សមត្ថកិច្ច៖ចិនគំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុមិនស្ថិតនៅកម្ពុជាឡើយ
ចុះផ្សាយនៅថ្ងៃ៖
នៅទីបំផុតសមត្ថកិច្ចកម្ពុជាបានចេញមកអះអាងព្រមគ្នាថា ជនជាតិចិនមួយក្រុមដែលគំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុ ពួកគេមិនបានស្ថិតនៅទឹកដីប្រទេសកម្ពុជាឡើយ។ នេះជាលទ្ធផលស្រាវជ្រាវបឋមរវាងសមត្ថកិច្ចកម្ពុជានិងចិន ក្រោយពួកគេគម្រាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន។ ចំពោះកម្ពុជាការគំរាមរបស់ក្រុមជនជាតិចិននេះ សមត្ថកិច្ចនៅតែយល់ថា បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់កម្ពុជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះថា ក្រោយរកឃើញជាជំហ៊ានដំបូងថា ក្រុមជនជាតិចិនដែលគំរាមបង្កអសន្តិសុខក្នុងខេត្តព្រះសីហនុ មិនបានស្ថិតក្នុងប្រទេសកម្ពុជា សមត្ថកិច្ចកម្ពុជានិងចិននៅតែបន្តបើកការស្រាវជ្រាវរកមុខជនជាតិជាង១០នាក់នោះ ដើម្បីយកមកផ្ដន្ទាទោសឲ្យស្របទៅតាមច្បាប់របស់ប្រទេសទាំងពីរ។ ដំណាលគ្នានឹងការស៊ើបសង្កេតនេះ អ្នកច្បាប់នៃប្រទេសទាំងពីរកំពុងសិក្សាផ្នែកច្បាប់ដើម្បីធ្វើការចោទប្រកាន់ទៅលើជនសង្គមងងឹតចិននេះ។ ចំពោះកម្ពុជាការគំរាមរបស់ក្រុមជនជាតិនេះ ប្រៀបដូចជាគំរាមកំហែងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់កម្ពុជា ដែលធ្វើឲ្យពលរដ្ឋម្ចាស់ស្រុកមានការភ័យខ្លាច។
តបនឹងសំណួរតើកម្ពុជាចង់ឲ្យមានការដាក់ទោសធ្ងន់ធ្ងរ ទៅលើជនជាតិចិន ដែលគំរាមបង្កអសន្តិសុខនៅកម្ពុជាទេ? អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា មិនធ្ងន់ធ្ងរដល់ការប្រើប្រាស់ទោសប្រហារជីវិតឡើយ គឺកម្ពុជាចង់សមត្ថកិច្ចចិនដាក់ទោសពួកគេឲ្យសាកសមនឹងការគំរាមប៉ុណ្ណោះ។ ក្រៅពីការផ្ដន្ទាទោសពួកគេត្រូវធ្វើការសូមទោសជាផ្លូវការដល់កម្ពុជា។ បើតាមសមត្ថកិច្ចកម្ពុជា ជនជាតិចិនជាងជិត២០នាក់នោះមិនអាចដាក់ជើងជាន់ដីកម្ពុជាបានឡើយ។
ប៉ុន្តែយ៉ាងមិញ មន្ត្រីអង្គការសង្គមស៊ីវិលនិយាយថា ត្រឹមតែការហាមឃាត់មិនឲ្យចូលកម្ពុជាឬធ្វើការសូមទោស ជាវិធានការស្រាលចំពោះជនជាតិចិនទាំងនោះ ដែលហ៊ានដល់ថ្នាក់គំរាមបង្កអសន្តិសុខក្នុងប្រទេសកម្ពុជា។ ដូច្នេះមិនអាចជាការព្រមានដល់ជនជាតិចិនមួយចំនួនទៀតឡើយ ដែលមានចេតនាមិនល្អសម្រាប់ការរស់នៅ នៅកម្ពុជាឡើយ។
សូមបញ្ជាក់ថា តាមរយៈវីដេអូមួយដែលបានចែកចាយកាលចុងសប្ដាហ៍មុន ដែលបកប្រែជាភាសាខ្មែរថាជនជាតិទាំងនោះថា«ពួកគេមកពីខេត្តឆុងឆីង ប្រទេសចិន ហើយទឹកដីកំពង់សោម ខេត្តព្រះសីហនុ ៣ឆ្នាំក្រោយពួកគេចង់ឲ្យវឹកវរគឺវឹកវរ ចង់ឲ្យសុវត្ថិភាពគឺសុវត្ថិភាព»។
ក្រោយរកឃើញជាជំហ៊ានដំបូងថា ក្រុមជនជាតិចិនដែលគំរាមបង្កអសន្តិសុខក្នុងខេត្តព្រះសីហនុ មិនបានស្ថិតក្នុងប្រទេសកម្ពុជា អ្នកនាំពាក្យក្រសួងមហាអំពាវនាវដល់ពលរដ្ឋកុំឲ្យមានភាពភ័យខ្លាចនិងធ្វើដំណើរទៅលេងខេត្តព្រះសីហនុធម្មតា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ