លោកកឹម សុខា ចាត់ទុកមរណភាពលោកជាម ច័ន្ទនី ថាជាបាត់បង់អ្នកស្នេហាជាតិដ៏ក្លាហានមួយរូប
ចុះផ្សាយនៅថ្ងៃ៖
ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានចេញសារមួយតាមរយៈទំព័រហ្វេសប៊ុកកាលពីម្សិលមិញ ដោយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក ជាម ច័ន្ទនី ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា។ លោកកឹម សុខា បានចាត់ទុកមរណភាពអតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះថា គឺជាការបាត់បង់អ្នកស្នេហាជាតិដ៏ក្លាហានមួយរូប។
បើទោះបីមិនអាចទៅចូលរួមពិធីបុណ្យសពលោកជាម ច័ន្ទនី ដោយផ្ទាល់បាន ប៉ុន្តែនៅថ្ងៃទី២៦ ខែតុលា លោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចេញសាររំលែកទុក្ខមួយតាមរយៈទំព័រមុខហ្វេសប៊ុករបស់លោក។ តាមរយៈសាររំលែកទុក្ខនោះ លោកកឹម សុខា បានសម្តែងនូវសមានទុក្ខ និងក្តីសោកស្តាយចំពោះមរណភាពលោកជាម ច័ន្ទនី ។ ជាមួយគ្នានេះ លោកបានចាត់ទុកមរណភាពនេះ ថាជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏ក្លាហាន និងស្មោះត្រង់ម្នាក់។
មិនខុសគ្នានឹងលោកកឹម សុខាដែរ លោកសម រង្ស៊ី ដែលជាអតីតប្រធានអតីតបក្សសង្គ្រោះជាតិវិញតាមបណ្តាញសារព័ត៌មានក៏បានចាត់ទុកមរណភាពរបស់លោកជាម ច័ន្ទនី ថាជាការបាត់បង់ធំធេងមួយសម្រាប់អតីតគណបក្សប្រឆាំង។ សម្រាប់លោកសម រង្ស៊ី លោកជាម ច័ន្ទនី គឺជាអ្នកសេ្នហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាព ជាពិសេសនោះ គឺលោកជាមនុស្សដ៏ស្មោះត្រង់ចំពោះបក្ស។
លោកជាម ច័ន្ទនី អតីតអ្នកតំណាងរាស្ត្រខេត្តកំពង់ធំរបស់អតីតបក្សសង្គ្រោះជាតិ បានទទួលមរណភាពកាលនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរោគាពាធ ក្នុងអាយុ៥៧ឆ្នាំ។ រំលឹកពីអតីតកាល លោកជាម ច័ន្ទនី បានប្រឡូកចូលនយោបាយកាលពីឆ្នាំ១៩៩៣ជាមួយគណបក្សនយោបាយមួយ មុនមកចូលរួមជាមួយគណបក្សជាតិខ្មែររបស់លោកសម រង្ស៊ី ក្នុងឆ្នាំ១៩៩។
អតីតតំណាងរាស្ត្ររូបនេះ ធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០០៥ដោយតុលាការយោធាបានកាត់ទោសលោករយៈពេល៧ឆ្នាំ ក្រោមបទចោទលួចបង្កើតកងទ័ពខុសច្បាប់បម្រើឲ្យរដ្ឋាភិបាលស្រមោលរបស់គណបក្សសម រង្ស៊ី។ ប៉ុន្តែលោកត្រូវបានព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសវិញនៅក្នុងឆ្នាំ២០០។ ចាប់តាំងពីនោះមក លោកជាម ច័ន្ទនី បានដើរនយោបាយជាមួយលោកសម រង្ស៊ី រហូតលោកបានក្លាយជាអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មុនត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១។
ក្រោយទទួលមរណភាព សពលោកជាម ច័ន្ទនី ត្រូវបានក្រុមគ្រួសារតម្តល់រយៈពេលបីថ្ងៃនៅគេហដ្ឋានរបស់លោកចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ តុលា ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី និងអនុញ្ញាតឲ្យអ្នកស្រឡាញ់គាំទ្រលោកបានចូលទៅគោរពវិញ្ញាណក្ខន្ធ។ ក្នុងចំណោមអតីតតំណាងរាស្ត្រ មន្ត្រី និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ក៏មានវត្តមានលោកហ៊ុន ម៉ានី កូនប្រុសពៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរដែលបានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជាម ច័ន្ទនី ។ លោកហ៊ុន ម៉ានី និង ក្រុមការងាររបស់លោកបានទៅគោរពវិញ្ញាណក្ខន្ធសពលោកជាម ច័ន្ទនី កាលពីថ្ងៃទី២៦ តុលា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ