បក្សប្រជាធិបតេយ្យមូលដ្ឋានព្រមានមិនចូលរួមការបោះឆ្នោត បើអាជ្ញាធរអនុវត្តមិនស្មើភាពលើខ្លួន
បក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា ខ្លួននឹងមិនចូលរួមការបោះឆ្នោតជាតិខាងមុខនេះទេ ប្រសិនបើអាជ្ញាធរមូលដ្ឋានមិនបញ្ឈប់ការបង្កការលំបាកដល់ខ្លួនក្នុងការធ្វើសកម្មភាពផ្សេង។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីស្លាកគណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រួវបានបំផ្លាញ និងមានការលំបាកក្នុងការដំឡើងស្លាកគណបក្ស។ បក្សប្រជាធិបតេយ្យមូលដ្ឋាននឹងដាក់ពាក្យដាក់ប្តឹងទៅក្រសួងមហាផ្ទៃនៅក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហាខាងលើ។
ចុះផ្សាយនៅថ្ងៃ៖
មានព្រឹត្តិការណ៍សំខាន់ៗចំនួនពីរបានកើតឡើងដែលនាំឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានរារែកក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ ព្រឹត្តិការណ៍ទីមួយគឺកើតឡើងក្នុងខេត្តបាត់ដំបងដោយស្លាកគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយត្រូវបានគេដកចេញដោយមិនជូនដំណឹងមកសាម៉ីគណបក្ស ។ នេះបើតាមការអះអាងរបស់លោកសាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយលោកបន្ថែមទៀតថា ស្លាកនោះ គឺនៅក្បែរស្លាករំឭកខួប ៧ មករារបស់គណបក្សប្រជាជនកម្ពុជា។
ចំណែកព្រឹត្តិការណ៍ទីពីរ គឺកើតឡើងនៅក្នុងរាជធានីភ្នំពេញនេះតែម្តង។ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានការលំបាកក្នុងស្នើអាជ្ញាធរ ដើម្បីសុំដំឡើងស្លាកសញ្ញាគណបក្ស។ ត្រង់ចំណុចនេះ លោកសាម អ៊ីន បានប្រាប់ថា គណបក្សរបស់លោកបានស្នើដំឡើងស្លាកគណបក្សទៅកាន់សាលាសង្កាត់ ប៉ុន្តែគេរុញឲ្យទៅកាន់សាលាខណ្ឌវិញ ហើយខណ្ឌនោះទៀតសោតក៏រុញឲ្យទៅកាន់សាលាក្រុងថែមទៀត។ ប៉ុន្តែចុងក្រោយ គឺខាងក្រុងបញ្ជាក់ថា គេត្រូវការពិភាក្សាជាមួយខាងខណ្ឌសិនមុនសម្រេចយ៉ាងណានោះ។ ទង្វើនេះ លោកសាម អ៊ីនចាត់ទុកថាមានចេតនាបង្កការលំបាកដល់គណបក្សប្រជាធិបតេយ្យ។
ប៉ុន្តែដើម្បីដោះស្រាយបញ្ហាទាំងនេះ ជាបឋមគណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងស្វែងរកការអន្តរាគមន៍ពីក្រសួងមហាផ្ទៃ។ លោកសាម អ៊ីន បានបង្ហើបថានៅក្នុងសប្តាហ៍នេះ គណបក្សនឹងដាក់ពាក្យប្តឹងទៅកាន់ក្រសួងមានសមត្ថកិច្ចនេះ ដើម្បីឲ្យជួយដោះស្រាយ។ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយទេចំពោះរឿងនេះ។ យ៉ាងណាក៏ដោយ លោកសាម អ៊ីន បានព្រមានជាមុនហើយថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយបញ្ហាទាំងនេះទេ នោះគណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងពិចារណាថាតើត្រូវចូលរួមឬក៏មិនចូលរួមនៅក្នុងការបោះឆ្នោតជាតិ។
សូមបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាគណបក្សនយោបាយថ្មីមួយដែលបានបង្កើតឡើងកាលពីឆ្នាំ២០១។ គណបក្សនេះ ក៏បានចូលរួមការបោះឆ្នោតឃុំ សង្កាត់កាលពីឆ្នាំ២០១៧ផងដែរ។ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេសក៏ត្រូវរលាយខ្លួនដែរនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះបានបដិសេធមិនទទួលអាសនៈណាមួយរបស់អតីតគណបក្សប្រឆាំងឡើយ។
ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨នេះវិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋានធ្លាប់អះអាងថា នឹងចូលរួម ប៉ុន្តែការចូលរួមនោះអាចធ្វើទៅបាន ល្គឹកណាមានការធានាផ្តល់សេរីភាពក្នុងការធ្វើសកម្មភាពដល់ខ្លួនដូចជាត្រូវមានតម្លាភាពលើការលើកស្លាកសញ្ញាគណបក្ស និងការផ្តល់សេរីភាពឲ្យមានការជួបជុំជាមួយអ្នកអ្នកគាំទ្រ និងសកម្មជននៅមូលដ្ឋានដោយគ្មានការគំរាម និងរារាំងជាដើម។ នេះបើតាមការគូសបញ្ជាក់របស់លោកសាម អ៊ីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ