កម្ពុជា

គណបក្ស​នយោបាយ​​ប្រារព្ធ​​ខួប​២៣​ឆ្នាំ​​នៃ​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ទីក្រុង​​ប៉ារីស​ក្នុង​ស្ថានភាព​​ផ្សេង​គ្នា​

គណបក្ស​សង្រ្គោះ​ជាតិ​ ប្រារព្ធ​ខួប​គម្រប់​២៣​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា​ឆ្នាំ​២០១៤​
គណបក្ស​សង្រ្គោះ​ជាតិ​ ប្រារព្ធ​ខួប​គម្រប់​២៣​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា​ឆ្នាំ​២០១៤​ RFI/ Siv Chana

ខួប​២៣​ឆ្នាំ​​នៃ​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ទី​ក្រុង​​ប៉ារីស​​ថ្ងៃ​២៣​តុលា ​គណបក្ស​នយោបាយ​ធំ​ៗ​នៅ​​កម្ពុជា​ បាន​​ប្រារព្ធ​​ខួប​​នេះ​​ក្នុង​ស្ថាន​ភាព​ផ្សេង​ៗ​គ្នា​។ ​រដ្ឋាភិបាល​​របស់​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​ មិន​បាន​​ធ្វើ​​អ្វី​​ធំ​ដុំ​​នោះ​ទេ ​តែ​​បាន​​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជកា​​រ ប្រជា​ពលរដ្ឋ​​បាន​​ឈប់​សម្រាក​​​មួយ​​ថ្ងៃ​​។ ​​ចំណែក​​ឯ​​គណបក្ស​​សង្គ្រោះ​​ជាតិ ​និង​​គណបក្ស​​ហ្វ៊ុន​ស៊ិនប៉ិ​ច ​ក៏​បាន​​ប្រារព្ធ​​រំលឹក​​ខួប​​នេះ​​នៅ​ឯ​​ទី​ស្នាក់ការ​​បក្ស​រៀង​ៗ​ខ្លួន​។​

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ឱ​កាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី២៣នៃ​សន្ធិសញ្ញា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០១៤នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏ធំ​មួយ​នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​នេះ នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួនស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ពិធី​នេះ ដឹកនាំ​ដោយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។

លោក កឹម សុខា បាន​ថ្លែង​នៅក្នុង​ឱ​កាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី២៣ នៃ​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ដោយបាន​អំពាវនាវ​ឲ្យ​គ្រប់ភាគី​មានការ​គោរព​នូវ​កិច្ចព្រមព្រៀង​នេះ​ឲ្យបាន​ខ្ជាប់ខ្ជួន ព្រោះថា តាមរយៈ​កិច្ចព្រមព្រៀង​នេះហើយ ដែល​បានធ្វើឲ្យ​ប្រទេស​កម្ពុជា​រួបរួមគ្នា និង​ធ្វើដំណើរ​បាន​រហូតមក​ដល់​សព្វថ្ងៃនេះ។

ចំណែកឯ​គណបក្ស ហ្វ៊ុ​ន​ស៊ិនប៉ិច ដែលជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រីសតាមរយៈ​តួអង្គ​សម្តេច​ឳ​ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក៏បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅថ្ងៃនេះ ដើម្បី​អបអរសាទរ។ បន្ថែម​លើ​នេះ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច ក៏​បានផ្ដល់​បទសម្ភាសន៍​ដល់​អ្នកយក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍ ស្ដីពី កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុងឱកាស​ខួប​លើក​ទី២៣នេះដែរ។

នៅក្នុង​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​រិះគន់​ទៅលើ​ការខកខាន​ក្នុងការ​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​នេះ​ថា នយោបាយ​អភិវឌ្ឍន៍​អស់​រយៈពេល២៣ឆ្នាំ បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ រាប់ទាំង​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​បស់​អង្គការសហប្រជាជាតិ និង​សហគម​ន៍អន្តរជាតិ​ផង​នោះ មិនបាន​ហុច​ផល​ទៅឲ្យ​ប្រជាជន​ក្រីក្រ​នោះទេ តែ​វា​បាន​ហុច​ផល​ច្រើន​ទៅលើ​ជន​ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​យ៉ា​ង​លើសលប់​ទៅវិញ។ ម៉្យាង​ទៀត បច្ចុប្បន្ន​កម្ពុជា​កំពុង​ស្ថិតនៅ​ឆ្ងាយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង២៣តុលា​នៅឡើយ ពិសេស​លើ​បញ្ហាសន្តិសុខ​ជាតិ សន្តិសុខ​ប្រជាពលរដ្ឋ និង​នីតិរដ្ឋ ដែលជា​គន្លឹះ​និង​ជា​ប្រភព​នៃ​រាល់​បញ្ហា និង​វិ​ប​ត្តិធ្ងន់ធ្ងរ​ទាំងឡាយ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា។

ចំណែកឯ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ដែរ​នេះ នៅថ្ងៃនេះ មិនបាន​ប្រារព្ធ​ពិធី​អ្វី​ធំដុំ​នោះទេ តែ​រដ្ឋាភិបាល​កម្ពុជារ​បស់​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ បុគ្គលិក​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស បាន​ឈប់សម្រាក​មួយថ្ងៃ នៅ​ថ្ងៃទី២៣តុលា​នេះ។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​កេងចំណេញ​នយោបាយ​ទៅលើ​កិច្ចព្រមព្រៀង​នេះ​ទេ។ បើតាម​លោក ផៃ ស៊ី​ផាន គ្រប់គ្នា​បានដឹង​ហើយ​រួចមកហើយ​ថា បុគ្គល​សំខាន់២រូប ដែល​បាន​នាំឲ្យមាន​សន្ធិសញ្ញា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១នេះ នោះ​គឺ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ សម្តេច​ឳ ​នរោត្តម សីហនុ និង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI