នេះ​នឹង​អាច​ដោះស្រាយ​បញ្ហា​យោធា​នៅតាម​ព្រំដែន និង​ពិភាក្សា​អំពី​ការទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ផង។ រីឯ​លោក​នាយករដ្ឋមន្ត្រី​ថៃអាប់ភីស៊ីត វេចាជីវ៉ា​វិញ​ថែម​ទាំង​បាន​និយាយ​ថា កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំងពីរ នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​៧ និង​ទី​៨​មីនា​នេះ​ទៀត​ផង។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា លោក​ឧត្តមសេនីយឯក ឈុំ សុជាតិ​ច្រានចោល​ទាំងស្រុង​នូវ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ។ លោក ឈុំ សុជាតិ​បាន​បញ្ជាក់ នៅថ្ងៃ​សុក្រ​ទី ៤​មីនា​នេះ​ថា ចំពោះ​ការប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​នោះ គឺ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៅក្នុង​ឆ្នាំ​នេះ។ ដូច្នេះ​គឺ​កម្ពុជា​ជា​អ្នក​សម្រេច​រៀបចំ។ ប៉ុន្តែ​ថា ក្នុងកាលៈទេសៈនេះ វា​មិនមាន​អំណោយ​ផលល្អ​សម្រាប់​ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើយ។ ដូច្នេះ​គ្មាន​កិច្ចប្រជុំ​ណាមួយ​ត្រូវ​បានគ្រោង​ទុក​ដូចថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក្រុងបាងកក​និយាយ​នោះ​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ដដែល​បន្ត​ថា បើទោះជា​មាន​កិច្ចប្រជុំ​គណកម្មការ​ព្រំដែន​ទូទៅ​មែននោះ ក៏​កិច្ចប្រជុំ​នេះ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ការទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​នោះ​ដែរ។ សម្រាប់​លោក​ឈុំ សុជាតិ ថៃ​កំពុង​រក​លេស ចង់​ឲ្យ​គេ​បំភ្លេចចោល​សំណុំរឿង​ទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី ដោយបង្វែរ​ខ្លួន​មក​និយាយ​អំពី​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ ដែល​កម្ពុជា​មិនទាន់​សម្រេច​អ្វី​ទាល់តែ​សោះ​ទៅវិញ។ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បានបង្ហាញ​ជំហរ​តាំងពី​ដំបូង​ហើយថា ប្រសិនបើ​ថៃ​បែរ​ជា​បដិសេធ ឬ​នៅរារែក​ក្នុង​ការទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​មែននោះ កម្ពុជា​ក៏​នៅតែ​សម្រេច​ទទួលយក​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​ជា​ឯកតោភាគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI