អានតួអត្ថបទ
កម្ពុជា

កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ស្មុំ​កូន​ខ្មែរ​ទៅ​ចិញ្ចឹម នៅ​អាមេរិក​សា​ជា​ថ្មី

លោក​ឡុង វីសាលោ​និយាយ​ពី​ការបើក​សុំ​ឲ្យ​មាន​ស្មុំកូន​ទៅ​ចិញ្ចឹម​នៅអាមេរិក នៅថ្ងៃ​ចន្ទ​ទី​២៩​តុលា ២០១២
លោក​ឡុង វីសាលោ​និយាយ​ពី​ការបើក​សុំ​ឲ្យ​មាន​ស្មុំកូន​ទៅ​ចិញ្ចឹម​នៅអាមេរិក នៅថ្ងៃ​ចន្ទ​ទី​២៩​តុលា ២០១២ ©RFI/ siv channa
ដោយ៖ ហុង សីហា
1 នាទី

ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៣​តទៅ ប្រទេស​កម្ពុជា​នឹង​អនុញ្ញាត​ជាថ្មី​ឲ្យ​ជនជាតិ​អាមេរិកាំង សុំ​កូន​ខ្មែរ​ទៅ​ចិញ្ចឹម​នៅ អាមេរិក។ ការសម្រេច​បែបនេះ​បានធ្វើ​ឡើង បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​រវាង គណៈប្រតិភូ​របស់​អាមេរិក ដែល​ដឹកនាំ​ដោយ​លោកស្រី Susan Jacobs ទីប្រឹក្សា​ពិសេស​ទទួលបន្ទុក កុមារ​របស់​អាមេរិក និង​ភាគី​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ក្រសួងការបរទេស កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី ២៩ តុលា ឆ្នាំ ២០១២។

ផ្សាយពាណិជ្ជកម្ម

 

លោក​ឡុង  វិសាលោ បាន​ឲ្យ​ដឹង កាលពី​ព្រឹកមិញ​ថា ដំណើរការ​ស្មុំ​កូន​ខ្មែរ​ទៅ​ចិញ្ចឹម​នៅ​អាមេរិក​អាច​ចាប់ផ្តើម​តាំងពី​ខែមេសា​ឆ្នាំ ២០១១ មកម្ល៉េះ តែ​ដោយ​ភាគី​ទាំងពីរ​មិនទាន់​រៀបចំ​បាន​ស្រួលបួល ទើបបានជា​ដំណើរការ​នេះ ត្រូវបាន​ពន្យារពេល។ តែ​ពេលនេះ ភាគី​ទាំងពី កម្ពុជា និង​អាមេរិក​បាន​ស្រុះស្រួល​គ្នា​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​នេះ​ពីថ្ងៃ​ទី ០១ ខែមករា​ឆ្នាំ២០១៣នេះ​តទៅ។ 

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ផ្អាក​ការសុំ​កូន​យកទៅ​ចិញ្ចឹម​នៅ​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ ២០០៩ ដោយសារតែ​មាន​ការជួញដូរ​កុមារ​ខុសច្បាប់ នៅក្នុង​ការសុំ​កូន​ទៅ​ចិញ្ចឹម​នេះ។ ទាក់ទិន​ទៅនឹង​បញ្ហា​នេះដែរ លោក ឡុង វិសាលោ​បាន​ពន្យល់ថា ដោយសារតែ​ប្រទេស​កម្ពុជា​នៅ​មិនទាន់​ជា​ប្រទេស​ហត្ថលេខី នៃ​អនុសញ្ញា​ទីក្រុង​ឡាអេ ដូច្នេះ​កម្ពុជា​នៅមាន​ការពិបាក​ក្នុង​ការគ្រប់គ្រង​បញ្ហា​ស្មុំ​កូន។ លោក​បាន​លើក​ករណី​ស្ត្រី​អាមេរិកាំង​ម្នាក់​ឈ្មោះ ឡូរ៉ែន កាលីដូ ដែល ធ្លាប់​យក​កូន​ខ្មែរ​រាប់ពាន់នាក់​ទៅ​អាមេរិក តែ​វា​ដូចជា​លក្ខណៈ​លក់ដូរ​ទៅវិញ ព្រោះ​បើសិន​ជាមាន​នរណា​ម្នាក់​ត្រូវការ​កុមារ​ពី​គាត់ នោះ គេ​ត្រូវ​បង់ថ្លៃ​ឲ្យ​គាត់។ ដោយ​ឃើញ​ហេតុការណ៍​បែបនេះ កម្ពុជា​ក៏បាន​ធ្វើការ​ជាមួយ​អាមេរិក ហើយ​អាមេរិក ក៏បាន​ចាប់​លោកស្រី​នោះ​ដាក់ពន្ធនាគារ​រួច​ទៅហើយ​ដែរ។

លោក​រដ្ឋលេខាធិការ​បាន​គូស​បញ្ជាក់​បន្ត​ថា  មុននឹង​អនុញ្ញាត​ឲ្យ​មាន​ការស្មុំ​កូន​ខ្មែរ​ទៅ​ចិញ្ចឹម​នេះ រដ្ឋាភិបាល​បាន​ពិនិត្យ​ល្អិតល្អន់ ដើម្បី​ជៀសវាង​ការជួញដូរ​កុមារ​កម្ពុជា។ រីឯ​កុមារ​ដែល​ត្រូវ​ផ្តល់​សំរាប់​ការសុំ​ទៅយក​ចិញ្ចឹម​នោះ មាន​អាយុ​ចាប់ពី៨ឆ្នាំ​ចុះ និង​បានតែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ។ តែបើ​មាន​ករណី​លើកលែង ក៏​អាចមាន​អាយុ​ដល់៩ឆ្នាំ និង​អាច​ផ្តល់​ដល់​ទៅ២នាក់​ផងដែរ។ ដូចជា​ករណី ដែលមាន​បងប្អូន​ពីរ​នាក់​មាន​ឪពុកម្តាយ​ស្លាប់ ហើយ​មាន​អាយុ​ខុសគ្នា រហូតដល់​ទៅ ៩ឆ្នាំ។ ករណីនេះ​កម្ពុជា​អាច​ផ្តល់​ការសុំ​នេះ​បាន ព្រោះ​គេ​មិនអាច​បំបែកបំបាក់​កុមារ​បានទេ។

ទាក់ទិន​ទៅនឹង​ការសុំ​កូន​យកទៅ​ចិញ្ចឹម​នេះដែរ កម្ពុជា​ក៍​កំពុងតែ​ត្រៀមខ្លួន ដើម្បី​ចូល​អនុសញ្ញា​ក្រុងឡាអេ។ លោក ឡុង វិសាលោ បាន​បញ្ជាក់ថា បើសិន​កម្ពុជា​ចូល​អនុសញ្ញា​ក្រុងឡាអេ នោះ​កម្ពុជា​ត្រូវគោរព​តាម​អ្វីដែល​បានកំណត់​ដោយ​ច្បាប់ ពោលគឺ ត្រូវ​ផ្អាក​ទាំងអស់​នូវ​អ្វីដែល​មាន ហើយ​ត្រូវធ្វើ​ច្បាប់​មួយទៀត ដែលជា​ច្បាប់​ផ្ទៃក្នុង ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ច្បាប់​ក្រុងឡាអេ។

លោក​បាន​បញ្ជាក់​ទៀត​ថា ការសុំ​កូន​ទៅ​ចិញ្ចឹម​នេះ មិនមែនជា​ការលក់​កូន​នោះទេ ព្រោះ​តែមាន​អ្នកខ្លះ​គ្មាន​កូន ហើយ​រដ្ឋាភិបាល​ត្រូវ​គិតដល់​អនាគត​ក្មេង។ កុមារ​គឺជា អនាគត​ប្រទេសជាតិ ជា​កម្លាំង​កសាង​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត ព្រោះ​ពេល​កុមារ​ធំ​ឡើង អាច​នឹង​ត្រឡប់មក​ស្រុកទេស​វិញ​ដោយ​ចូលខ្លួន​មក​បំរើ​នៅក្នុង​អង្គការ​នានា ព្រោះ​កន្លងទៅ​ធ្លាប់មាន​រួចទៅហើយ។ 

ក្រៅពី​ការផ្តល់​កូន​ទៅ​អាមេរិក ប្រហែលជា​នៅ​ចន្លោះ​ពី ១០០ ទៅ​២០០នាក់​ក្នុងមួយឆ្នាំៗ កម្ពុជា​ក៏​អាច​ផ្តល់​ការអនុញ្ញាត​ឲ្យ​ប្រទេស​ដទៃទៀត​ដែរ ដែល​ក្នុងនោះ​មាន​ប្រទេស​បារាំង  អាល្លឺម៉ង់ និង​អ៊ីតាលី​ជាដើម។ ចំនួន កុមារ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​សុំ​ទៅ​ចិញ្ចឹម គឺ​អាស្រ័យ​ទៅនឹង​ប្រទេសនីមួយៗ ដូចជា​ប្រទេស អ៊ីតាលី អាច​ទទួល​កុមារ​ពី​កម្ពុជា មួយឆ្នាំ​ចន្លោះ​ពី៥០ទៅ​១០០នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ