កម្ពុជា

កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សន្តិសុខ​អាស៊ី​លើក​ទី​១៣​ នៅ​សិង្ហ​បុរី​

លោកទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា។
លោកទៀ បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា។ RFI/Siv Channa

កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិសុខ​អាស៊ី​លើក​ទី១៣ ដែល​គេ​ស្គាល់ឈ្មោះ​ម្យ៉ាង​ទៀតថា កិច្ចសន្ទនា​ស្សាង​ហ្គ្រី​ឡាត្រូវ​​ចាប់ផ្តើម​បើក​នៅ​ថ្ងៃ​សុក្រ ទី៣០ ខែឧសភា ឆ្នាំ២០១៤ ដោយមាន​វត្តមាន​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ មកពី​ជិត៣០ប្រទេស។ កម្ពុជា​ក៏បាន​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​របស់ខ្លួន ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្នុងប្រទេសសិង្ហ​បុរី ដែល​នឹងត្រូវ​​បញ្ចប់​នៅ​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០១៤​ នោះដែរ។ ប្រធានបទ​ជាច្រើន​ស្តីពី​សន្តិសុខ និង​សហប្រតិបត្តិការ នឹងត្រូវ​លើក​មក​ជជែក។  

ផ្សាយពាណិជ្ជកម្ម

លោក ទៀ បាញ់ ដែលជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិសុខ​អាស៊ី​លើក​ទី១៣ នៅ​ថ្ងៃ​សុក្រ ទី៣០ ខែឧសភា​ហើយ។ កិច្ចប្រជុំ ដែល​គេ​ស្គាល់ឈ្មោះ​ម្យ៉ាង​ទៀតថា «កិច្ចសន្ទនា​ស្សាង​ហ្គ្រី​ឡា» នោះ រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​ផ្នែក​យុទ្ធសាស្ត្រ (IISS) រយៈពេល​បី​ថ្ងៃ នៅ​ប្រទេស​សិង្ហ​បុរី។

នៅ​ឆ្នាំនេះ ប្រធានបទ​ជាច្រើន ដែល​ទាក់ទង​នឹង​សន្តិសុខ និង​សហប្រតិបត្តិការ នឹង​ត្រូវគេ​លើក​យកមក​ជជែក​គ្នា។ យោងតាម​កម្មវិធី​ប្រជុំ ក្នុងចំណោម​ប្រធានបទសំខាន់ៗ គេ​ឃើញ​មានការ​និយាយ​អំពី៖ ១.វិភាគទាន​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ស្ថិរភាព​តំបន់ ២. ការបង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​យោធា​និង​យោធា ៣. ការគ្រប់គ្រង​ភាព​តានតឹង​ប្រកបដោយ​យុទ្ធសាស្ត្រ ៤. ការ​ប្រឈម​នៃ​ការថែរក្សា និង​គ្រប់គ្រង​លំហរសមុទ្រ ៥. ផលប៉ះពាល់​នៃ​សមត្ថភាព​ថ្មី​នៃ​យោធា​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក ៦. បម្រែបម្រួល​អាកាសធាតុ ជំនួយ​មនុស្សធម៌​និង​ការកាត់បន្ថយ​គ្រោះមហន្តរាយ ព្រមទាំង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក ៧. សមាគម​អាស៊ាន និង​ការ​ផុស​ឡើង​នៃ​រចនាសម្ព័ន្ធ​សន្តិសុខ​ថ្មី​ក្នុង​តំបន់ ៨. អនាគត​នៃ​កូរ៉េខាងជើង និង​ការអនុវត្ត​សម្រាប់​សន្តិសុខ​តំបន់ ៩. ទស្សនវិស័យ​នៃមហាអំណាច​ធំៗ​ចំពោះ​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក ១០. និង​ការធានា​នូវ​ការគ្រប់គ្រង​ជម្លោះ​ប្រកបដោយ​ភាពទន់ភ្លន់​នៅក្នុង​តំបន់​អាស៊ីប៉ា​ស៊ី​ហ្វី​ក​ជាដើម។

សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិសុខ​អាស៊ី​ត្រូវបាន​ផ្តួចផ្តើមឡើង​កាលពី​ឆ្នាំ២០០២ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​វេទិកា​មួយ ដែល​ក្នុងនោះ​រដ្ឋមន្ត្រី​ការពារជាតិ​ទាំងឡាយ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​អាច​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចសន្ទនា ដើម្បី​កសាង​ទំនុកចិត្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ចាំបាច់​ផ្នែ​សន្តិសុខ។

កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​រយៈ​បី​ថ្ងៃ​ខាងមុខនេះ​ក៏​ធ្វើឡើង​ចំពេលដែល​តំបន់​អាស៊ី​កំពុង​កើតមាន​ជម្លោះ​ដែនសមុទ្រ​រវាង​ប្រទេស​ជាច្រើន ក្នុងនោះ​មានដូចជា​វិបត្តិ​រវាង​ចិន និង​ជប៉ុន រវាង​ចិន​និង​វៀតណាម រវាង​ចិន​និង​ហ្វីលីពីន​ជាដើម។

ក្នុងចំណោម​អ្នក​ចូល​រូ​ម​ជាច្រើន គេ​ឃើញ​មាន​នាយករដ្ឋមន្ត្រី​ជប៉ុន រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម មន្ត្រីជាន់ខ្ពស់​ចិន និង​អនុរដ្ឋមន្ត្រី​ការពារជាតិ​កាណាដា​ផងដែរ។ បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុ​ជា គណៈប្រតិភូ​ខ្មែរ​នឹងត្រឡប់​មកដល់​មាតុប្រទេស​វិញ ក្រោយ​ការបញ្ចប់​កិច្ចប្រជុំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI