ចិនប្រកាសជំហរជួយដល់កម្ពុជាទប់ទល់នឹងសម្ពាធពីអឺរ៉ុបរឿងEBA
រដ្ឋាភិបាលចិនតាមរយៈក្រសួងការបរទេសបានប្រកាសថា នឹងជួយដល់កម្ពុជាក្នុងការកាត់បន្ថយនូវសម្ពាធពីសហភាពអឺរ៉ុបលើបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA។ ការប្រកាសនេះ ខណៈកម្ពុជាកំពុងប្រឈមមុខនឹងការដកប្រព័ន្ធអនុគ្រោះពន្ធពីអឺរ៉ុបក្រោមហេតុផលរំលោភសិទ្ធិមនុស្ស និងដើរខុសគន្លងលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែចិនមិនបានបង្ហាញឱ្យដឹងច្បាស់ឡើយ ថានឹងជួយកម្ពុជាតាមរបៀបណានោះ។
ចុះផ្សាយនៅថ្ងៃ៖
“ចំពោះករណី EBA ជំហររបស់ចិនគឺនៅជាមួយកម្ពុជាដោយភាគីចិនកំពុងសិក្សាអំពីមធ្យោបាយ ដើម្បីជួយកម្ពុជាកាត់បន្ថយសម្ពាធពីសហភាពអឺរ៉ុប។ នេះ គឺជាការប្រកាសឡើងរបស់លោក Kong Xuanyou អនុរដ្ឋមន្ដ្រីការបរទេសចិននៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងជំនួបមួយកាលពីថ្ងៃទី២១ មីនា។ តាមអនុរដ្ឋមន្ដ្រីការបរទេសចិន គឺ ចិនមានជំហរប្រឆាំងដាច់ខាតចំពោះសហភាពអឺរ៉ុបដែលតែងតែយកបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ធ្វើជាឧបករណ៍នយោបាយ។
ការប្រកាសជំហររបស់ចិននៅពេលនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីតំណាងសហភាពអឺរ៉ុបបានបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ មីនា។ ជាដំណើរទស្សនកិច្ច ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជាពិភាក្សាអំពីដំណើរការនីតិវិធីដកប្រព័ន្ធអនុគ្រោះEBA ពីកម្ពុជា។ កម្ពុជា ដែលកំពុងប្រឈមមុខនឹងបញ្ហានេះ ដោយសារតែរងការចោទប្រកាន់ថា បានបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ក្រោយពីបានរំលាយគណបក្សប្រឆាំង និងចាប់ខ្លួនលោកកឹម សុខា។
ចំពោះដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានេះ រដ្ឋាភិបាលចិនបានបង្ហាញការយល់ឃើញថា សហភាពអឺរ៉ុបមិនមានជំហរឯកភាពគ្នាទាំងស្រុងនោះទេចំពោះរឿងនេះ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ដ្រីការបរទេសចិន ហើយថា ចិននឹងជួយដល់កម្ពុជា។ ប៉ុន្តែលោកមិនបានបង្ហាញឱ្យចំតែម្តងទេ ថាតើចិននឹងជួយដល់កម្ពុជាតាមផ្លូវណានោះ។ តែក្នុងជំនួបជាមួយលោកហោ ណាំហុង លោក Kong Xuanyou និយាយថា ចិននឹងជំរុញឱ្យមានការចាប់ផ្តើមចរចា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»ជាមួយនឹងកម្ពុជា ហើយចិនក៏មានលទ្ធភាពបន្ថែមកូតាឱ្យកម្ពុជាក្នុងការនាំអង្ករចេញទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំផងដែរ។
សម្រាប់រដ្ឋាភិបាលកម្ពុជាវិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហាក់មិនបានបន្ទន់ជំហរទៅកាន់សហភាពអឺរ៉ុបបន្តិចសោះចំពោះរឿងEBA នេះ។ មិនតែប៉ុណ្ណោះ លោកថែមទាំងប្រកាសប្រាប់ទៅក្រុមកម្មករ កម្មរិនីខ្មែរនៅក្នុងសប្តាហ៍នេះថា ប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុបនេះ មិនបានធ្វើឱ្យកម្ពុជាក្លាយជាអ្នកមានបានឡើយ ហើយអត់EBAនេះ ក៏មិនធ្វើឱ្យកម្ពុជាស្លាប់នោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ