កម្ពុជាសម្រេចរក្សាលោក Patrick Devillersនៅក្នុងប្រទេស
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលកម្ពុជា បានសម្រេចរក្សាទុកពលរដ្ឋបារាំងដ៏ចម្រូងចម្រាស់លោក Patrick Devillers នៅក្នុងប្រទេសកម្ពុជាដោយរង់ចាំការអង្កេតបន្ត នេះបើតាមការអះអាងរបស់លោកហោ ណាំហុងរដ្ឋមន្ត្រីការបរទេស។ ស្ថាបត្យករបារាំង ត្រូវបានចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរប្រទេសចិនដែលមិនទាន់បានបង្ហាញភស្តុតាងជាក់លាក់អំពីអំពើល្មើសរបស់បុរសជនជាតិបារាំងម្នាក់នោះ។
រដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការហើយថា នឹងមិនបញ្ជូនស្ថាបត្យករជនជាតិបារាំងលោក Patrick Devillers ទៅប្រទេសបារាំង ឬទៅប្រទេសចិននោះឡើយ។ កម្ពុជាសម្រេចរក្សាពលរដ្ឋបារាំងរូបនេះទុកនៅកម្ពុជា។ នេះជាការអះអាងរបស់ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង។
រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងយ៉ាងនេះប្រាប់អ្នកកាសែតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមិនបានបញ្ជាក់ផងទេថា តើហេតុអ្វីបានជាកម្ពុជាបានចាប់ឃុំខ្លួនពលរដ្ឋបារាំងរូបនេះយ៉ាងដូច្នេះ។
លោក Patrick Devillers ត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួនតាំងពីថ្ងៃទី១៣មិថុនាតាមសំណើរបស់អាជ្ញាធរប្រទេសចិន ដែលមិនបានបង្ហាញមូលហេតុច្បាស់លាស់នៅឡើយអំពីសំណើចាប់ខ្លួននេះ។ រដ្ឋាភិបាលបារាំងវិញបានព្រមានអាជ្ញាធរកម្ពុជាមិនអោយធ្វើអ្វីដែលមិនឈរលើមូលដ្ឋានច្បាប់ច្បាស់លាស់ ហើយបានស្នើអោយកម្ពុជាបង្ហាញមូលហេតុនៃការឃាត់ខ្លួនពលរដ្ឋរបស់ខ្លួននេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយឯកខៀវ សុភ័គបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFPថា លោក Patrick Devillers ដែលកំពុងត្រូវឃុំខ្លួននៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនោះនឹងត្រូវដោះលែងអោយមានសេរីភាពប្រសិនបើអាជ្ញាធរចិនមិនបង្ហាញភស្តុតាងច្បាស់លាស់នោះទេ។ លោកខៀវ សុភ័គបញ្ជាក់ថាលោក PatrickDevillers មិនបានប្រព្រឹត្តបទល្មើសនៅកម្ពុជាឡើយ។
លោក Patrick Devillers ត្រូវបានគេគិតថា លោកមានទំនាក់ទំនងជាមួយប្តីប្រពន្ធរបស់លោកប៉ូ ស៊ីឡៃដែលអតីតសមាជិកការិយាល័យនយោបាយក្នុងទីក្រុងដ៏ធំរបស់ចិនឈ្មោះជុងឈីង។ ចុងក្រោយនេះ អ្នកនយោបាយអស់អំណាចរបស់ចិនរូបនេះ ត្រូវបានស៊ើបអង្កេតក្នុងសំណុំរឿងពុករលួយ ខណៈដែលភរិយារបស់លោកត្រូវឃុំខ្លួនដោយសារតែការពាក់ព័ន្ធនឹងឃាតកម្មលើអ្នកជំនួញជនជាតិអង់គ្លេសម្នាក់កាលពីឆ្នាំមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ