រាជបណ្ឌិតសភា៖កិច្ចព្រមព្រៀងក្រុងប៉ារីសមិនអាចជាឧបករណ៍ឲ្យបរទេសលូកដៃចូលបញ្ហាផ្ទៃក្នុងកម្ពុជា
ថ្ងៃអង្គារទី២៣ ខែតុលានេះ គឺជាគម្រប់ខួប២៧ឆ្នាំនៃការកកើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ជាកិច្ចព្រមព្រៀង បញ្ចប់ជម្លោះប្រដាប់អាវុធរវាងភាគីខ្មែរនិងខ្មែរ និងនាំយកសន្តិភាពជូនជាតិកម្ពុជា។ ប៉ុន្តែចុងក្រោយនេះ អតីតបក្សប្រឆាំងអំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ បើកកិច្ចប្រជុំជាថ្មីស្តីពីកម្ពុជា តែបក្សកាន់អំណាចថា គ្មានផ្លូវទៅរួចទេ។ សម្រាប់រាជបណ្ឌិតសភាកម្ពុជាវិញ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មិនអាចធ្វើជាឧបករណ៍ឲ្យបរទេសលូកដៃចូលបញ្ហាផ្ទៃក្នុងកម្ពុជាបានឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៣ តុលានេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងពីគុណសម្បត្តិជាច្រើនរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាចំពោះការដឹកនាំប្រទេសជាតិប្រកបដោយសន្តិភាព ការអភិវឌ្ឍ និងរីកចម្រើន ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ ក៏បានកត់សម្គាល់ទៀតថា សមិទ្ធិផលក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកំពុងឆ្លើយតបជាវិជ្ជមានទៅនឹងចរន្តនៃដំណើរវិវឌ្ឍទស្សនទានស្តីពីវប្បធម៌សន្តិភាពរបស់ពិភពលោក និងគោលដៅអភិវឌ្ឍសហសវត្សរ៍។
បើទោះរាជបណ្ឌិតសភាកម្ពុជាមើលឃើញពីផលវិជ្ជមានបែបនេះក្តី ប៉ុន្តែអតីតបក្សប្រឆាំងវិញមិនដូច្នោះឡើយ។ មន្រ្តីនិងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិបានអះអាងថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានបំពាននឹងកិច្ចព្រមព្រៀងនេះតាមរយៈការរំលាយបក្សប្រឆាំង មិនឲ្យចូលរួមបោះឆ្នោត និងរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយជាដើម។ អតីតបក្សប្រឆាំង ថែមទាំងបានស្នើឲ្យប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើកកិច្ចប្រជុំជាថ្មី ដើម្បីដោះស្រាយបញ្ហានយោបាយកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ក៏ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាថា វាមិនអាចទៅរួចនោះទេ។ ចំណែកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាវិញ បានអះអាងបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានតម្លៃខាងផ្នែកសីលធម៌ និងមរតកប្រវត្តិសាស្រ្ត។ ដូច្នេះហើយ គេមិនអាចប្រើកិច្ចព្រមព្រៀងនេះ ដើម្បីជាលិខិតូបករណ៍ ឬជាឧបករណ៍អូសទាញឲ្យសហគមន៍អន្តរជាតិ មកចូលពាក់ព័ន្ធដោះស្រាយបញ្ហាផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យបានទេ។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគូសបញ្ជាក់ថា បញ្ហាផ្ទៃក្នុងកម្ពុជាត្រូវដោះស្រាយដោយកម្ពុជា ក្រោមច្បាប់ផ្ទៃក្នុងកម្ពុជា ហើយថាសហគមន៍អន្តរជាតិ មិនអាចប្រើលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីមករំលោភលើរដ្ឋកម្ពុជាបានឡើយ។
ជាមួយនឹងការលើកឡើងបែបនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានប្រកាសធ្វើការកត់សម្គាល់ដែរថា សម្តេចព្រះនរោត្តម សីហនុ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាស្ថានិកដ៏សំខាន់បំផុតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក៏ប៉ុន្តែលោក សម រង្ស៊ី វិញ បានអះអាងថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ គឺជាស្នាព្រះហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាព្រះបិតាបង្រួបបង្រួមជាតិ និងឯកភាពជាតិកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ