បក្សកាន់អំណាចបង្ហើបថា មន្ត្រីអតីតបក្សប្រឆាំង១១៨រូបនឹងមានសិទ្ធិធ្វើនយោបាយចោលលោកសម រង្ស៊ី
គណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញ បានបង្ហើបឲ្យដឹងថា នាពេលខាងមុខនេះ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួន១១៨រូបនឹងមានសិទ្ធិធ្វើនយោបាយឡើងវិញចោលលោកសម រង្ស៊ី ។ ការបង្ហើបឲ្យដឹងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំបញ្ជីឈ្មោះមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដើម្បីថ្វាយស្នើសុំការលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយពីព្រះមហាក្សត្រ។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម(Telegram) អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបរិហារទៅលើលោកសម រង្ស៊ី ពីរឿងដែលលោកថា រូបលោកនិងលោកកឹម សុខា គឺជាមួយមនុស្សតែមួយ។ សម្រាប់លោកសុខ ឥសាន ពាក្យសម រង្សីនិងកឹម សុខា ជាមនុស្សតែមួយ គឺជាឧបាយកលរបស់លោកសម រង្សី បង្កើតឡើង ដើម្បីគ្រាន់តែចង់យកកឹម សុខា ធ្វើបង្អែកបានជាគ្នាប៉ុណ្ណោះ ពីព្រោះលោកសម រង្សី អស់អ្វីៗពីខ្លួនហើយ។
នៅត្រង់ចំណុចនេះ លោកសុខ ឥសាន បានគូសបញ្ជាក់ថា នៅពេលនេះ មន្ត្រីអតីតបក្សប្រឆាំង១១៨នាក់ នឹងចាកចោលលោកសម រង្ស៊ី ថែមទៀតនាពេលខាងមុខជាមិនខាន ។ តាមន័យនេះ លោកអ្នកនាំពាក្យបក្សកាន់អំណាចក៏ចង់បង្ហាញថា ក្នុងចំណោម១១៨រូបនេះក៏មានលោកកឹម សុខា ប្រធានអតីតបក្សសង្គ្រោះជាតិមួយរូបផងដែរ។
ប៉ុន្តែលោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃវិញមិនអាចបង្ហាញឲ្យដឹងទេ ថាតើលោកកឹម សុខា ស្ថិតនៅក្នុងបញ្ជីត្រូវស្នើព្រះមហាក្សត្រលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយដែរឫយ៉ាងណា។ លោកគ្រាន់តែអះអាងថា មិនអាចមានការលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយដល់មន្ត្រីអតីតបក្សសង្គ្រោះជាតិទាំងអស់នោះទេ។ តាមលោកខៀវ សុភ័គ ការស្នើលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយអាចធ្វើទៅបាន លុះត្រាណាពួកគេគោរពទៅតាមសាលដីការបស់តុលាការកំពូលកម្ពុជា។ និយាយដល់ចំណុចនេះ លោកបង្ហើបថា លោកអេង ឆៃអ៊ាង និងលោកស្រីមួរ សុខហួរ ដែលសុទ្ធតែជាអនុប្រធានអតីតគណបក្សប្រឆាំង ប្រហែលមិនអាចត្រូវស្នើលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយបានឡើយ ព្រោះពួកគេបានប្រឆាំងនឹងសាលដីការបស់តុលាការនាពេលកន្លងមក។
សូមបញ្ជាក់ថា នៅពេលនេះ ក្រសួងមហាផ្ទៃកំពុងរង់ចាំវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន ដើម្បីយកទៅអនុវត្តស្នើសុំឲ្យមានការលើកលែងការហាមឃាត់សិទ្ធិនយោបាយដល់មន្ត្រីអតីតបក្សប្រឆាំង។ វិសោធនកម្មច្បាប់នេះ បានឆ្លងកាត់រដ្ឋសភារួចហើយៗនឹងត្រូវព្រឹទ្ធសភាកម្ពុជាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នៅថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា អ្នកដែលចង់ឲ្យមានការលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយត្រូវដាក់សំណើជាផ្លូវការមកកាន់ក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ តាមរយៈលោកខៀវ សុភ័គ បានបកស្រាយថា ការតម្រូវដូច្នេះ គឺដើម្បីឲ្យប្រាកដថា ក្រសួងមហាផ្ទៃស្នើឈ្មោះពួកគេត្រូវតាមឆន្ទៈរបស់ម្ចាស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ