កម្ពជា

មន្ត្រី​​បក្ស​ប្រឆាំង​​ស្នើ​​រដ្ឋាភិបាល​​ពន្យារ​​អនុវត្ត​​ច្បាប់​​ចរាចរណ៍​​ថ្មី​ ក្រោយ​​រ​ង​​ការ​រិះគន់​​ពី​​ពលរដ្ឋ​

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa

គិត​មកដល់ពេលនេះ គឺជា​ថ្ងៃទី៤ ហើយ​ដែល​នគរបាល​ចរាចរ​ណ៍​ផ្លូវគោក​បានចាប់ផ្តើម​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ និង ផាកពិន័យ​យានយន្ត​គ្រប់​ប្រភេទ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ទោះបី​ទើបនឹង​ចាប់​អនុវត្ត​ក្តី ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួន​បាន​សម្តែង​ការមិន​ពេញចិត្ត និង រិះគន់ ហើយ​សូម្បី​ប្អូនស្រី​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រតិកម្ម​នឹង​ច្បាប់​ថ្មី​នេះដែរ។ ប្រឈម​កា​រិះគន់​ទាំងនេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្យារ​ការអនុវត្ត​ច្បាប់​ថ្មី​នេះ​សិន ដើម្បី​ទុកពេល​ផ្សព្វផ្សាយ និង អប់រំ​បន្ថែម​ពី​ច្បាប់​នេះ​ដល់​ប្រជាពលរដ្ឋ។

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​ជុំវិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​ទើប​នឹ​តែង​ចាប់​អនុវត្ត បានកើត​ឡើងជា​បន្តបន្ទាប់។ ប្រជាពលរដ្ឋ ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​រិះគន់ខ្លាំងៗទៅនឹង​តម្លៃ​នៃ​ការផាកពិន័យ ការដាក់ទោសទណ្ឌ​រហូត​ដល់​ត្រូវ​ជាប់ពន្ធនាគារ និង ការតម្រូវ​ឲ្យ​ត្រូវតែ​ដាក់​តាម​ខ្លួន​នូវ​បណ្ណ​សម្គាល់​យានយន្ត​ជាដើម។

មិន​ត្រឹមតែ​ពលរដ្ឋ​ធម្មតា​ទេ​ដែល​ប្រតិកម្ម​នឹង​ការអនុវត្ត​ច្បាប់​នេះ សូម្បី​លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ចេញ​ប្រតិកម្ម​ផងដែរ។ តាមរយៈ​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី០៣ មករា លោកស្រី​ហ៊ុន ស៊ី​ណាត បានសរសេរថា ប្រសិនបើ​ចង់រិត​បន្តឹង​ច្បាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ គឺ​គួរតែ​ចាប់ផ្តើម​ចេញពី​សណ្តាប់ធ្នាប់​នៃ​ការបើកបរ​និង​ការចត​យានជំនិះ​គ្មាន​សណ្តាប់ធ្នាប់​នៅលើ​តាម​ដង​វិថី​នានា មិនមែន​ចែងច្បាប់​ចេញមក​យក​ការផាកពិន័យ​ជា​ប្រាក់​ច្រើនបែប​នេះឡើយ ។ លោកស្រី​ហ៊ុន ស៊ី​ណាត បាន​ចោទ​ជា​សំណួរ​ថា តើ​ច្បាប់​បង្កើតឡើង​ដើម្បី​ជួយ​ការពារ​រាស្ត្រ ឬ​ធ្វើបាប​រាស្ត្រ?? ជាមួយនឹង​ការលើកឡើង​ទាំងនេះ លោកស្រី​ក៏បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ឲ្យ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ឡើងវិញ។

លោក​ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង ជា​អនុប្រធាន​គណៈកម្មការ​សាធារណការ និង ដឹកជញ្ជូន​នៃ​រដ្ឋសភា បាន​លើកឡើងថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្តនឹង​ច្បាប់​ចរាចរណ៍​ថ្មី គឺ​ដោយសារ​ពួកគេ​មិនទាន់​យល់ច្បាស់​ពី​ច្បាប់​ថ្មី​នេះ ព្រោះ​កង្វះ​ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ដល់​ពួកគេ។ ប្រឈមមុខ​នឹង​បញ្ហា​នេះ លោក​ម៉ៅ មុនី​វណ្ណ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្យារ​ការអនុវត្ត​ច្បាប់​ច​រារ​ច​ណ៍​ថ្មី​នេះ​សិន ដើម្បី​ទុកពេល​ផ្សព្វផ្សាយ​បន្ថែម​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ។

ជាការ​ឆ្លើយតប លោក​រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅតែ​បន្ត​ដដែល ព្រោះថា​ច្បាប់​ចរាចរណ៍​នេះ ត្រូវបាន​ផ្សព្វផ្សាយ​មួយឆ្នាំ​មកហើយ​មុននឹង​អនុវត្ត​ដែល​លោក​ចាត់ទុកថា ជាការ​គ្រប់គ្រាន់។ បើតាម​លោក​រុន រ័ត្ន​វាសនា នគរបាល​ចរាចរណ៍​មិនមែន​គិតតែ​ពី​ការផាកពិន័យ​នោះទេ ប៉ុន្តែ​ក៏បាន​អប់រំ និង ផ្សព្វផ្សាយ​ច្បាប់​នេះ​ដល់​ពលរដ្ឋ​ក្នុងពេល​ជាមួយគ្នា​ផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះ គឺជា​ថ្ងៃទី៤ហើយ​នៃ​ការចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​របស់​នគរបាល​ចរាច​រណ៍ ។ នៅក្នុង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៣ ខែមករា កន្លងទៅនេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចំនួន​ជាង២ម៉ឺន៣ពាន់​គ្រឿង ក្នុងនោះ​នៅ​ថ្ងៃទី១ នៃ​ការចាប់ផ្តើម​អនុវត្ត​ច្បាប់ គឺ​បាន​ឃាត់​យានយន្ត​ល្មើសច្បាប់​ចំនួន​ជាង៧ពាន់៥រយ​គ្រឿង។ ចំណែក​ថ្ងៃទី​ពីរ ឃាត់​បាន​ចំនួន​ជាង៧ពាន់៩រយ​គ្រឿង។ ដោយឡែក​នៅ​ថ្ងៃទី​បី នគរបាល​ចរាចរណ៍​បាន​រកឃើញ​យានយន្ត​ល្មើស​នៅតាម​ដងផ្លូវ​មាន​ចំនួន​ជាង ៨ពាន់​គ្រឿង ហើយ​ព្រមទាំង​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង៩០លាន​រៀល​ទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI